បន្ទាប់ពីចូលរួមកម្មវិធី «ដើរដើម្បីសន្តិភាព» ត្រូវបានប្រព័ន្ធផ្សព្វផ្សាយថៃយកទៅចុះព្រៀងព្រាតពេលនេះតារារ៉េប ម៉ាន់ វណ្ណដា និងសិល្បកររួមទ្រនំបាននាំគ្នាអង្គុយខ្ចប់អីវ៉ាន់ជូនដល់ជនភៀសសឹកដែលកំពុងរងផលលំបាកដោយសារតែការឈ្លានពានរបស់ថៃ។ សកម្មភាពដែលខ្មែរសាមគ្គីបែបនេះហើយទើបបានជាប្រជាជនថៃមួយចំនួនច្រណែននឹងការសាមគ្គីនេះពីព្រោះនៅក្នុងប្រទេសថៃពុំមានចលនាដូចនេះឡើយ។

នៅល្ងាចថ្ងៃទី២១ ខែធ្នូ សមាគមសិល្បករខ្មែរបានបង្ហាញថា «បន្ទាប់ពីកិច្ចសហប្រតិបត្តិការនៃការប្រគំតន្ត្រី Rise for Khmer ដ៏ជោគជ័យបំផុតនៅលើទឹកដីបារាំង លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង បានជួបជជែកពិភាក្សាការងារដ៏មានសារៈសំខាន់ ហើយបន្ទាប់មកក៏បានរៀបចំការវេចខ្ចប់អីវ៉ាន់ គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ជាង២០មុខ ជាមួយថ្នាក់ដឹកនាំផលិតកម្មបារមី និងតារាចម្រៀង វណ្ណដា វណ្ណថាន នរិទ្ធ យ៉ូហៃ និង ស៊ូហ្សាណា ព្រមទាំងសិល្បករសិល្បការិនីជាច្រើនដួងទៀត ដើម្បីរៀបចំដឹកជញ្ជូនយកទៅចែកជូនបងប្អូនជនភៀសសឹក»។
គួរឱ្យដឹងថា ស្ថិតនៅក្នុងស្ថានភាពដ៏លំបាកនេះគេបានឃើញប្រជាជនខ្មែរគ្រប់ស្រទាប់វណ្ណៈ តាំងពីថ្នាក់ដឹកនាំ មន្រ្តីរាជការ សិល្បករសិល្បការិនីគ្រប់ជំនាន់ ប្រជារាស្រ្តទោះមានឬក្រ ប៉ុន្តែបានសាមគ្គីគ្នាយ៉ាងខ្លាំងរួបរួមគ្នាជាធ្លុងមួយជួយដល់វីរកងទ័ពជួរមុខដែលកំពុងច្បាំងការពារទឹកដីពីចោរឈ្លានពាន និងបងប្អូនៅភៀសសឹកមានជាងកន្លះលាននាក់ដែលបានចាកចោលផ្ទះសម្បែងគេចគ្រាប់ផ្លោងរបស់សៀមរកទីសុវត្ថិភាព។
កាលពីរសៀលថ្ងៃទី១៨ ខែធ្នូ វណ្ណដា និងមិត្តរួមទ្រនំក៏បានចូលរួមព្យុយាត្រា«ដើរដើម្បីសន្តិភាព» ក្នុងស្មារតីតែមួយបង្ហាញទៅកាន់ពិភពលោកពីបេះដូងដ៏បរិសុទ្ធ និងចេតនាដ៏ស្មោះស្ម័គ្របំផុតថាប្រទេសកម្ពុជាត្រូវការសន្តិភាពមិនចង់មានសង្គ្រាមឡើយ។ វត្តមានរបស់ វណ្ណដា នៅក្នុងក្បួនដង្ហើរនេះបានល្បីសុះសាយនៅលើប្រព័ន្ធផ្សព្វផ្សាយសៀមដូចជា Thairath ជាដើម៕










