កម្មវិធី Sabaidee Fest ដែលតារាចម្រៀង វណ្ណដា និង វណ្ណថាន ធ្លាប់ចូលរួមសម្តែងនៅឯសហរដ្ឋអាម៉េរិកចំនួន២ដង បានចេញសេចក្តីថ្លែងការផ្លូវការមួយទាក់ទងនឹងតារាចម្រៀងឡាវ Big Yai ដែលធ្លាប់សម្តែងក្នុងព្រឹត្តិការណ៍របស់ខ្លួនហើយបានប្រើសម្តីរើសអើងជាតិសាសន៍និងបញ្ឆេះកំហឹងក្នុងអំឡុងពេលខ្មែរនិងថៃមានសង្គ្រាមជាមួយគ្នា។

នៅព្រឹកថ្ងៃទី២៩ ផេកផ្លូវការរបស់ Sabaidee Fest បានចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធនឹង Big Yai ដែលជាសិល្បករធ្លាប់សម្តែងក្នុងមហោស្រពតន្រ្តីរបស់ខ្លួនដោយបញ្ជាក់ថា Sabaidee Fest មិនអត់ឱនចំពោះការរើសអើងជាតិសាសន៍ ពាក្យសំដីស្អប់ខ្ពើម ឬការអំពាវនាវណាមួយឱ្យមានអំពើហិង្សា ជាពិសេសចំពោះសហគមន៍កម្ពុជា ឬសហគមន៍ណាមួយឡើយ។ យើងបដិសេធអាកប្បកិរិយានេះទាំងស្រុង ហើយលែងទាក់ទងនឹងតារាចម្រៀងឡាវរូបនេះទៀតហើយ។.png)
Sabaidee Fest ក៏បានបង្ហាញទុក្ខកង្វល់របស់ខ្លួននៅពេលឃើញអំពើហិង្សាម្តងទៀតនៅព្រំដែនកម្ពុជា និងថៃ ហើយឥឡូវនេះបានពង្រីកហួសព្រំដែនចូលទៅក្នុងទីក្រុង និងខេត្តនានារបស់កម្ពុជា ដែលមានជនស៊ីវិលស្លូតត្រង់រស់នៅ។ ក្នុងសេចក្តីថ្លែងការណ៍របស់ Sabaidee Fest ក៏បង្ហាញពីប្រទេសកម្ពុជាស្លាក់ស្នាមរបួសក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម មនុស្សជិតពីរលាននាក់ត្រូវបានសម្លាប់។ គ្រួសារត្រូវបានបំបែក វប្បធម៌ ភាសា តន្ត្រី និងចំណេះដឹងស្ទើរតែត្រូវបានលុបចោល។ សំឡេងបន្លឺឡើងនៃរបួសនោះនៅតែបន្តកើតមានចំពោះអ្នករស់រានមានជីវិត កូនៗរបស់ពួកគេ និងប្រជាជនកម្ពុជាជាច្រើនជំនាន់ជុំវិញពិភពលោក។នោះហើយជាមូលហេតុដែលពេលនេះឈឺចាប់យ៉ាងខ្លាំងនៅពេលដែលអំពើហិង្សាកើតឡើងវិញ។ Sabaidee Fest បានលើកឡើងទៀតថា វាមិនត្រឹមតែជាសោកនាដកម្មនាពេលបច្ចុប្បន្នប៉ុណ្ណោះទេ វាគឺជាការរំលឹកពីអតីតកាលដែលប្រជាជនកម្ពុជាបានតស៊ូយ៉ាងលំបាកដើម្បីរស់រានមានជីវិត និងឈានទៅមុខទៀត។ គ្មានសហគមន៍ណាដែលត្រូវបង្ខំឱ្យរស់ឡើងវិញនូវប្រវត្តិដ៏ខ្មៅងងឹតបំផុតរបស់ខ្លួនឡើយ។
Sabaidee Fest បានអះអាងថាមហោស្រពតន្រ្តីនេះត្រូវបានបង្កើតឡើងដើម្បីលើកស្ទួយសហគមន៍អាស៊ីអាគ្នេយ៍តាមរយៈវប្បធម៌ តន្ត្រី និងការរួបរួម វេទិការបស់ពួកគេនឹងមិនគាំទ្រ ឬដោះសារចំពោះសកម្មភាព ឬជំនឿដែលចាក់ឫសដោយការស្អប់ ឬអំពើហិង្សាឡើយ។ កម្មវិធីមានមូលដ្ឋានក្នុងការទទួលខុសត្រូវហើយនៅតែគាំទ្រសិល្បករដែលស្របតាមតម្លៃរបស់យើង និងបេសកកម្មរបស់យើងប៉ុណ្ណោះ។ អាកប្បកិរិយាណាមួយដែលផ្ទុយនឹងតម្លៃទាំងនោះនឹងមិនត្រូវបានអត់ឱនឡើយ។

Sabaidee Fest បានស្នើសុំសិល្បករ អ្នកគាំទ្រ និងសហគមន៍កុំឆ្លើយតបដោយការសងសឹក ឬអំពើហិង្សាតាមអ៊ីនធឺណិត ឬដោយផ្ទាល់ការឈ្លោះគ្នាមិនមែនជាដំណោះស្រាយទេនិងបាន អធិស្ឋានសុំសន្តិភាពយូរអង្វែង និងអចិន្ត្រៃយ៍រវាងប្រទេសកម្ពុជានិងប្រទេសថៃ៕










