អាចសាកល្បងនៅយប់នេះបាន ថាមិនត្រូវអាចទទួលបានផលពិតៗ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មាននិន្នាការសប្បាយៗមួយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលមនុស្សរាប់លាននាក់នៅជុំវិញពិភពលោកជឿថា «ការពួនញ៉ាំផ្លែទំពាំងបាយជូរចំនួន១២គ្រាប់នៅខាងក្រោមតុ នៅចន្លោះម៉ោង ១២:០០នាទីនៅយប់ឆ្លងឆ្នាំ» នឹងជួយនាំមកនូវលាភសំណាងដល់យើងរយៈពេលពេញមួយឆ្នាំ។
.jpg)
តើវាជាការពិតឬមួយយ៉ាងណា? វាមានអត្ថន័យដូចម្ដេច? ហើយតើវប្បធម៌នេះមានប្រភពមកពីណា?
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The India Time កាលពីពេលថ្មីៗនេះ ប្រពៃណីឆ្នាំថ្មីក្នុងការញ៉ាំទំពាំងបាយជូរចំនួន ១២គ្រាប់នៅក្រោមតុក្នុងអំឡុងពេលឆ្លងនេះ មានដើមកំណើតដំបូងនៅចុងទសវត្សរ៍ឆ្នាំ 1800 ពីទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ ដែលទំពាំងបាយជូរមួយគ្រាប់តំណាងឲ្យ១ខែនៅក្នុងឆ្នាំថ្មី។ ប្រពៃណីនេះបានណែនាំថា ការញ៉ាំទំពាំងបាយជូរមួយផ្លែៗ នៅពេលលឺសំឡេងនាឡិការោទ៍ម្ដងនៅម៉ោង ១២យប់ នឹងនាំមកនូវសុភមង្គល និងសំណាងល្អពេញមួយឆ្នាំ។
ក្រោយមកនៅពេលមានការផ្លាស់ប្តូរនាសម័យទំនើប ការអនុវត្តវិធីសាស្រ្តនេះត្រូវបានគេធ្វើបន្ថែមនៅខាងក្រោមតុ ដែលជាការបន្ថែមថ្មីរបស់មនុស្សនៅលើប្រព័ន្ធអ៊ិនធើណេតតាមរបៀបលេងសើច ប៉ុន្តែជារឿយៗត្រូវគេជឿថា ការលាក់ខ្លួននៅពីក្រោមតុនៅពេលញ៉ាំទំពាំងបាយជូរ នឹងបង្កើនលទ្ធភាពក្នុងការសម្រេចបំណងប្រាថ្នា ជាពិសេសសម្រាប់ស្នេហា ការស្វែងរកដៃគូ ឬការពង្រឹងទំនាក់ទំនង និងមុខរបរការងារ ឲ្យទទួលបានភាពល្អប្រសើសម្រាប់ឆ្នាំខាងមុខ។.jpg)
ខណៈពេលដែលមិនមានភស្តុតាងបែបវិទ្យាសាស្ត្រមកបញ្ជាក់ថា ទំពាំងបាយជូរអាចផ្លាស់ប្តូរវាសនារបស់មនុស្សណាម្នាក់បាន ប៉ុន្តែមនុស្សជាច្រើនបានអះអាងថា ពួកគេពិតទទួលបានរឿងល្អៗនៅក្នុងជីវិតសម្រាប់ឆ្នាំថ្មីពិតប្រាកដមែនបន្ទាប់ពីអនុវត្តតាមវិធីសាស្រ្តនេះ។ 
មិនថាត្រូវវាជារឿងដែលត្រូវបានគេយកចិត្តទុកដាក់ ឬធ្វើសម្រាប់តែការសើចនោះទេ ការញ៉ាំទំពាំងបាយជូរ ១២ ផ្លែនៅក្រោមតុនៅម៉ោង១២យប់ បានក្លាយជានិមិត្តរូបនៃការស្វាគមន៍ឆ្នាំថ្មីដ៏សប្បាយរីករាយមួយជាមួយនឹងថាមពលវិជ្ជមាន និងស្នាមញញឹម។ បន្ថែមលើនេះ ការអនុវត្តវិធីសាស្រ្តនេះនឹងមិនផ្ដល់ផលប៉ះពាល់ ឬគ្រោះថ្នាក់អ្វីមកដល់យើងនោះទេ ដូច្នេះខ្លាចអីបើគ្រាន់តែសាកល្បងធ្វើវាលេងៗ ថាមិនត្រូវអាចនាំមកនូវផលពិតៗដល់យើងក៏ថាបាន៕










