កងទ័ពថៃបានចោទប្រកាន់កម្ពុជាបា.ញ់កាំភ្លើ.ងត្បាល់ចូលដីថៃនៅតំបន់មុំ៣ ត្រង់ភ្នំ៤៦៩ ខេត្តឧប៊ុនរ៉ាជថានី នៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ បណ្តាលឱ្យកងទ័ពថៃម្នាក់រងរបួស ។ ក្រោយកើតហេតុ មេបញ្ជាការកងទ័ពភូមិភាគទី២ថៃ បានបញ្ជាឱ្យត្រួតពិនិត្យការពិតជាបន្ទាន់ និងចោទប្រកាន់កម្ពុជាល្មើសបទឈប់បា.ញ់ ។ ការចោទប្រកាន់នេះ ស្របពេលកងទ័ពថៃបាននិងកំពុងតម្រៀបទូរកុងតឺន័រ និងរាយបន្លាលួសព័ទ្ធយកទឹកដីកម្ពុជានៅព្រំដែនដោយខុសច្បាប់ បន្ទាប់ពីប្រទេសទាំងពីរអនុវត្តបទឈប់បា.ញ់ ។
នាវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី៦ ខែមករា កងទ័ពភូមិភាគទី២ថៃ ចោទប្រកាន់ថា កម្ពុជាបានបាញ់កាំភ្លើងត្បាល់ចូលក្នុងទីតាំងកងទ័ពថៃនៅតំបន់មុំ៣ ត្រង់ភ្នំ៤៦៩ ខេត្តឧប៊ុនរ៉ាជថានី ។ ហេតុការណ៍នេះបណ្តាលឱ្យកងទ័ពថៃម្នាក់រងរបួសដៃស្តាំ និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ប៉ុន្តែកងទ័ពរូបនេះមិនគ្រោះថ្នាក់ដល់បាត់បង់ជីវិតទេ ។
មេបញ្ជាការកងទ័ពភូមិភាគទី២ លោក វីរៈយុទ្ធ រ៉ាក់ស៊ីន និយាយថា បានបញ្ជាឱ្យត្រួតពិនិត្យការពិតជាបន្ទាន់ ព្រមទាំងឱ្យស្ថាប័នពាក់ព័ន្ធតាមដានស្ថានការណ៍ និងថែទាំសុវត្ថិភាពក្នុងតំបន់យ៉ាងដិតដល់ ។ ប្រសិនបើមានព័ត៌មានបន្ថែមទៀត លោកនឹងជូនដំណឹងតាមក្រោយ ។
ចំណែកលោក វិនឆ័យ ស៊ុវ៉ារី អ្នកនាំពាក្យកងទ័ពជើងគោកថៃថា កងទ័ពថៃបានត្រៀមខ្លួន និងមានផែនការទប់ទល់គ្រប់ស្ថានការណ៍ដែលកើតឡើងដើម្បីការពារអធិបតេយ្យ និងការពារសុវត្ថិភាព ទ្រព្យសម្បត្តិពលរដ្ឋនៅព្រំដែនជាប់កម្ពុជាយ៉ាងដិតដល់ ។ ស្ថានការណ៍បច្ចុប្បន្នមិនគួរឱ្យបារម្ភទេ និងមិនប្រទះឃើញកម្ពុជាបង្កើនអាវុធនៅតំបន់ផ្សេង ប៉ុន្តែកងទ័ពថៃសូមដាស់តឿនឱ្យកម្ពុជាគោរពបទឈប់បាញ់ បើមានហេតុការណ៍បែបនេះទៀត កងទ័ពថៃនឹងធ្វើប្រតិបត្តិការភ្លាមៗ ។
គួរបញ្ជាក់ថា នាវេលាម៉ោងជាង១០ព្រឹកថ្ងៃទី៦ ខែមករា នៅវិមានរដ្ឋាភិបាល លោក Anutin Charnvirakul នាយករដ្ឋមន្ត្រីចាំផ្ទះ, លោក Sihasak Phuangketkeow រដ្ឋមន្ត្រីក្រសួងការបរទេស, លោក Natthaphon Narkphanit រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលេខាធិការក្រុមប្រឹក្សាសន្តិជាតិ បានប្រកាសពីស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ បន្ទាប់ពីកងទ័ពថៃចោទប្រកាន់កម្ពុជាបាញ់កាំភ្លើងចូលដីថៃបណ្តាលឱ្យកងទ័ពរងរបួសម្នាក់ ថារដ្ឋាភិបាលដឹងពីហេតុការណ៍នេះ ហើយស្ថាប័នពាក់ព័ន្ធកំពុងចាត់វិធានការតាមការកំណត់ ។
