តារាសម្តែង ស៊ីន យូប៊ីន បានប្រឈមមុខនឹងការរិះគន់សាជាថ្មីពីសហគមន៍អនឡាញបន្ទាប់ពីតារាស្រីរូបនេះបង្ហោះឡើងវិញពីវីដេអូរបស់តារាចម្រៀង Lisa ចូលរួមព្រឹត្តិការណ៍ LV កាលពីថ្ងៃទី៣ ធ្នូ ។ មិនត្រឹមតែ យូប៊ីន ប៉ុណ្ណោះដែលរងការរិះគន់សំណេរចាស់របស់ រ៉េត សារីតា ត្រូវបានជីកកាយឡើងវិញបន្ទាប់ពីថៃបើកការឈ្លានពានមកកាន់កម្ពុជាម្តងទៀត។

នៅថ្ងៃទី១០ ខែធ្នូ នេះអ្នកលេងបណ្តាញសង្គមមួយចំនួនបានសម្តែងការខកចិត្តនិងមានមតិខ្លះទៀតរិះគន់ចំពោះតារាសម្តែង ស៊ីន យូប៊ីន បន្ទាប់ពីឃើញគណនីទិកតុករបស់នាង Repost វីដេអូរបស់ Lisa សមាជិក BLACKPINK ។ បន្ទាប់ពីរងប្រតិកម្មពីសាធារណជនគណនីទិកតុករបស់ យូប៊ីន ក៏បានលុបការ Repost ផងដែរ។
គួរឱ្យដឹងថាផេករបស់តារាសម្តែងជួរមុខរូបនេះពុំមានសកម្មភាពជាយូរមកហើយដោយសារតែមានបញ្ហាប៉ុន្តែគណនីទិកតុកនិង IG របស់ យូប៊ីន នៅដំណើរការខណៈការបង្ហោះរបស់នាងផ្តោតទៅលើបណ្តាញសង្គមពីរនេះវិញ។ ជាមួយនឹងការខកចិត្តអ្នកលេងបណ្តាញសង្គមខ្លះបានចង្អុលបង្ហាញថាតារាសម្តែង ស៊ីន យូប៊ីន គឺចូលរួមបង្ហោះតិចតួចក្នុងពេលថៃឈ្លានពានកម្ពុជាសាជាថ្មីបំពានបទឈប់បាញ់ទាត់ចោលកិច្ចព្រមព្រៀងសន្តិភាព។

មិនត្រឹមតែតារាសម្តែង ស៊ីន យូប៊ីន ប្រឈមមុខនឹងមតិសាធារណៈប៉ុណ្ណោះទេងាកមកកាន់កញ្ញា រ៉េត សារីតា ដែលជាបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២០ក៏រងនូវមតិរិះគន់ជាថ្មីទៅលើសំណេរចាស់របស់នាង។ កាលពីមុន រ៉េត សារីតា បានបង្ហោះសំណេរក្នុងន័យវិជ្ជមានកុំឱ្យយកទុក្ខសោកអ្នកដទៃមកលេងសើចឱ្យរក្សាភាពថ្លៃថ្នូរជាកូនខ្មែរក្នុងពេលព្រះមហាក្សត្រីថៃ Sirikit សោយទិវង្គត។ ក្រោយមកនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ កញ្ញា រ៉េត សារីតា បានបង្ហោះសំណេរវែងមួយឆ្លើយតបទៅកាន់អ្នកមួយចំនួនយកលេសស្នេហាជាតិមកជាន់ពន្លិចខ្មែរគ្នាឯង។ បវរកញ្ញារូបនេះថាអ្នកដែលប្រមាថមកលើនាង នាងមិនខឹងនោះទេប៉ុន្តែអាណិតវិញហើយបើមានខ្លួនស្រូបយកឱ្យអស់ចុះយុគ៩នេះ។
ទោះបីជាកន្លងផុតទៅហើយក្តី ប៉ុន្តែប្រយោគរបស់ រ៉េត សារីតា បានធ្វើឱ្យសាធារណជនបញ្ចេញមតិរិះគន់ម្តងទៀតបន្ទាប់ពីសង្គ្រាមខ្មែរនិងថៃបានផ្ទុះឡើងវិញយ៉ាងក្តៅគគុកនាពេលនេះ៕










