ប្រទេសឥណ្ឌូណេស៊ី ៖ ស្របពេលទឹកជំនន់វាយប្រ.ហារយ៉ាងធ្ងន់ធ្ងរនៅបណ្តាប្រទេសក្នុងតំបន់អាស៊ាន រួមមាន ៖ ថៃ វៀតណាម និងម៉ាឡេស៊ី បណ្តាលឱ្យខូចខាតផ្ទះសម្បែង អគារ ស្ពាន ផ្លូវ សាលារៀន មន្ទីរពេទ្យ និងផ្ទៃដីកសិកម្ម ដែលជាការខាតបង់សេដ្ឋកិច្ចយ៉ាងច្រើនមហាសាល នៅឥណ្ឌូណេស៊ីក៏រងផលប៉ះពាល់ធ្ងន់ធ្ងរដែរ រហូតធ្វើឱ្យពលរដ្ឋឥណ្ឌូណេស៊ីស្លា.ប់ដោយសារទឹកជំនន់កើនឡើងរហូតដល់៤៤២នាក់ រងរបួសជាង៦៤០នាក់ និងបាត់ខ្លួនប្រមាណ៤០០នាក់ ។
កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ទឹកជំនន់យ៉ាងខ្លាំងក្លា និងបាក់ដីនៅកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូណេស៊ី បណ្តាលឱ្យពលរដ្ឋស្លាប់កើនឡើងយ៉ាងឆាប់រហ័សរហូតដល់៤៤២នាក់ រងរបួសជាង៦៤០នាក់ និងបាត់ខ្លួនប្រមាណ៤០០នាក់ គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ខណៈរដ្ឋាភិបាលឥណ្ឌូណេស៊ីព្យាយាមជួយសង្គ្រោះពលរដ្ឋរងគ្រោះ ។ ភ្នាក់ងារសង្គ្រោះនៅតែបន្តជួយពលរដ្ឋយ៉ាងលំបាកដោយសារផ្លូវធ្វើដំណើរត្រូវបានទឹកហូរកាត់ផ្តាច់ រីឯការតភ្ជាប់សេវាអ៊ីនធើរណេត និងអគ្គិសនីធ្វើឡើងក្នុងតំបន់មួយចំនួនប៉ុណ្ណោះ ។
.jpg)
ភ្នាក់ងារជាតិគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូណេស៊ីបានបង្ហាញពីចំនួនមនុស្សស្លាប់ រងរបួស និងបាត់ខ្លួនយ៉ាងច្រើនដោយសារទឹកជំនន់នៅខេត្តចំនួន៣ រួមមាន ៖ ខេត្តសុម៉ាត្រាខាងជើង, សុម៉ាត្រាខាងលិច និងខេត្តអាជេស ។ ទឹកជំនន់ធ្វើឱ្យពលរដ្ឋជិត៥ម៉ឺននាក់គ្រួសារជម្លៀសចេញពីផ្ទះសម្បែង ហើយរដ្ឋាភិបាលឥណ្ឌូណេស៊ីបានបញ្ជូននាវាចម្បាំង២គ្រឿងពីទីក្រុងហ្សាកាតា មកជួយសង្គ្រោះមនុស្សរងគ្រោះនៅបណ្តាខេត្តទាំងនេះ ។

ទឹកជំនន់ និងការបាក់ដីយ៉ាងខ្លាំងក្លានៅកោះស៊ូម៉ាត្រា គឺបន្ទាប់ពីមានខ្យល់ព្យុះស៊ីក្លូន ដែលបណ្តាលឱ្យផ្ទះជាច្រើនខ្នងត្រូវបានខ្យល់បក់ខ្ទេចខ្ទី ខណៈអគាររាប់ពាន់កន្លែងលិចទឹក ។ ភ្នាក់ងារជាតិគ្រប់គ្រងគ្រោះមហន្តរាយបញ្ជាក់ថា អាកាសធាតុដ៏អាក្រក់ជាឧបសគ្គរបស់ភ្នាក់ងារសង្គ្រោះ បើទោះជាមនុស្សរាប់ម៉ឺននាក់បានជម្លៀសចេញពីតំបន់គ្រោះថ្នាក់ ប៉ុន្តែនៅមានមនុស្សរាប់រយនាក់ទៀតជាប់ក្នុងផ្ទះ ឬអគារ ។

ទីក្រុងតាប៉ានូលី រងផលប៉ះពាល់ធ្ងន់ធ្ងរបំផុត បើតាមសេចក្តីរាយការណ៍ គឺពលរដ្ឋក្នុងទីក្រុងនេះបានសម្រុកចូលលួចចំណីអាហារក្នុងហាងទំនិញយកមកបរិភោគកុំឱ្យស្លាប់ ។ អាជ្ញាធរឥណ្ឌូណេស៊ីប្រកាសកោះស៊ូម៉ាត្រាជាតំបន់មានគ្រោះថ្នាក់ខ្លាំង ដែលចាំបាច់ត្រូវដោះស្រាយបញ្ហាទឹកជំនន់ជាបន្ទាន់ និងបង្កើនទំនាក់ទំនងជាមួយស្ថាប័នពាក់ព័ន្ធដើម្បីសង្គ្រោះពលរដ្ឋ ។
ឥណ្ឌូណេស៊ីមិនធ្លាប់មានទឹកជំនន់ខ្លាំងពីមុនទេ ដែលស្ថានការណ៍នេះធ្វើឱ្យពលរដ្ឋឥណ្ឌូណេស៊ីមានបញ្ហាផ្លូវចិត្តកាន់តែខ្លាំង ដោយសារពួកគេធ្លាប់បាត់បង់ទ្រព្យសម្បត្តិក្នុងហេតុការណ៍រលកយក្សស៊ូណាមិកាលពីឆ្នាំ២០០៤ ហើយទឹកជំនន់នេះមិនខុសគ្នាពីរលកយក្សស៊ូណាមិទេ ។ អ្នកជំនាញថា ទឹកជំនន់ធ្ងន់ធ្ងរបង្ហាញពីបម្រែបម្រួលអាកាសធាតុ ខាងឧតុនិយមពិបាកព្យាករណ៍ ។
គួរបញ្ជាក់ថា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជាបានផ្ញើសារលិខិតចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ និងក្តីអាណិតអាសូរទៅកាន់លោកជំទាវ ពាន់ ម៉ាហារ៉ានី (Puan Maharani) ប្រធានរដ្ឋសភាឥណ្ឌូណេស៊ី និងទៅកាន់ក្រុមគ្រួសារនៃសពដែលបានបាត់បង់សមាជិកក្រុមគ្រួសារជាទីស្រឡាញ់ ក៏ដូចជាក្រុមគ្រួសាររងគ្រោះមហន្តរាយធម្មជាតិនៃទឹកជំនន់ និងការបាក់ស្រុតដីដ៏ធ្ងន់ធ្ងរនៅកោះស៊ូម៉ាត្រា ដែលបណ្តាលឱ្យពលរដ្ឋឥណ្ឌូណេស៊ីបាត់បង់ជីវិត រងរបួស បាត់ខ្លួន និងពលរដ្ឋជាច្រើនពាន់គ្រួសារទៀតត្រូវជម្លៀសចេញពីលំនៅឋាន ព្រមទាំងត្រូវបំផ្លិ.ចបំផ្លា.ញទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់ ៕










