តារាចម្រៀង Danielle វ័យ២០ឆ្នាំ អាចប្រឈមមុខនឹងការពិន័យយ៉ាងធ្ងន់ធ្ងរចំពោះការរំលោភកិច្ចសន្យា បន្ទាប់ពីត្រូវបានប្តឹងដោយភ្នាក់ងាររបស់នាងគឺ ADOR ។ ADOR ដែលជាផ្នែកមួយ នៃ HYBE Group បានប្រកាសថាខ្លួននឹងដាក់ពាក្យបណ្តឹងប្រឆាំងនឹង សមាជិកក្រុម New Jeans គឺ Danielle នៅថ្ងៃទី២៩ ខែធ្នូ បន្ទាប់ពីការប្រកាសបញ្ចប់កិច្ចសន្យារបស់នាងនៅព្រឹកនេះ។
ADOR បានបញ្ជាក់ថា Danielle បាន «ប្រព្រឹត្តិការរំលោភលើកិច្ចសន្យាផ្តាច់មុខរបស់នាង ដូចជាការចុះហត្ថលេខាលើកិច្ចសន្យាដែលផ្ទុយនឹងកិច្ចព្រមព្រៀងផ្តាច់មុខបច្ចុប្បន្នរបស់នាង ការចូលរួមក្នុងសកម្មភាពកម្សាន្តឯករាជ្យ ឬការចូលរួមក្នុងអាកប្បកិរិយាដែលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន និងក្រុម NewJeans»។ ទាក់ទងនឹងមូលហេតុនៃការបញ្ចប់កិច្ចសន្យារបស់ Danielle ADOR បានពន្យល់ថា «ទោះបីជាមានការស្នើសុំឱ្យមានវិធានការកែតម្រូវក៏ដោយ ការកែតម្រូវមិនត្រូវបានធ្វើឡើងក្នុងរយៈពេលកំណត់នោះទេ ដូច្នេះយើងបានជូនដំណឹងដល់នាងអំពីការបញ្ចប់កិច្ចសន្យ»។
.png)
ក្រុមហ៊ុនបានបន្ថែមថា «យើងមិនអាចបង្ហាញពីចំនួនទឹកប្រាក់ពិតប្រាកដនៃសំណងសម្រាប់ការខូចខាតបានទេ ទោះជាយ៉ាងណាក៏ដោយ ការពិន័យចំពោះការរំលោភលើកិច្ចសន្យានឹងត្រូវបានគណនាតាមរូបមន្តដែលមានចែងក្នុងកិច្ចសន្យាផ្តាច់មុខ»។
យោងតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង ការប៉ាន់ប្រមាណនៃការពិន័យចំពោះការរំលោភលើកិច្ចសន្យាដែល Danielle អាចត្រូវបង់គឺប្រហែល ៩០-១២៤ ពាន់លានវ៉ុន ប្រមាណជាង៦០លានដុល្លារទៅជាង៨៥លានដុល្លារអាម៉េរិក។
ពីមុន Min Hee Jin អតីតនាយកប្រតិបត្តិ ADOR បានលើកឡើងនៅក្នុងសារមួយទៅកាន់នាយកប្រតិបត្តិផ្ទៃក្នុងថា ប្រសិនបើសមាជិកទាំង៥នាក់នៃក្រុម NewJeans បានបញ្ចប់កិច្ចសន្យារបស់ពួកគេជាមួយ ADOR ការពិន័យរបស់ក្រុមអាចមានប្រហែល ៤៥០-៦២០ ពាន់លានវ៉ុន។ ខ្លឹមសារនៃសារទាំងនេះត្រូវបានបង្ហាញពីមុនក្នុងអំឡុងពេលសវនាការលើញត្តិរបស់ Min Hee Jin ដើម្បីហាមឃាត់នាងពីការអនុវត្តសិទ្ធិបោះឆ្នោតរបស់នាងប្រឆាំងនឹង HYBE។.png)
ជម្លោះរវាង NewJeans និង ADOR បានកើតចេញពីការបណ្តេញ Min Hee Jin ចេញពីតំណែងជានាយកប្រតិបត្តិ ADOR កាលពីឆ្នាំ២០២៤។ នេះបាននាំឱ្យសមាជិក NewJeans ទាំង៥នាក់បានធ្វើសន្និសីទសារព័ត៌មានមួយនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីប្រកាសជាឯកតោភាគីអំពីការបញ្ចប់កិច្ចសន្យារបស់ពួកគេ។ ទោះយ៉ាងណា ADOR បានឈ្នះបណ្តឹងដោយតុលាការបានសម្រេចគាំទ្រ ADOR ដោយបញ្ជាក់ថា កិច្ចសន្យាផ្តាច់មុខដែលបានចុះហត្ថលេខារវាង ADOR និង NewJeans នៅថ្ងៃទី ២១ ខែមេសា ឆ្នាំ២០២២ គឺមានសុពលភាពហើយបន្តរហូតដល់ឆ្នាំ២០២៩។
បន្ទាប់ពីសេចក្តីសម្រេចនេះ Haerin និង Hyein បានត្រឡប់ទៅ ADOR វិញ។ ក្រោយមក Hanni, Danielle និង Minji ក៏បានបង្ហាញពីបំណងប្រាថ្នារបស់ពួកគេក្នុងការត្រឡប់ទៅក្រុមហ៊ុនវិញ ប៉ុន្តែ ADOR នៅតែមានការប្រុងប្រយ័ត្នខ្ពស់។ បន្ទាប់ពីការពិភាក្សាប្រហែលមួយខែកន្លះ ADOR បានប្រកាសពី ការវិលត្រឡប់ជាផ្លូវការ របស់ Hanni ខណៈដែល Danielle បានទទួលការជូនដំណឹងអំពីការបញ្ចប់កិច្ចសន្យាផ្តាច់មុខរបស់នាង។ ស្ថានភាពរបស់ Minji នៅតែមិនច្បាស់លាស់៕










