ប្រទេសថៃ ៖ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Natthaphon Narkjphanit បានឆ្លើយតបទៅកាន់មហាអំណាចចិនដែលចេញមកអំពាវនាវជាលើកទី២ ឱ្យបញ្ចប់សង្គ្រា.មរវាងកម្ពុជា-ថៃ និងងាកមកចរចាសន្តិភាពជាប្រទេសជិតខាងល្អ ដោយលោកថា កងទ័ពថៃបន្តវាយប្រ.ហារកម្ពុជាមួយរយៈទៀត ប៉ុន្តែមិនយូរទេ សង្គ្រា.មនឹងបញ្ចប់ ។ កងទ័ពថៃបន្តវាយប្រ.ហាររហូតដល់មើលឃើញថា កម្ពុជាលែងបង្កគ្រោះថ្នា.ក់ ពេលនេះ ការប្រតិបត្តិការរបស់កងទ័ពថៃបានដំណើរការតាមផែនការគ្រោងទុក ។

រដ្ឋមន្ត្រីក្រសួងការពារជាតិថៃនិយាយបែបនេះ បន្ទាប់ពីឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា លោក Wang Wenbin បានបង្ហោះសារកាលពីយប់ថ្ងៃទី១៥ ខែធ្នូ ថា ៖ «អាទិភាពខ្ពស់បំផុត គឺបញ្ឈប់សង្គ្រាម និងការពារពលរដ្ឋស៊ីវិល ។ យើងសង្ឃឹមថា ភាគីទាំងពីរ (កម្ពុជា-ថៃ) នឹងអត់ធ្មត់ជាអតិបរមា ចាត់គ្រប់វិធានការឈានទៅរកបទឈប់បាញ់ឱ្យបានឆាប់បំផុត ដើម្បីកសាងសន្តិភាព ស្ថិរភាពនៅតាមព្រំដែន និងផលប្រយោជន៍ពលរដ្ឋ ។ ចិននឹងបន្តធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាចធ្វើបានដើម្បីលើកកម្ពស់ការសន្ទនាឈានទៅកសាងសន្តិភាព ហើយចិននឹងបន្តដើរតួនាទីស្ថាបនាតាមវិធីរបស់ខ្លួនក្នុងការនាំមកនូវបទឈប់បាញ់រវាងកម្ពុជា-ថៃ» ។

នៅថ្ងៃទី១៥ ខែធ្នូ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun ប្រកាសថា មហាអំណាចិនប្តេជ្ញាជំរុញឱ្យមានបទឈប់បាញ់រវាងកម្ពុជា-ថៃ និងងាកមកចរចាសន្តិភាព ពីព្រោះកម្ពុជា-ថៃជាប្រទេសជិតខាង មិនអាចបំបែកចេញពីគ្នា ។ ចិនសង្ឃឹមថា ភាគីទាំងពីរនឹងអត់ធ្មត់ជាអតិបរមា និងចាត់វិធានការទាំងអស់ដើម្បីបញ្ឈប់ការប្រយុទ្ធ កាត់បន្ថយភាពតានតឹងឱ្យបានឆាប់រហ័ស ដោយចិននឹងបន្តមើលឆន្ទៈរបស់ភាគីទាំងពីរធ្វើឱ្យអស់ពីសមត្ថភាពដើម្បីសន្តិភាព ចិននឹងដើរតួនាទីស្ថាបនាតាមរបៀបរបស់ខ្លួនដើម្បីឱ្យមានបទឈប់បាញ់ ។

លោក Natthaphon រដ្ឋមន្ត្រីការពារជាតិថៃនិយាយថា កងទ័ពថៃសុំពេលបន្តិចទៀតដើម្បីវាយប្រហារកម្ពុជា រហូតដល់មើលឃើញថា កម្ពុជាលែងបង្កគ្រោះថ្នាក់ ហើយមិនយូរទេ សង្គ្រាមរវាងកម្ពុជា-ថៃនឹងបញ្ចប់ ។ រីឯការរឹតបន្តឹងការនាំចេញប្រេងឥន្ធនៈទៅឡាវតាមច្រកព្រំដែនឆងម៉េតកាលពីថ្ងៃទី១៥ ខែធ្នូ ពីព្រោះខ្លាចឡាវលក់ប្រេងបន្តឱ្យកម្ពុជា លោក Natthaphon ថា វាជាការអនុវត្តដោយសន្តិវិធី មិនប្រើប្រាស់កម្លាំងទ័ព ឬអាវុធ ដើម្បីទប់ស្កាត់សកម្មភាពរបស់កម្ពុជា ហើយថៃនឹងឈប់បាញ់ លុះត្រាកម្ពុជាលែងបង្កគ្រោះថ្នាក់ ។

បន្ទាប់ពីថៃរឹតបន្តឹងការនាំចេញប្រេងឥន្ធនៈទៅឡាវ ធ្វើឱ្យរថយន្តដឹកប្រេងរាប់សិបគ្រឿងកកស្ទះនៅច្រកព្រំដែនឆងម៉េត ស្រុកស៊ិរិនថន ខេត្តឧប៊ុនរ៉ាជថានី ដែលជាការរឹតបន្តឹងរបស់កងទ័ពភូមិភាគទី២ថៃ បន្ទាប់ពីមានព័ត៌មានថា ប្រេងថៃដែលនាំចេញទៅឡាវតាមច្រកនេះបាននាំចេញបន្តទៅកម្ពុជា ។

កាលពីថ្ងៃទី១៥ ខែធ្នូ អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Nikorndej Balankura បានបង្ហាញលក្ខខណ្ឌចំនួន៣ សម្រាប់បទឈប់បាញ់តាមព្រំដែនកម្ពុជា-ថៃ រួមមាន ៖
១-កម្ពុជាត្រូវប្រកាសបទឈប់បាញ់មុន
២-បទឈប់បាញ់ធ្វើឡើងអនុវត្តជាក់ស្តែង
៣-កម្ពុជាត្រូវធ្វើកិច្ចសហការយ៉ាងពិតប្រាកដ និងដោយស្មោះត្រង់លើការបោសសម្អាតគ្រាប់មីន ។

គួរបញ្ជាក់ថា កម្ពុជាបានបង្ហាញពីជំហររក្សាភាពអត់ធ្មត់ និងពុំតបតវាយបកទៅថៃឡើយ កាលពីកងទ័ពថៃបើកការវាយប្រហារជាថ្មីកាលពីថ្ងៃទី៧ ខែធ្នូ កន្លងមក ដោយរហូតដល់២៤ម៉ោង ទើបកម្ពុជាសម្រេចវាយបកវិញដើម្បីការពារខ្លួន និងបន្តវាយបករហូតដល់រយៈពេល៩ថ្ងៃ ។ កងទ័ពថៃបានវាយប្រហារខ្លាំង និងប្រើប្រាស់អាវុធធុនធ្ងន់គ្រប់ប្រភេទរំលោភចូលទឹកដីកកម្ពុជាយ៉ាងជ្រៅ ដោយទម្លាក់គ្រាប់បែកបំផ្លាញហេដ្ឋារចនាសម្ព័ន្ធកម្ពុជា ទាំងផ្ទះពលរដ្ឋស៊ីវិល ប្រាសាទបុរាណ វត្តអារាម និងសាលារៀន ៕