ដល់ម៉ោងសម្ដែងទៀតហើយ! ស្របពេលដែលកិច្ចប្រជុំ GBC កំពុងតែដំណើរការ នៅរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ នេះ ទីបញ្ជាការកងទ័ពភូមិភាគទី២ថៃអះអាងថា ទាហានរបស់ខ្លួនម្នាក់ទៀតហើយបានជាន់មីនរងរបួសដា.ច់ជើងម្ខាង នៅចំណុចក្បែរប្រាសាទតាក្របី ធ្វើឲ្យគេក្លាយជាទាហានទី៩ដែលរងគ្រោះដោយសារគ្រាប់មីន។ នេះបើយោងតាមសារព័ត៌មាន Khaosod។

តាមការបញ្ជាក់របស់កងវរសេនាធំវិស្វករទី ៦ នៅតំបន់ទី២ថៃបានឲ្យដឹងថា នៅវេលាម៉ោង ២:២០ នាទីរសៀល ពលបាលឯកម្នាក់បានជាន់មីននៅជិតប្រាសាទតាក្របី នៅខណៈពេលដែលគេកំពុងបំពេញកាតព្វកិច្ចតាមបណ្តោយព្រំដែន ដោយបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរនៅជើងខាងឆ្វេង។

បន្ទាប់ពីហេតុការណ៍នេះ ស្ថាប័នពាក់ព័ន្ធនានាកំពុងស៊ើបអង្កេតព័ត៌មានលម្អិតនៃករណីនេះ និងតាមដានយ៉ាងដិតដល់នូវស្ថានភាពសន្តិសុខនៅក្នុងតំបន់ ប៉ុន្តែបានធ្វើការចោ.ទប្រកាន់ទាំងគ្មានមូលដ្ឋានថា ពលបាលឯករូបនេះ គឺជាជនរងគ្រោះទីប្រាំបួនហើយនៃការផ្ទុះមីនដែលដាក់ដោយកម្ពុជា។

តាមការកត់សម្គាល់ រៀងរាល់ពេលដែលមានកិច្ចប្រជុំសំខាន់ណាមួយត្រូវបានរៀបចំឡើងដើម្បីសម្របសម្រួលស្ថានការណ៍រវាងថៃជាមួយនឹងកម្ពុជា គឺតែងតែមានឧបទ្ទវហេតុផ្ទុះមីនលើទាហានថៃជានិច្ច។ បន្ទាប់ពីនោះ ថៃនឹងចាប់ផ្ដើមរករឿងបង្កជម្លោះជាមួយកម្ពុជាបន្ថែមដូចករណីមុនៗ ទាំងដែលគ្មានភ័ស្តុតាងសោះក៏ដោយ។

ជាការងឿងឆ្ងល់សម្រាប់ពលរដ្ឋខ្មែរទូទៅ តើហេតុអ្វីបានជាមានហេតុការណ៍ផ្ទុះមីននៅពេលនេះទៅវិញ? ចុះកាលពីពេលថ្មីៗកន្លងទៅដែលទាហានថៃនាំគ្នាមកដោតទង់ជាតិស្រែកហ៊ោកញ្ច្រៀវនៅប្រាសាទតាក្របី ម្ដេចមិនមានអ្នកណាប៉ះមីនសូម្បីមួយគ្រាប់អញ្ចឹង? ឬមួយទាល់តែដល់ពេលមានកិច្ចប្រជុំទើបមីនផុសឡើងពីដីមកឲ្យជាន់?