ហ្វីយ៉ាតា បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បានចេញវីដេអូមួយចោទសួរទៅកាន់ប្រជាជនថៃទាំងមូលចំពោះទង្វើឈ្លានពានរបស់ថៃមកលើកម្ពុជាដោយយកលេសរាក់កំភែល លុបបំបាត់ Scam ទាំងប្រទេសថៃខ្លួនឯងក៏មាន។ ហ្វីយ៉ាតា ថាការបំផ្ទុះស្ពាន បំផ្លាញប្រាសាទ ឈ្លានពានចូលផ្ទះពលរដ្ឋប្រដាប់ដោយអាវុធតើអាចបំបាត់ Scam បានយ៉ាងដូចម្តេច។ បវរកញ្ញារូបនេះថាគ្មានប្រទេសណាមួយលើផែនដីនេះដែលល្អឥតខ្ចោះ ១០០% នោះទេ។

នៅថ្ងៃទី២១ ខែធ្នូ ហ្វីយ៉ាតា បានចេញវីដេអូមួយដោយនិយាយជាភាសាអង់គ្លេសដោយមិនដឹងថាជនជាតិថៃប៉ុន្មាននាក់ស្តាប់បានឬអត់នោះទេពីព្រោះនៅពេលជនជាតិខ្មែរនិយាយភាសាអង់គ្លេសបានល្អ ថៃថាដោយសារតែខ្មែរស្ថិតក្រោមអាណានិគម។ បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ បាននិយាយថាថៃបោសផ្ទះខ្លួនឯងមិនទាំងស្អាតផង មកចង់ត្រួតត្រាផ្ទះអ្នកដទៃពោលប្រទេសមួយនេះមិនខុសពី វណ្ណដា ច្រៀងថាជាប្រទេសកំប្លែងនៅអាស៊ីនោះទេ។ 
ហ្វីយ៉ាតា បានលើកចោទសួរថាការបំផ្ទុះគ្រាប់បែកលើកម្ពុជា ដើម្បី «លុបបំបាត់ Scam» ឬគ្រាន់តែយុទ្ធសាស្រ្តរបស់ថៃនោះទេ? ដោយលើកឧទាហរណ៍ងាយៗដើម្បីឱ្យជនជាតិសៀមងាយយល់។ ទោះបីជាចូលចិត្តឬមិនចូលចិត្តពីការចង្អិនបាយផ្ទះអ្នកដទៃអ្នកគ្មានសិទ្ធិចូលទៅក្នុងផ្ទះអ្នកដទៃបំផ្លាញទ្រព្យសម្បត្តិរបស់គេនោះមិនមែនជាការការពារនោះគឺជាការឈ្លានពាន។
.png)
ហ្វីយ៉ាតា លើកឡើងទៀតថាការដោះសារមួយដែលសៀមចូលចិត្តប្រើញឹកញាប់បំផុតនៅពេលនេះគឺ “Scam” ដោយនាងបានចោទសួរបកទៅវិញថា ការបំផ្ទុះស្ពាន បំផ្លាញប្រាសាទ ឈ្លានពានចូលផ្ទះពលរដ្ឋ ដោយមានកាំភ្លើងក្នុងដៃ អាចបញ្ឈប់ការ Scam បានយ៉ាងដូចម្តេច? ការបំផ្លាញមរតកវប្បធម៌ និងការយកជីវិតមនុស្សមិនអាចហៅថា “ការជួយ” បានទេ។
បវរកញ្ញារូបនេះលើកឡើងទៀតថាមុននឹងប៉ះពាល់ឬចង់រៀបចំផ្ទះអ្នកដទៃសៀមគួរតែរៀបចំទុកដាក់ផ្ទះរបស់ខ្លួនឯងឱ្យបានល្អជាមុនសិនព្រោះពិភពលោកបានដឹងរួចហើយថាករណី Scam ធំៗកើតឡើងនៅក្នុងប្រទេសថៃផ្ទាល់ច្រើនរាប់មិនអស់ផងដែរ សូម្បីតែមេដឹកនាំថៃបច្ចុប្បន្នក៏មានអ្នកពាក់ព័ន្ធនឹងការ Scam លើប្រជាជនរបស់ខ្លួនឯងដែរ។ដូច្នេះតើប្រទេសផ្សេងៗគួរតែបំផ្ទុះ បំផ្លាញសហគមន៍ ចង្អុលកាំភ្លើងទៅលើពលរដ្ឋថៃដែរឬ?។ ហ្វីយ៉ាតា ថាអំពើឧក្រិដ្ឋកម្មមិនអាចផ្តល់សិទ្ធិឱ្យប្រទេសណាមួយទៅឈ្លានពានប្រទេសណាមួយទៀតឡើយហើយគ្មានប្រទេសណាមួយលើផែនដីនេះដែលល្អឥតខ្ចោះ ១០០% ទេ។បើភាពមិនល្អឥតខ្ចោះអាចយកមកធ្វើជាហេតុផលនៃអំពើហិង្សា សំលាប់គ្នាចឹងនោះគ្មានប្រទេសណាអាចរស់រានមានជីវិតបានទេ។
Miss Universe Cambodia 2025 លើកឡើងថាប្រទេសថៃឈប់យកហេតុផលឆ្កួតទាំងនោះ ធ្វើជាលេសប្រើការចោទប្រកាន់ដើម្បីផ្តល់សិទ្ធិឱ្យខ្លួនឯងបំផ្លាញអ្នកដទៃទៀតទៅ កុំប្រើសលេសដើម្បីបិទបាំងសកម្មភាពថោកទាបខ្លួនឯងព្រោះប្រទេសដែលខ្លាំងពិតមិនចាំបាច់ត្រូវការយកលេសដើម្បីបំផ្លាញគេបើពិតជាចង់បានសន្តិភាព សូមចាប់ផ្តើមដោយគោរពព្រំដែន, ជីវិតអ្នកដទៃនិងផ្ទះរបស់អ្នកដទៃសិនទៅ៕










