ក្នុងពេលដែលថៃឈ្លានពានកម្ពុជាជាថ្មីម្តងទៀតបណ្តាអ្នកសិល្បៈ អ្នកបង្កើតមាតិកា បានផ្អាកសកម្មភាពការងាររបស់ខ្លួន។ នេះបានធ្វើឱ្យអ្នកសិល្បៈមួយចំនួនបង្ហាញពីផលប៉ះពាល់បាត់បង់ប្រាក់ចំណូល។ ក្នុងនោះពិធីករ វី យ៉ារ៉ូ ក៏បានបង្ហាញផលលំបាកដូចគ្នាខណៈលោកបានលើកឡើងថាអ្នកសិល្បៈអ្នកបង្កើតមាតិកាហាក់រងផលប៉ះពាល់ច្រើនជាងគេពីព្រោះការងារ៨០ភាគរយត្រូវបានផ្អាក។

នៅថ្ងៃទី៣០ ខែធ្នូ ពិធីករ យ៉ារ៉ូ បានបង្ហោះសំណេរនៅលើបណ្តាញសង្គមថា «អ្នកបង្កើតមាតិការ អ្នកសិល្បៈ បងប្អូនចង់ឱ្យចេញមុខជួយជាងគេ បន្ទាប់មក មកមើលចំណូលហាក់បីដូចជាងប៉ះពាល់ខ្លាំងជាងគេ ព្រោះភាគច្រើនការងារធ្វើបែបកម្សាន្តគេផ្អាកអស់ហើយបងអើយ»។ លោក បន្តទៀតថា ការងារសឹងតែ៨០%ត្រូវបានផ្អាកហើយកក៏មិនហ៊ាននិយាយអ្វីច្រើនដែរព្រោះដឹងថាប៉ះពាល់ទាំងអស់គ្នាហើយទំនួលខុសត្រូវក៏ច្រើននៅតែបន្ត»។

វី យ៉ារ៉ូ ថា «បងប្អូនជួយគិតផងគួរធ្វើបែបណា ? មានអ្វីដែលយើងអាចយោគយល់គ្នាបានទេ? ដោយក្តីគោរពស្រលាញ់»។ នេះមិនមែនជាលើកទី១នោះទេដែល យ៉ារ៉ូ ស្នើឱ្យមានការយោគយល់គ្នាក្នុងកាលៈទេសៈនេះខណៈកាលពីមុនលោកក៏បង្ហាញពីគោលបំណងវិលមកបង្ហោះសកម្មភាពការងារវិញ។
កាលពីថ្ងៃទី១៧ ខែធ្នូ ពិធីករ វី យ៉ារ៉ូ បានសុំទស្សនិកជនក្នុងការបង្ហោះវីដេអូប្រូម៉ូតផលិតផលពីព្រោះលុះត្រាណាបានបង្ហោះទើបខាងក្រុមហ៊ុនអាចបាញ់ paymentឱ្យដូចគ្នា ខណៈការងារកម្សាន្តគេផ្អាកច្រើន។ លោកថា ផ្អាកការងារច្រើនពេក មិនបានត្រៀមទុកមុន ហើយទំនួលខុសត្រូវនៅតែមានច្រើនដដែល។ ពិធីកររូបនេះក៏បានបង្ហាញទៀតថាលោកមិនមែនបើកប្រាក់ខែទេគឺគិតតាមថ្ងៃទើបធ្វើឱ្យបាត់បង់ចំណូលទៅតាមនោះ៕










