ពិធីប្រគល់ពានរង្វាន់ MAMA ឆ្នាំ២០២៥ បានបើកជាមួយនឹងរាត្រីទីមួយនៅកីឡដ្ឋាន Kai Tak ទីក្រុងហុងកុងនៅយប់ថ្ងៃទី២៨ ខែវិច្ឆិកា។ ដោយសារតែព្រឹត្តិការណ៍នេះបានកើតឡើងបន្ទាប់ពីភ្លើងឆេះផ្ទះល្វែងដ៏ធ្ងន់ធ្ងរនៅទីក្រុងហុងកុងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២៨ នាក់ និងបាត់ខ្លួនរាប់រយនាក់ អ្នករៀបចំ MAMA ត្រូវកែសម្រួលផែនការ និងខ្លឹមសារនៃពិធីនេះ។
.png)
កម្មវិធីនេះបានបើកដោយពាក្យថា «យើងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះជនរងគ្រោះដោយអគ្គីភ័យដែលបានកើតឡើងនៅទីក្រុងហុងកុង»។ អ្នករៀបចំ MAMA និងក្រុមហ៊ុនសាជីវកម្មកូរ៉េ CJ Group បានបរិច្ចាគថវិកាចំនួន ២០លានហុងកុង ដើម្បីគាំទ្រដល់ជនរងគ្រោះដោយអគ្គីភ័យ។ កម្រាលព្រំក្រហមនៃព្រឹត្តិការណ៍នេះក៏ត្រូវបានលុបចោលផងដែរ សិល្បករបានសង្កេតឃើញភាពស្ងប់ស្ងាត់មួយនាទីសម្រាប់ជនរងគ្រោះ ហើយការសម្តែងមួយចំនួនត្រូវបានផ្លាស់ប្តូរដើម្បីឱ្យសមស្របទៅនឹងបរិយាកាស។
ពិធីករ Park Bo Gum បានបង្ហាញខ្លួនក្នុងឈុតពណ៌ខ្មៅជាមួយនឹងខ្សែបូពណ៌ខ្មៅ។ សិល្បករទាំងអស់ដែលមានវត្តមាន និងទទួលពានរង្វាន់បានជ្រើសរើសសំលៀកបំពាក់សាមញ្ញៗ ស្ងប់ស្ងាត់ ដើម្បីចូលរួមរំលែកទុក្ខ។ ទោះបីជាទំហំនៃពិធីប្រគល់រង្វាន់មានកម្រិតគួរឱ្យកត់សម្គាល់ក៏ដោយ ក៏បញ្ជីឈ្មោះអ្នកឈ្នះនៅតែជាខ្លឹមសារសំខាន់ដែលអ្នកគាំទ្រ Kpop ទន្ទឹងរង់ចាំ។
ពាក់កណ្តាលនៃប្រភេទការតែងតាំងសរុបត្រូវបានផ្តល់រង្វាន់នៅយប់ដំបូង។ គួរកត់សម្គាល់ថា ពានរង្វាន់ Daesang (ពានរង្វាន់ធំ) ចំនួន ២ រង្វាន់បានទៅលើក្រុមចម្រៀងប្រុស ENHYPEN និងតារាចម្រៀងស្រី Rosé សមាជិក Blackpink។ ENHYPEN បានឈ្នះពានរង្វាន់ «Fan Choice of the Year» ចំណែក Rosé បានឈ្នះពានរង្វាន់ «Song of the Year» ជាមួយនឹងបទ «APT» ដែលសហការជាមួយ Bruno Mars ។

Rosé បានផ្តួលដៃគូប្រកួតប្រជែងខ្លាំងៗរួមមាន Jennie, aespa, G-Dragon និង Huntri/x ។ លទ្ធផលនេះត្រូវបានគេចាត់ទុកថា័សក្ដិសម ដោយសារតែបទនេះផ្ទុះជាសាកលក្នុងរយៈពេលមួយឆ្នាំកន្លងមក។ ទោះមិនអាចចូលរួមពិធីប្រគល់រង្វាន់ក៏ដោយ Rosé បានផ្ញើសារអរគុណនាងតាមរយៈវីដេអូដែលបានថតទុកជាមុន។ នាងបានបញ្ជាក់ថា៖ «ខ្ញុំចង់អរគុណដោយស្មោះអស់ពីចិត្តចំពោះអ្នកគាំទ្រទាំងអស់ដែលបានផ្ដល់ក្ដីស្រលាញ់ឱ្យខ្ញុំពេញមួយឆ្នាំកន្លងមក។ សូមអរគុណដល់បុគ្គលិក និងអ្នកនិពន្ធទាំងមូលដែលបានខិតខំបង្កើតបទចម្រៀង»។
Rosé ក៏បានផ្ញើសារទៅកាន់ Bruno Mars ដែលបានសហការជាមួយនាងក្នុងបទចម្រៀងនេះថា៖ «Bruno យើងបានឈ្នះរង្វាន់ធំ។ ខ្ញុំពិតជារីករាយណាស់ដែលបានទទួលពានរង្វាន់នេះ។ អរគុណច្រើន ហើយខ្ញុំគិតថាពួកយើងបានបង្កើតអនុស្សាវរីយ៍ដ៏ស្រស់ស្អាតនៅក្នុងកម្មវិធី MAMA Awards»។ រាត្រីប្រគល់ពានរង្វាន់ទីពីរនៃ MAMA 2025 នឹងបន្តនៅល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា នៅទីក្រុងហុងកុង៕










