ប្រទេសម៉ាឡេស៊ី ៖ នៅឆ្នាំ២០២៦ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានប្រកាសពីការអនុវត្តច្បាប់កំណត់អាណត្តិនាយករដ្ឋមន្ត្រីមិនអាចកាន់តំណែងលើសពី១០ឆ្នាំ (ឬកាន់តំណែងត្រឹមតែ២អាណត្តិ) ដើម្បីទប់ស្កាត់ការបន្តអំណាច ដែលជាការអនុវត្តតាមការសន្យារបស់លោកក្នុងពេលរកសំឡេងឆ្នោតកន្លងមក ។ លើសពីនេះ ម៉ាឡេស៊ីនឹងអនុវត្តច្បាប់សេរីភាពព័ត៌មាន រួមទាំងប្រយុ.ទ្ធប្រឆាំងនឹងអំពើពុករលួយ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ។
លោក Anwar ធ្វើកំណែទម្រង់នយោបាយដ៏សំខាន់នៅប្រទេសម៉ាឡេស៊ី ដោយប្រកាសថា រដ្ឋាភិបាលរបស់លោកមានគម្រោងបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅកាន់កិច្ចប្រជុំរដ្ឋសភានៅដើមឆ្នាំ២០២៦ ដើម្បីកំណត់អាណត្តិនាយករដ្ឋមន្ត្រីមិនអាចកាន់តំណែងលើសពី១០ឆ្នាំ ឬកាន់តំណែងយូរបំផុតត្រឹមតែ២អាណត្តិប៉ុណ្ណោះ ។
ពេលថ្លែងសុន្ទរកថាទៅកាន់មន្ត្រីរាជការក្រោយបញ្ចប់កិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោក Anwar បានបញ្ជាក់អំពីសារៈសំខាន់សម្រាប់មេដឹកនាំប្រទេសមិនផ្តោតលើការកាន់អំណាចថា មនុស្សគ្រប់រូបមានបន្ទុករបស់ខ្លួន ហើយពេលមេដឹកនាំកាន់អំណាចតាមពេលកំណត់ហើយ នឹងត្រូវផ្ទេរអំណាចរបស់ខ្លួនទៅឱ្យមនុស្សជំនាន់ក្រោយដឹកនាំប្រទេសបន្ត ។
បច្ចុប្បន្ន ម៉ាឡេស៊ីគ្មានច្បាប់កំណត់អាណត្តិនាយករដ្ឋមន្ត្រីទេ កាលពីមុន លោក Mahathir Mohamad ធ្លាប់កាន់តំណែងជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីយូរបំផុតរហូតដល់រយៈពេល២២ឆ្នាំ ។ លោកបានឡើងកាន់តំណែងម្តងទៀតនៅឆ្នាំ២០១៨ ពេលអាយុ៩២ឆ្នាំ ដែលធ្វើឱ្យលោកក្លាយជានាយករដ្ឋមន្ត្រីមានអាយុច្រើនបំផុតលើពិភពលោកនាពេលនោះ ។
ក្រៅពីការកំណត់អាណត្តិនាយករដ្ឋមន្ត្រី លោក Anwar បានប្រកាសពីវិធានការកំណែទម្រង់សំខាន់ៗចំនួន២ទៀតពាក់ព័ន្ធនឹងតម្លាភាព រួមមាន ៖ ១-សេចក្តីព្រាងច្បាប់ស្តីពីសេរីភាពព័ត៌មានដើម្បីឱ្យពលរដ្ឋទទួលបានព័ត៌មានពីរដ្ឋាភិបាលច្រើនជាងមុន និង២-បង្កើតការិយាល័យកិច្ចការពលរដ្ឋសម្រាប់ជាយន្តការបង្កើនការត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ។ លោក Anwar សង្កត់ធ្ងន់ថា គ្មានការលើកលែងសូម្បីតែនាយករដ្ឋមន្ត្រី ពលរដ្ឋគ្រប់រូបត្រូវទទួលខុសត្រូវ និងត្រៀមខ្លួនទទួលការត្រួតពិនិត្យ ។
កំណែទម្រង់នយោបាយនេះ ស្របពេលមានក្តីបារម្ភពីការជ្រៀតជ្រែកនយោបាយក្នុងកិច្ចការតុលាការ ដែលកន្លងមក តុលាការត្រូវបានចោទសួរពីឯករាជ្យជាញឹកញាប់ ដោយសារនាយករដ្ឋមន្ត្រីជាអ្នកជ្រើសរើសតុលាការ ។ ម៉ាឡេស៊ីសង្ឃឹមថា សេចក្តីព្រាងច្បាប់កំណត់អាណត្តិនាយករដ្ឋមន្ត្រីនឹងត្រូវបញ្ចូលក្នុងរបៀបវារៈកិច្ចប្រជុំសភាលើកដំបូងចាប់ផ្តើមនៅខែមករា ឆ្នាំ២០២៦ ហើយនេះជាការធ្វើតាមការសន្យារបស់លោក Anwar ជាមួយពលរដ្ឋពេលរកសំឡេងឆ្នោតកាលពីឆ្នាំ២០២២ ៕










