ប្រទេសមីយ៉ាន់ម៉ា ៖ ពលរដ្ឋមីយ៉ាន់ម៉ារាប់ពាន់នាក់បានចូលបញ្ចេញមតិក្នុងបណ្តាញសង្គម បន្ទាប់ពីស្ថានទូតអាមេរិកនៅទីក្រុងយាំងហ្គន ចេញសេចក្តីថ្លែងការណ៍នៅថ្ងៃបុណ្យឯករាជ្យប្រទេសមីយ៉ាន់ម៉ា ដោយពលរដ្ឋមីយ៉ាន់ម៉ាបានអំពាវនាវឱ្យរដ្ឋាភិបាលអាមេរិករបស់លោកប្រធានាធិបតី Donald Trump ចា.ប់ខ្លួនមេដឹកនាំផ្តា.ច់ការ លោក Min Aung Hlaing ទៅកាត់ទោ.សដូចការចាប់លោក Nicolas Maduro មេដឹកនាំវេណេស៊ុយអេឡា ។
នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២៦ ហ្វេសប៊ុកផេកស្ថានទូតអាមេរិកនៅទីក្រុងយាំងហ្គន ប្រទេសមីយ៉ាន់ម៉ា បានចេញសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសអាមេរិកក្នុងថ្ងៃឯករាជ្យមីយ៉ាន់ម៉ា ត្រូវនឹងថ្ងៃទី៤ ខែមករា ។ ក្នុងសេចក្តីថ្លែងការណ៍នេះ លោក Marco Rubio រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកបង្ហាញក្តីបារម្ភយ៉ាងខ្លាំងចំពោះវិបត្តិនៅមីយ៉ាន់ម៉ា ដោយលោកបញ្ជាក់ថា អាមេរិកឈរខាងពលរដ្ឋមីយ៉ាន់ម៉ា និងអំពាវនាវឱ្យកងទ័ពមីយ៉ាន់ម៉ាឈប់ប្រើប្រាស់អំពើហិង្សា, បើកផ្លូវដល់ជំនួយមនុស្សធម៌, ដោះលែងអ្នកទោសដែលរងការចោទប្រកាន់យ៉ាងអយុត្តិធម៌ និងចរចាបញ្ចប់វិបត្តិដោយសន្តិវិធី ។
បន្ទាប់ពីហ្វេសប៊ុកផេកស្ថានទូតអាមេរិកនៅទីក្រុងយាំងហ្គនចេញសេចក្តីថ្លែងការណ៍ ពលរដ្ឋមីយ៉ាន់ម៉ាទាំងក្នុងនិងក្រៅប្រទេសបានចូលមកបញ្ចេញមតិជាច្រើន ក្នុងនោះមតិភាគច្រើនថា អាមេរិកបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មិនគ្រប់គ្រាន់ និងអំពាវនាវឱ្យរដ្ឋាភិបាលអាមេរិកចាប់មេដឹកនាំផ្តាច់ការមីយ៉ាន់ម៉ា លោក Min Aung Hlaing ទៅកាត់ទោសនៅអាមេរិក ដូចមេដឹកនាំវេណេស៊ុយអេឡា ។ ពលរដ្ឋមីយ៉ាន់ម៉ាជាច្រើននិយាយពីកងទ័ពអាមេរិកវាយប្រហារទីក្រុង Caracas ប្រទេសវេណេស៊ុយអេឡា កាលពីថ្ងៃទី៣ ខែមករា និងចាប់លោកប្រធានាធិបតី Nicolas Maduro រួមទាំងភរិយា បញ្ជូនទៅកាត់ទោសនៅទីក្រុងញូវយ៉ក ។
ក្នុងរយៈពេលដ៏ខ្លីក្រោយពីហ្វេសប៊ុកផេកស្ថានទូតអាមេរិកនៅទីក្រុងយាំងហ្គនផ្សព្វផ្សាយសេចក្តីថ្លែងការណ៍ពីឯករាជ្យមីយ៉ាន់ម៉ា គឺមានពលរដ្ឋមីយ៉ាន់ម៉ាចូលបញ្ចេញមតិរហូតដល់ជាង៤,៧០០នាក់ ក្នុងនោះអ្នកបញ្ចេញមតិប្រមាណ៩០% អំពាវនាវឱ្យអាមេរិកចាត់វិធានការតឹងរ៉ឹងជាមួយរដ្ឋាភិបាលមីយ៉ាន់ម៉ា ដូចគ្នានឹងអាមេរិកចាត់វិធានការជាមួយរដ្ឋាភិបាលវេណេស៊ុយអេឡា ។
ពលរដ្ឋមីយ៉ាន់ម៉ាបានអរគុណអាមេរិកដែលឈរនៅខាងពួកគេ ប៉ុន្តែរដ្ឋាភិបាលកងទ័ពមីយ៉ាន់ម៉ាមិនស្តាប់ពលរដ្ឋទេ ខណៈពលរដ្ឋមីយ៉ាន់ម៉ាផ្សេងទៀតថា សូមអាមេរិកចាប់លោក Min Aung Hlaing ជាមេក្រុមលក់ថ្នាំញៀន និងមេ Scammer ផង ។ រីឯពលរដ្ឋមីយ៉ាន់ម៉ាជាច្រើនទៀតថា ថ្ងៃឯករាជ្យមីយ៉ាន់ម៉ាគ្មានន័យឡើយ ប្រសិនបើប្រទេសនៅតែស្ថិតក្រោមការដឹកនាំផ្តាច់ការរបស់កងទ័ព ដែលបានចាប់ខ្លួន សម្លាប់ពលរដ្ឋ និងសង្កត់សង្កិនជាបន្តបន្ទាប់ ។
បើតាមអ្នកវិភាគ ការអំពាវនាវឱ្យអាមេរិកចាប់ខ្លួនមេដឹកនាំផ្តាច់ការមីយ៉ាន់ម៉ា គឺឆ្លុះបញ្ចាំងពីការអាក់អន់ចិត្តយ៉ាងខ្លាំងរបស់ពលរដ្ឋមីយ៉ាន់ម៉ា ហើយបណ្តាញសង្គមបានក្លាយជាវិធីចុងក្រោយក្នុងការអំពាវនាវឱ្យអន្តរជាតិជួយការពារពួកគេ ខណៈមតិខ្លះថា អាមេរិកពិបាកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងមីយ៉ាន់ម៉ា ដោយសារដែនកំណត់ច្បាប់អន្តរជាតិ និងភូមិសាស្ត្រនយោបាយ ៕










