មជ្ឈមណ្ឌលរាយការណ៍ព័ត៌មានព្រំដែនកម្ពុជា-ថៃបានលើកឡើងពីការដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូបត្រឡប់មកប្រទេសកម្ពុជាវិញកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ មិនមែនជាការចុះចាញ់ការទូត ឬរងសម្ពាធពីប្រទេសណាទេ ប៉ុន្តែជាជ័យជម្នះរួមគ្នារវាងកម្ពុជា-ថៃ ដើម្បីកាត់បន្ថយភាពតានតឹង និងមិនមែនជាលក្ខខណ្ឌពិសេស ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន PPTV HD កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ។
មជ្ឈមណ្ឌលនេះបញ្ជាក់ថា ការដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូបនេះ អនុវត្តតាមក្របខ័ណ្ឌដែលភាគីទាំងពីរបានឯកភាពគ្នាក្នុងយន្តការផ្លូវការ និងប្រកាន់នូវគោលការណ៍មនុស្សធម៌ជាសកល ដើម្បីកាត់បន្ថយស្ថានការណ៍តានតឹងនៅតាមព្រំដែនកម្ពុជា-ថៃ ។ ការដោះលែងវីរកងទ័ពកម្ពុជា គឺមិនធ្វើតាមទាមទាររបស់ប្រទេសណាមួយ ប៉ុន្តែជាការអនុវត្តតាមការសន្យាដើម្បីកាត់បន្ថយភាពតានតឹង និងបញ្ឈប់ការប្រឈមមុខ ។
ភាគីថៃចាត់ទុកការដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូប គឺជាជ័យជម្នះរួមគ្នារវាងកម្ពុជា-ថៃ មិនមែនជាការឈ្នះ-ចាញ់ផ្នែកការទូត ។ ថៃស្នើឱ្យភាគីទាំងអស់កាត់បន្ថយជម្លោះ បង្កើតបរិយាកាសអំណោយផលដល់សន្តិភាព និងសុវត្ថិភាពពលរដ្ឋប្រទេសទាំងពីរ ។ រីឯការសង្ស័យថា ការដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូប គឺជាការដោះដូរ ឬមានលក្ខខណ្ឌអាថ៌កំបាំងនោះ មជ្ឈមណ្ឌលរាយការណ៍ព័ត៌មានព្រំដែនកម្ពុជា-ថៃសូមបញ្ជាក់ថា ការដោះលែងស្របតាមការព្រមព្រៀងកាត់បន្ថយភាពតានតឹង គ្មានលក្ខខណ្ឌពិសេស ប៉ុន្តែជាការផ្តល់សុវត្ថិភាពដល់ពលរដ្ឋ និងទំនុកចិត្តទៅវិញទៅមក ។
ក្នុងអំឡុងពេលឃុំខ្លួនវីរកងទ័ពកម្ពុជាទាំងអស់ ថៃបានអនុវត្តតាមគោលការណ៍មនុស្សធម៌ វិធានការសកល សេចក្តីថ្លៃថ្នូររបស់មនុស្ស និងសុវត្ថិភាពវីរកងទ័ពកម្ពុជា ហើយការឃុំខ្លួនរយៈពេលយូរ ដោយសារថៃមិនអាចដោះលែងក្នុងអំឡុងពេលស្ថានការណ៍មិនទាន់ស្ងប់ ។ ថៃនៅតែបន្តកិច្ចខិតខំប្រឹងប្រែងការទូតតាមរយៈយន្តការព្រមព្រៀងគ្នា និងផ្តល់សុវត្ថិភាព ដោយផ្តោតសំខាន់បំផុតលើការការពារពលរដ្ឋតាមបណ្តោយព្រំដែន ។
គួរបញ្ជាក់ថា ថៃបានដោះលែងវីរកងទ័ពកម្ពុជាទាំង១៨រូបកាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ នៅច្រកព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន ក្រោមការទទួលស្វាគមន៍ពីសំណាក់លោកជំទាវ បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បន្ទាប់ពីថៃគ្រប់គ្រងអស់រយៈពេល១៥៥ថ្ងៃ ។ វីរកងទ័ពកម្ពុជា ចំនួន២០រូប ត្រូវបានកងទ័ពថៃចាប់ខ្លួន និងគ្រប់គ្រងនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ បន្ទាប់ពីបទឈប់បា.ញ់ចូលជាធរមាន បន្ទាប់មក ថៃក៏ប្រគល់វីរកងទ័ព ចំនួន២រូប ឱ្យកម្ពុជាវិញកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ ។
តាំងពីការចាប់ខ្លួន និងគ្រប់គ្រងវីរកងទ័ពកម្ពុជា រាជរដ្ឋាភិបាលកម្ពុជាបានធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរ ដោយប្រើប្រាស់គ្រប់មធ្យោបាយ និងយន្តការដោះស្រាយទាំងអស់ដើម្បីទាមទារឱ្យថៃដោះលែងវីរកងទ័ពទាំង១៨រូបឆាប់រហ័សបំផុត និងសុវត្ថិភាព ។ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការពារជាតិ ចាត់ទុកការដោះលែង និងបញ្ជូនវីរកងទ័ពកម្ពុជាត្រឡប់មកប្រទេសកំណើតនាពេលនេះថា ជាការស្តារសន្តិភាព និងទំនុកចិត្តគ្នាឡើងវិញរវាងកម្ពុជា-ថៃ ។
បើតាមឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ការដោះលែងវីរកងទ័ពកម្ពុជាពេលនេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងទំនុកចិត្តឡើងវិញរវាងកម្ពុជា-ថៃ ក្នុងនោះមានទាំងការបង្កើតបរិយាកាសអំណោយផលដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការអភិវឌ្ឍ និងវិលត្រឡប់ទៅរកប្រក្រតីភាពនៃទំនាក់ទំនងកម្ពុជា-ថៃឡើងវិញនាពេលឆាប់ៗ ៕










