ផន ស្រីពី Miss Cosmo Cambodia 2025 និង ដេត ស្រីនាឌ Miss Charm Cambodia 2025 កំពុងបំពេញបេសកម្មរបស់ខ្លួនក្នុងការប្រកួតកម្មវិធីសម្រស់នៅលើទឹកដីប្រទេសវៀតណាមដូចគ្នា។ ទៅដល់ភ្លាម ផន ស្រីពី បានចូលរួមកម្មវិធីសប្បុរសជួយដល់ជនរងគ្រោះពីទឹកជំនន់ ចំណែកឯ ដេត ស្រីនាឌ វិញមានការចាប់អារម្មណ៍គួរឱ្យកត់សម្គាល់ត្រូវបានផេកផ្លូវការក្នុងកម្មវិធីបង្ហោះរូបនាងជាបន្តបន្ទាប់។
.png)
អ្នកតាមដានវិស័យបវរកញ្ញាជ្រាបមកហើយថា ផន ស្រីពី បានធ្វើដំណើរមុនកាលកំណត់នៃការចូលរួមប្រកួត Miss Cosmo នៅឯប្រទេសវៀតណាម ដោយសារតែនាងមានបំណងចូលរួមជាមួយនឹង CEO នៃកម្មវិធីនេះដើម្បីធ្វើកម្មវិធីសប្បុរសធម៌ទៅដល់ពលរដ្ឋវៀតណាមដែលរងគ្រោះដោយសារតែគ្រោះទឹកជំនន់។
អ្នកគាំទ្របានសង្កេតឃើញថា ស្រីពី ឆាប់ចូលចុះជាមួយនឹងបេក្ខនារីមួយចំនួនទៀតយ៉ាងឆាប់រហ័សដោយបង្កើតទំនាក់ទំនងយ៉ាងល្អ និងចូលរួមលេងទិកតុកជាមួយគ្នាទៀតផង។ លើសពីនេះទៅទៀតគេសង្កេតឃើញថាអ្នកគាំទ្រវៀតណាមហាក់ដូចជាមានការចាប់អារម្មណ៍ ស្រីពី យ៉ាងច្រើនដោយមានទាំងការកាត់តវីដេអូនាងទៀតផង។ នេះអាចដោយសារតែមុននឹងចេញទៅប្រកួត ផន ស្រីពី បានចូលរួមកម្មវិធីជាច្រើនដងជាមួយគ្រួសារ Cosmo ។
ងាកមកកាន់ ដេត ស្រីនាឌ Miss Charm Cambodia 2025 ដ្បិតថាកន្លងមកនាងត្រូវបានទស្សនិកជនមិនពេញចិត្តចំពោះនាងក្តី ប៉ុន្តែ ស្រីនាឌ បានបន្ទន់ឥរិយាបថសុំការគាំទ្រពីមហាជន ហើយបានចេញទៅប្រកួតកម្មវិធី Miss Charm បន្ទាប់ពីឈ្នះជ័យលាភីក្នុងស្រុកកម្មវិធីឡាកាម៉ូ។
អ្នកគាំទ្របានសង្កេតឃើញថា ស្រីនាឌ បានរៀបចំខ្លួនយ៉ាងស្រស់ស្អាតមានការជូនពរពីមនុស្សជាច្រើនជាពិសេសអ្នកនាង ចន ច័ន្ទលក្ខណា តែងតែលើកទឹកគាំទ្រនាង។ គ្រាន់តែឈានដល់ប្រទេសវៀតណាម ដេត ស្រីនាឌ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីអ្នកគាំទ្រនៅទីនោះរួមទាំងបវរកញ្ញាម្ចាស់ផ្ទះផងដែរ។
ស្របពេលបវរកញ្ញាទាំងពីរ ដេត ស្រីនាឌ និង ស្រីពី កំពុងប្រកួតរៀងៗខ្លួននៅក្នុងប្រទេសវៀតណាមដូចគ្នា ការគាំទ្រពីប្រជាជនក្នុងស្រុកគឺពិតជាមានសារៈសំខាន់ព្រោះនេះជាការលើកទឹកចិត្តមួយដល់អ្នកតំណាងប្រទេសហើយក៏ជាឱកាសដើម្បីប្រកួតឱ្យប្រទេសកម្ពុជាចូល TOP បន្ទាប់ពីបវរកញ្ញាតំណាងប្រទេសនៅក្នុងកម្មវិធីធំៗមិនទទួលបានចំណាត់ថ្នាក់៕