នៅថ្ងៃដដែល កងទ័ពថៃបានដាក់លិខិតតវ៉ាទៅកម្ពុជាឱ្យបកស្រាយពីហេតុការណ៍ដែលកើតឡើង រួចហើយ ថៃនឹងពិចារណាចាត់វិធានការវិញ ។ រីឯក្រសួងការបរទេសថៃបានផ្ញើលិខិតតវ៉ាទៅកាន់ក្រសួងការបរទេសកម្ពុជា ដោយចោទប្រកាន់កម្ពុជាល្មើសបទឈប់បាញ់ ។
លោក Anutin បានចោទប្រកាន់កម្ពុជាបាញ់កាំភ្លើងចូលដីថៃ ហើយទាមទារឱ្យកម្ពុជាទទួលខុសត្រូវ ដោយលោកថា ពេលនេះ កងទ័ពថៃកំពុងពិចារណាចាត់វិធានការវិញ ។ ប្រទេសថៃអនុវត្តតាមកិច្ចព្រមព្រៀង ប៉ុន្តែប្រសិនបើចាំបាច់ កងទ័ពថៃនឹងចាត់ការវិញចំពោះហេតុការណ៍ដែលកើតឡើង ។ ថៃបានត្រៀមខ្លួនគ្រប់ផ្នែក មិនថាត្រៀមកម្លាំងទ័ព និងទំនាក់ទំនងការបរទេស ។
ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានដែលសួរថា តើកងទ័ពថៃនឹងបើកការវាយប្រហារកម្ពុជា ជាលើកទី៣ ដែរឬទេ? លោក Anutin ថា នៅថ្ងៃទី៦នេះ នឹងមានកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ព្រមទាំងតាមដានស្ថានការណ៍ ប្រសិនបើទទួលបានព័ត៌មានលម្អិតនឹងប្រញាប់យកមកពិចារណា ។
យោងតាមក្រសួងការពារជាតិកម្ពុជា នាវេលាម៉ោង៧និង២៧នាទីព្រឹក ថ្ងៃទី៦ ខែមករា ក្នុងភូមិសាស្ត្រមុំបី ខេត្តព្រះវិហារ កងកម្លាំងកម្ពុជាបានធ្វើការរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយ នៅមូលដ្ឋានឈរជើងរបស់ខ្លួនក្នុងដែនអធិបតេយ្យរបស់កម្ពុជា ស្របជាមួយគ្នានោះ ក៏មានការផ្ទុះគ្រាប់ចេញពីគំនរសំរាម បណ្តាលឱ្យកងកម្លាំងកម្ពុជាដែលកំពុងបំពេញការងារនៅទីនោះរងរបួសធ្ងន់និងស្រាល ចំនួន២នាក់ ។ បច្ចុប្បន្ន អ្នកដែលរងរបួស ដោយសារឧបទ្ទវហេតុនេះបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរួចហើយ ។
ក្រុមការងារសម្របសម្រួលរវាងភាគីកម្ពុជា-ថៃបាននិងកំពុងធ្វើការរួមគ្នាក្នុងករណីខាងលើនេះ ។ ក្រុមទំនាក់ទំនងនៃប្រទេសទាំងពីរបានសាកសួរ និងផ្តល់ព័ត៌មាន ដើម្បីដោះស្រាយជាមួយគ្នារួចហើយអំពីបញ្ហានេះ ៕










