រាជធានីភ្នំពេញ៖ អស់បារម្ភបញ្ហាសេវាទូរស័ព្ទមានភាពរអាក់រអួល! នៅឆាប់ៗខាងមុខនេះ ប្រទេសកម្ពុជានឹងចាប់ផ្ដើមដាក់ដំណើរការជាផ្លូវការនៃការធ្វើប្រតិបត្តិការសេវាទូរសព្ទចល័តជំនាន់ទី5 ឬសេវា 5G នៅក្នុងប្រទេស ដែលមានល្បឿនលឿនជាងសេវា 4G រហូតដល់10ដង។ នេះបើយោងតាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ការប្រកាសនេះ បានធ្វើឡើងក្នុងពិធីបើក វេទិការដ្ឋាភិបាលឌីជីថល ឆ្នាំ2025 និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល នៅព្រឹកថ្ងៃទី5 ខែធ្នូ ក្រោមអធិបតីភាពលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
តាមការបញ្ជាក់របស់ក្រសួងប្រៃសណីយ៍ ប្រតិបត្តិការសេវាទូរសព្ទចល័តជំនាន់ទី5 ឬសេវា 5G នៅក្នុងប្រទេសនៅក្នុងប្រទេសកម្ពុជា នឹងនាំមកនូវអត្ថប្រយោជន៍សំខាន់ៗដូចជា៖
– ល្បឿនទិន្នន័យលឿនបំផុត — លឿនជាងសេវា 4G ដល់ទៅ 10 ដង អនុញ្ញាតឱ្យទាញឯកសារ ទស្សនាវីដេអូ និងប្រើសេវាឌីជីថលបានរលូនជាងមុន។
– រយៈពេលនៃការឆ្លើយតប (Latency) ទាបខ្លាំង — បណ្តាញឆ្លើយតបជាក់ស្តែងសមស្របសម្រាប់សេវាជាច្រើន ដូចជា ការសង្គ្រោះបន្ទាន់ និងការគ្រប់គ្រងចរាចរណ៍ឆ្លាតវៃ ជាដើម។
– ការប្រើប្រាស់ឧបករណ៍បានច្រើនជាងមុន — សេវា 5G អាចតភ្ជាប់ឧបករណ៍រាប់លានក្នុងមួយគីឡូម៉ែត្រការ៉េ ជាជំហានដ៏សំខាន់សម្រាប់ទីក្រុងឆ្លាតវៃ កសិកម្មឌីជីថល និងរោងចក្រឆ្លាតវៃ ជាដើម។
– ការជំរុញឧស្សាហកម្មនិងស្នូលអេកូឡូស៊ីឌីជីថល — សេវា 5G នឹងជួយបង្កើនប្រសិទ្ធភាពវិស័យផលិត ដឹកជញ្ជូន Fintech e-Commerce និង Startup នវានុវត្តន៍។
– ការលើកកម្ពស់សេវាសាធារណៈ — e-Health, e-Education, e-Government និងសេវាឌីជីថលរដ្ឋទាំងមូល នឹងកាន់តែមានប្រសិទ្ធភាព និងលឿនជាងមុន។
– ការពង្រឹងភាពរឹងមាំសេដ្ឋកិច្ចជាតិ — សេវា 5G នឹងទាក់ទាញវិនិយោគ កសាងឱកាសការងារ និងបង្កើនសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងតំបន់ និងអន្តរជាតិ។
តាមការបញ្ជាក់ខាងលើ សេវា 5G មិនមែនត្រឹមតែ “អ៊ីនធឺណិតល្បឿនលឿន” ប៉ុណ្ណោះទេ តែសេវានេះ នឹងក្លាយជាហេដ្ឋារចនាសម្ព័ន្ធគ្រឹះសម្រាប់អនាគតឌីជីថល នវានុវត្តន៍ និងកាលានុវត្តភាពថ្មីៗរបស់ប្រជាជនកម្ពុជា។.jpg)
សូមជម្រាបជូនថា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានសិក្សាយ៉ាងស៊ីជម្រៅអំពីវិធីសាស្ត្រក្នុងការដាក់ឱ្យដំណើរការសេវាទូរសព្ទចល័តជំនាន់ទី៥ ឬសេវា 5G ហើយបានប្រមូលធាតុចូលពីគ្រប់ប្រតិបត្តិករទូរគមនាគមន៍ទាំងអស់ ព្រមទាំងបានធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រតិបត្តិករនីមួយៗ ដើម្បីធានាបានថា សេវា 5G អាចត្រូវបានដាក់ឱ្យដំណើរការជោគជ័យនៅក្នុងប្រទេសយើង៕










