រាជធានីភ្នំពេញ៖ គណៈប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) បានបញ្ជាក់ កងទ័ពកម្ពុជា ទាំង១៨រូប ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់យោធាថៃនៅពេលនេះ គឺមានសុវត្ថិភាព និងសុខភាពល្អទាំងអស់គ្នា។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា។
នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងការពារជាតិ ដោយបានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) ដឹកនាំដោយលោក Jurg Montani ប្រធានប្រតិភូគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ប្រចាំភូមិភាគ។
នៅក្នុងជំនួបនោះ លោក Jurg Montani ក៏បានចែករំលែកផងដែរនូវព័ត៌មានអំពីការចុះសួរសុខទុក្ខជា លើកទី៤នាយទាហានទាំង ១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងស្ថិតនៅក្រោមការឃុំ គ្រងរបស់យោធាថៃ ក្រោយការចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥។ ចំពោះការចុះសួរសុខ ទុក្ខលើកទី៤ ពីសំណាក់គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិនោះបានបញ្ជាក់ថា ទាហានយើងទាំង ១៨រូប នៃកងយោធពលខេមរភូមិន្ទ ដែលកំពុងស្ថិតក្រោមការឃុំគ្រងរបស់ភាគីថៃនោះ គឺមានសុវត្ថិភាព និងមានសុខភាពល្អទាំងអស់គ្នា។.jpg)
លោកក៏បានបញ្ជាក់បន្ថែមថា លោកបានប្រគល់ជូនលិខិតដំណឹង គ្រួសាររបស់យុទ្ធជនទាំង១៨រូប សម្រាប់ជូនដល់ក្រុមគ្រួសាររបស់ពួកគាត់ជាលើកទី៤ តាមរយៈការ សម្របសម្រួលរបស់កាកបាទក្រហមកម្ពុជា។
ឯកឧត្តម ឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន បានអំពាវនាវឱ្យគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) បន្តត្រួតពិនិត្យ និងតាមដានសុខុមាលភាព សុវត្ថិភាព និងលក្ខខណ្ឌរស់នៅរបស់នាយទាហាន ទាំង ១៨រូប ដោយគោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ។.jpg)
ជាមួយគ្នានេះដែរ ឯកឧត្តមឧត្តមសេនីយ៍ឯក ក៏បានអំពាវនាវឱ្យគណៈកម្មាធិការអន្តរជាតិ នៃកាកបាទ ក្រហម (ICRC) ជួយជំរុញឱ្យយោធាថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងចេញពីដែន អធិបតេយ្យរបស់កម្ពុជា និងចៀសវាងសកម្មភាពឈ្លានពានដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាព នៅក្នុងតំបន់។
ឯកឧត្តមឧត្ដមសេនីយ៍ឯក ក៏បានគូសបញ្ជាក់ជូនប្រធានប្រតិភូគណៈកម្មការអន្តរជាតិ នៃកាកបាទក្រហមថា កងយោធពលខេមរភូមិន្ទ បានគោរពយ៉ាងម៉ឺងមាត់ ស្មោះត្រង់ និងដោយសុឆ្ឆន្ទះ ពិតប្រាកដនូវបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា-ថៃ។.jpg)
ក្រសួងការពារជាតិ បាននឹងកំពុងធ្វើការយ៉ាងសស្រាក់សស្រាំឥតឈប់ឈរនូវគ្រប់យន្តការដោះស្រាយ ទាំងអស់លើករណីនេះ ដើម្បីឱ្យភាគីថៃដោះលែងកងកម្លាំងរបស់យើងទាំង១៨នាក់នោះ វិលត្រលប់មក វិញឱ្យបានឆាប់រហ័សជាទីបំផុត និងដោយសុខសុវត្ថិភាព។ រាជរដ្ឋាភិបាល ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ មិនដែលបោះបង់កងកម្លាំងរបស់យើងណាម្នាក់ចោលនោះឡើយ ទោះក្នុង កាលៈទេសៈណាក៏ដោយ។










