នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ មហាគ្រួសារខ្មែរទទួលបានកាដូរដ៏ពិសេសបំផុតដែលវីរកងទ័ពទាំង១៨រូបបានវិលត្រឡប់មាតុប្រទេសវិញប្រកបដោយសុខសុវត្ថិភាពក្រោមការស្វាគមន៍យ៉ាងកក់ក្តៅ។ រូបភាពមួយសន្លឹកដែលវីរកងទ័ពស្ថិតនៅក្នុងរថយន្តនិងពលរដ្ឋនៅខាងក្រៅដោយប៉ះដៃគ្នាខណ្ឌចែកដោយកញ្ចក់ជំរុញឱ្យអ្នកបង្កើតមាតិកា ជន រតនៈ ផ្តល់ខ្លឹមសារដ៏មានអត្ថន័យ។
.png)
លោកបានសរសេរនៅលើបណ្តាញសង្គមហ្វេកប៊ុកថា «ទោះបីជាមានរបាំងកញ្ចក់ដ៏ក្រាស់ឃ្មឹកខណ្ឌចែករូបកាយមិនឱ្យប៉ះគ្នាបានមែនពិត ប៉ុន្តែវាមិនអាចមករារាំងចរន្តនៃបេះដូង និងសាច់ឈាមដែលកំពុងតែស្រែកហៅរកគ្នាដោយក្ដីនឹករលឹកនោះឡើយ។ រូបភាពបាតដៃដែលផ្អឹបជាប់នឹងកញ្ចក់ពីខាងក្នុងនិងខាងក្រៅនេះ គឺជាសក្ខីភាពនៃសេចក្ដីស្រឡាញ់ដ៏អស្ចារ្យដែលមិនត្រូវការសម្ដីវាចារូសរាយច្រើន តែវាបានបង្ហាញយ៉ាងច្បាស់នូវអត្ថន័យនៃពាក្យថា «ឈាមស្រែករកឈាម»។
អ្នកបង្កើតមាតិការូបនេះលើកឡើងទៀតថា «ក្នុងដង្ហើមដ៏អន្ទះសារនៃការវិលត្រឡប់របស់បងប្អូនទាហានទាំង ១៨ រូបនេះ គ្រប់ការប៉ះទង្គិចតាមរយៈកញ្ចក់រថយន្ត គឺជាការបញ្ជូនកម្ដៅចិត្តដ៏កក់ក្ដៅបំផុតដែលស៊ូទ្រាំរង់ចាំអស់កាលយ៉ាងយូរ។ ទឹកភ្នែកដែលហូរមកដោយមិនដឹងខ្លួន និងស្នាមញញឹមលាយឡំនឹងការអួលដើមកនេះ បានប្រាប់យើងថា គ្មានអ្វីមានតម្លៃជាងការបានវិលត្រឡប់មកជួបជុំសាច់ឈាមលើទឹកដីកំណើតវិញនោះទេ ព្រោះទោះបីស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក៏បេះដូងខ្មែរនៅតែផ្សារភ្ជាប់គ្នាជានិច្ច មិនថាមានអ្វីមកខណ្ឌចែកឡើយ»។.jpg)
គួរបញ្ជាក់ផងដែរថា បន្ទាប់រង់ចាំអស់រយៈពេល១៥៥ថ្ងៃវីរកងទ័ពកម្ពុជាទាំង ១៨នាក់ ត្រូវបានបញ្ជូនមកដល់ប្រទេសកម្ពុជាហើយ នៅច្រកព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន នាព្រឹកថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៥នេះ៕










