ប្រទេសថៃ ៖ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានបដិសេធព័ត៌មានពលរដ្ឋភាគខាងត្បូងស្លា.ប់ដោយសារទឹកជំនន់កើនឡើងរហូតដល់ជាង១ពាន់នាក់ ដោយលោកថា គ្មានការលាក់បាំងចំនួនមនុស្សស្លា.ប់ទេ រដ្ឋាភិបាលបង្ហាញចំនួនពិតប្រាកដផ្អែកតាមទិន្នន័យរបស់ក្រសួងសុខាភិបាល ។ ការបដិសេធរបស់នាយករដ្ឋមន្ត្រីថៃបន្ទាប់ពីពលរដ្ឋចោទប្រកាន់ថា រដ្ឋាភិបាលលាក់បាំងចំនួនមនុស្សស្លា.ប់ដោយសារទឹកជំនន់ ដើម្បីកុំឱ្យរងការស្ទីបន្ទោសពីដំណោះស្រាយទឹកជំនន់យឺតយ៉ាវ ព្រមទាំងខ្វះខាតភ្នាក់ងារសង្គ្រោះ និងឧបករណ៍ ។.jpg)
នៅវិមានរដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី Anutin និយាយថា រដ្ឋាភិបាលមិនអាចលាក់បាំងចំនួនមនុស្សស្លា.ប់ដោយសារទឹកជំនន់នៅភាគខាងត្បូងទេ រដ្ឋាភិបាលបង្ហាញចំនួនពិតប្រាកដផ្អែកតាមទិន្នន័យរបស់ក្រសួងសុខាភិបាល មនុស្សស្លាប់ដោយសារទឹកជំនន់ត្រឹមតែខ្ទង់រយប៉ុណ្ណោះ មិនដល់ខ្ទង់ពាន់ទេ ។ មតិជាច្រើនថា មនុស្សស្លាប់ដោយសារទឹកជំនន់នៅភាគខាងត្បូងរហូតដល់ជាង១ពាន់នាក់ ប៉ុន្តែរដ្ឋាភិបាលលាក់បាំងព័ត៌មាន សូមបញ្ជាក់ថា រដ្ឋាភិបាលបានបង្ហាញចំនួនមនុស្សស្លាប់ពិតប្រាកដ ។ រីឯអ្នកចោទប្រកាន់ចំនួនអ្នកស្លាប់ស្មើជាង១ពាន់នាក់ គឺពួកគេអាចនិយាយបានដើម្បីឱ្យមានការផ្ទៀងផ្ទាត់ទិន្នន័យ ។
ការបង្ហាញចំនួនមនុស្សស្លាប់ត្រូវតែផ្អែកតាមទិន្នន័យរបស់ក្រសួងសុខាភិបាល និងបង្ហាញពីសាច់ញាតិសាកសព ពីព្រោះវាមិនចាំបាច់ដែលរដ្ឋាភិបាលត្រូវលាក់បាំងព័ត៌មានពលរដ្ឋទេ ។ នេះជាបញ្ហាគ្រោះធម្មជាតិ បើមានគ្រោះថ្នាក់អ្វីត្រូវតែបង្ហាញជាសាធារណៈដើម្បីទទួលបានមតិណែនាំពីពលរដ្ឋ រដ្ឋាភិបាលស្តាប់គ្រប់មតិណែនាំ បើមតិល្អនឹងអនុវត្តតាមដើម្បីបង្កើនកិច្ចសហការ ។
ដូចគ្នានេះ កាលពីថ្ងៃទី២ ខែធ្នូ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ផាត់តាណា ប្រមផាន់ បានបដិសេធព័ត៌មានពលរដ្ឋភាគខាងត្បូងស្លាប់ដោយសារទឹកជំនន់រហូតដល់ជាង១ពាន់នាក់ ដោយលោកថា មិនមែនជាការពិតទេ ការលើកឡើងបែបនេះគ្មានភស្តុតាង ។ ចំនួនអ្នកស្លាប់ដោយទឹកជំនន់ពិតប្រាកដស្មើត្រឹមខ្ទង់រយប៉ុណ្ណោះ ហើយមានតែទិន្នន័យរបស់ក្រសួងសុខាភិបាលទេដែលពិតប្រាកដ និងអាចជឿជាក់ ។
បើទោះជាលោកនាយករដ្ឋមន្ត្រី Anutin និងរដ្ឋមន្ត្រីក្រសួងសុខាភិបាលបញ្ជាក់ពីចំនួនពលរដ្ឋភាគខាងត្បូងស្លាប់ដោយសារទឹកជំនន់មិនដល់ជាង១ពាន់នាក់ក៏ដោយ ប៉ុន្តែចំនួនពលរដ្ឋស្លាប់នេះកំពុងតែចម្រូងចម្រាស់ខ្លាំងណាស់នៅប្រទេសថៃ ដោយពលរដ្ឋចោទប្រកាន់រដ្ឋាភិបាលថា លាក់បាំងការពិតពីចំនួនមនុស្សស្លាប់ ។.jpg)
គួរបញ្ជាក់ថា កាលពីថ្ងៃទី២ ខែធ្នូ សភាពាណិជ្ជកម្មថៃបានលើកឡើងពីទឹកជំនន់នៅភាគខាងត្បូងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ប្រហាក់ប្រហែលនឹងទឹកជំនន់កាលពីឆ្នាំ២០១១ ដោយសភាពាណិជ្ជកម្មវាយតម្លៃថា ថៃខាតបង់ថវិកាជាតិរហូតដល់ជាង៤ម៉ឺនលានបាត (ឬជាង១,២៥០លានដុល្លារ) ក្នុង១ខែ ដោយសារទឹកជំនន់ ខណៈវិស័យទេសចរណ៍ និងសេវាកម្មប៉ះពាល់ខ្លាំងបំផុត ។ ពលរដ្ឋ និងម្ចាស់អាជីវកម្មភាគខាងត្បូងត្រូវការប្រាក់សំណងជាបន្ទាន់ពីរដ្ឋាភិបាល និងចំណាយពេលរហូតដល់ជាង១ខែក្នុងការរៀបចំផ្ទះ ឬអាជីវកម្មឡើងវិញ ៕










