គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក JBC កម្ពុជាបានផ្ញើកំណត់ទូតទៅ JBC ថៃ ដោយស្នើកោះប្រជុំជាបន្ទាន់មួយនៅសប្តាហ៍នេះ ឬសប្តាហ៍ក្រោយ ដើម្បីពិភាក្សា និងបន្តការងារវាស់វែង និងបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ។ ការស្នើរប្រជុំបន្ទាន់នេះ ធ្វើឡើងក្រោយបទឈប់បា.ញ់ភ្លាមៗនៅនឹងកន្លែងត្រូវបានអនុម័ត ហើយកម្ពុជាមិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនណាមួយដោយការប្រើប្រាស់កម្លាំងឡើយ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន JBC ភាគីកម្ពុជាបានស្នើសុំឱ្យមានកិច្ចប្រជុំដើម្បីបន្តវឌ្ឍនភាពការងារវាស់វែង និងការបោះបង្គោលបណ្តោះអាសន្ននៅលើទីតាំងជាក់ស្តែងក្នុងកំណាត់រវាងបង្គោលព្រំដែនលេខ ៤២-៤៧ ដែលស្ថិតនៅក្នុងតំបន់ភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងចន្លោះបង្គោលលេង ៥២-៥៩ ក្នុងភូមិសាស្ត្រឃុំបឹងរាំង និងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង។.jpg)
ក្រៅពីនេះក្រុមការងារក៏នឹងពិភាក្សាអំពីការចុះវាស់វែង និងបោះបង្គោលបណ្ដោះអាសន្នលើដីជាក់ស្ដែងលើកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ ៣៣-៣៧ (តំបន់បឹងត្រកួន) តំបន់ច្រកទ្វាអន្តរជាតិថ្មដា តំបន់អូរភ្លុកដំរី តំបន់ព្រំដែនច១ និងតំបន់ព្រំដែនផ្សេងទៀត។ ព្រមទាំងបញ្ជូនក្រុមវាស់វែងចម្រុះ ដើម្បីចុះអនុវត្តការងារវាស់វែង និងខណ្ឌសីមាលើដីជាក់ស្ដែង នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនដែលបានឯកភាពគ្នា (ខ្សែព្រំដែនដើរតាមផ្លូវទឹក និងខ្សែព្រំដែនជាបន្ទាត់ត្រង់) ដោយអនុវត្តតាមស្មារតីនៃកំណត់ហេតុកិច្ចប្រជុំលើកទី៦ របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។
.jpg)
បញ្ជាក់ជូនជនរួមជាតិ និងសាធារណជនជាថ្មីថា គណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (ភាគីកម្ពុជា) ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវជំហររបស់ខ្លួនក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដូចដែលបានទទួលមរតកពីគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម ដោយគោរពយ៉ាងពេញលេញនូវច្បាប់អន្តរជាតិ គោលការណ៍នៃភាពមិនអាចកែប្រែបាននៃព្រំដែន (Uti possidetis juris) អនុសញ្ញា និងសន្ធិសញ្ញាបារាំង-សៀម ផែនទី និងកំណត់ហេតុ (procès-verbaux) របស់គណៈកម្មការខណ្ឌសីមាព្រំដែនរវាងឥណ្ឌូចិន និងសៀម ព្រមទាំងរាល់កិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នា»។.jpg)
សេចក្តីប្រកាសព័ត៌មានបានបន្ថែមថា JBC ភាគីកម្ពុជានឹងបន្តធ្វើការងារវាស់វែង និងបោះបង្គោលព្រំដែនជាមួយ JBC (ភាគីថៃ) ឱ្យបានឆាប់បំផុត ក្នុងគោលបំណងសម្រេចបាននូវសន្តិភាពយូរអង្វែងនៅតាមបណ្តោយព្រំដែន។ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនសង្កត់ធ្ងន់ថា៖ «JBC ភាគីកម្ពុជានឹងមិនទទួលស្គាល់ការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំងនោះឡើយ»៕










