ប្រទេសថៃ ៖ អតីតសមាជិកសភាថៃបានបង្ហាញការសោកស្តាយយ៉ាងខ្លាំងដែលបោះឆ្នោតគាំទ្រលោក Anutin Charnvirakul កាន់តំណែងជានាយករដ្ឋមន្ត្រី ពីព្រោះនឹកស្មានថា មានសមត្ថភាពដឹកនាំប្រទេសឈានទៅរីកចម្រើន ដោះស្រាយបញ្ហាជាប់គាំងផ្សេងៗដែលរដ្ឋាភិបាលចាស់ដោះស្រាយមិនចេញ ជាពិសេស បញ្ចប់ជម្លោះព្រំដែនជាមួយកម្ពុជា ។ ប៉ុន្តែពេលឡើងជានាយករដ្ឋមន្ត្រី លោក Anutin បែរជាបង្កបញ្ហាបន្ថែម និងធ្វើសង្គ្រា.មវាយប្រ.ហារកម្ពុជាកាន់តែខ្លាំងជាងមុន បណ្តាលឱ្យពលរដ្ឋកម្ពុជាជម្លៀសពីលំនៅឋាន ហើយក៏ប្រកាសរំលាយសភាគេចពីការទទួលខុសត្រូវ ។
នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ លោក Kannavee Suebsang អតីតសមាជិកសភាគណបក្សប៉ិនថាំ (Fair Party) បានបង្ហោះសារក្នុងហ្វេសប៊ុកលាលែងពីសមាជិកគណបក្ស និងសូមទោសពលរដ្ឋ ដែលបោះឆ្នោតគាំទ្រលោក Anutin ប្រធានគណបក្សភូមិចៃថៃ ជានាយករដ្ឋមន្ត្រីដឹកនាំឱ្យប្រទេសថៃធ្លាក់ក្នុងសង្គ្រា.ម និងមានបញ្ហាជាច្រើនមិនអាចដោះស្រាយបាន ដូចជា ៖ ពលរដ្ឋភាគខាងត្បូង ពិសេស ស្រុកហាតយៃ ខេត្តសុងក្លា ស្លាប់ដោយសារទឹកជំនន់រហូតដល់ជាង១,០០០នាក់, ផ្ទះ ផ្លូវ និងស្ពានខូចខាតដោយសារទឹកជំនន់, អាជីវកម្មដួលរលំ, ពលរដ្ឋបាត់បង់ការងារ និងមិនជួយរៀបចំស្រុកភូមិឡើងវិញក្រោយទឹកជំនន់ស្រក ។ លោកថា ការលាលែងពីសមាជិកគណបក្សដោយសារវិបត្តិនយោបាយធ្វើឱ្យពលរដ្ឋរងផលប៉ះពាល់ដោយសារការដឹកនាំប្រទេសបរាជ័យរបស់លោក Anutin ។
អតីតសមាជិកសភាគណបក្សនយោបាយរូបនេះថា ៖ «ខ្ញុំជាមនុស្សម្នាក់ក្នុងសមាជិកសភាដែលបានបោះឆ្នោតគាំទ្រលោក Anutin កាន់តំណែងជារដ្ឋមន្ត្រីថៃ ថ្ងៃនេះ ខ្ញុំព្រមទទួលស្គាល់ថា វាយតម្លៃស្ថានការណ៍ខុសយ៉ាងខ្លាំង ។ បើទោះជាខ្ញុំផ្តល់១សំឡេងគាំទ្រលោក Anutin ក្តី ប៉ុន្តែសំឡេងគាំទ្ររបស់ខ្ញុំបានចូលរួមជាមួយសំឡេងផ្សេងទៀតឱ្យលោក Anutin ធ្វើជានាយករដ្ឋមន្ត្រី ។ មេរៀននេះបានបង្រៀនឱ្យខ្ញុំឈឺចាប់ ពីព្រោះទោះជាមេដឹកនាំថៃនិយាយពីគុណសម្បត្តិរបស់ខ្លួន ប៉ុន្តែចុងក្រោយ ពលរដ្ឋរងផលប៉ះពាល់» ។
ការដឹកនាំប្រទេសរបស់លោក Anutin កន្លងមក ជួបតែភាពបរាជ័យ ដូចជា ៖ គ្មានសមត្ថភាពជួយសង្គ្រោះជីវិតពលរដ្ឋពីទឹកជំនន់ដ៏ធ្ងន់ធ្ងរបណ្តាលឱ្យពលរដ្ឋស្លាប់ជាង១,០០០នាក់ និងបិទបាំងព័ត៌មាន ជាពិសេស ពលរដ្ឋស្រុកហាតយៃ ខេត្តសុងក្លា ស្លាប់ច្រើន ហើយលោកបង្កសង្គ្រាមវាយប្រហារកម្ពុជាជាថ្មីបណ្តាលឱ្យស្ថានការណ៍នៅព្រំដែនក្តៅគគុកកាន់តែខ្លាំង ។ វាបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រទេសថៃទៅថ្ងៃអនាគត ដោយសារមេដឹកនាំខ្វះសមត្ថភាព ។
នៅថ្ងៃទី១២ ខែធ្នូ នេះ ប្រធានគណបក្សភឿថៃថ្មី ក៏បានបង្ហាញការខកចិត្តយ៉ាងខ្លាំងផងដែរ ដោយស្តីបន្ទោសគណបក្សភូមិចៃថៃ និងគណបក្សប្រជាជន ដែលលើបន្តុបលោក Anutin ធ្វើជានាយករដ្ឋមន្ត្រីដឹកនាំប្រទេសឱ្យជួបវិបត្តិ មានបញ្ហាជុំទិស ដោយប្រៀបធៀបថា ការជ្រើសរើសលោក Anutin គឺដូចគ្នានឹងការលែងសត្វកណ្តុរចូលព្រៃ ។
គួរបញ្ជាក់ថា លោក Anutin បានដាក់ញត្តិទៅព្រះមមហាក្សត្រសុំរំលាយសភាកាលពីថ្ងៃទី១១ ខែធ្នូ ហើយថា មិនពាក់ព័ន្ធនឹងការបង្កសង្គ្រាមឈ្លានពានកម្ពុជាទេ កងទ័ពថៃនៅបន្តប្រតិបត្តិការនៅព្រំដែនតាមផែនការគ្រោងទុក ។ មូលហេតុចម្បងឈានដល់ការរំលាយសភា គឺមកពីប្រធានគណបក្សប្រជាជន លោក Natthaphong Ruengpanyawut ស្នើឱ្យរំលាយសភា ទើបលោកធ្វើតាមសំណើ ពីព្រោះគណបក្សប្រជាជនបានជ្រើសរើសលោកឱ្យកាន់តំណែងនាយករដ្ឋមន្ត្រី ។
ក្រៅពីនេះ លោក Anutin ថា បើលោកប្រធានាធិបតី Trump ទូរស័ព្ទមកជជែកជាមួយឱ្យថៃបញ្ឈប់សង្គ្រាមឈ្លានពានកម្ពុជា គឺលោកនឹងផ្តល់សិទ្ធិទៅឱ្យកងទ័ពជាអ្នកសម្រេចចិត្តបញ្ចប់សង្គ្រាម ឬមិនបញ្ចប់ អាមេរិកមិនអាចដាក់សម្ពាធឱ្យថៃឈប់បាញ់ទេ ថៃនឹងឈប់លុះត្រាតែកម្ពុជាយល់ព្រមអនុវត្តតាមលក្ខខណ្ឌជាមុន ៕










