ប្រទេសចិន ៖ រដ្ឋាភិបាលចិនបានកំណត់ឱ្យក្រុមហ៊ុនអាកាសចរណ៍នានានៅប្រទេសចិនកាត់បន្ថយជើងហោះហើរទៅជប៉ុនរហូតដល់ខែមីនា ឆ្នាំ២០២៦ ស្របពេលទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរកាន់តែតានតឹងក្រោយពីនាយករដ្ឋមន្ត្រីថ្មីជប៉ុន លោកស្រី Sanae Takaichi បង្ហាញគោលជំហរគាំទ្រតៃវ៉ាន់ បើរងការវាយប្រ.ហារពីចិន ។ ចិនចាត់ទុកពាក្យសម្តីនេះជាកំហុសដ៏ធ្ងន់ធ្ងរ និងបានចាត់វិធានការឆ្លើយតបវិញជាបន្តបន្ទាប់ បើទោះជាជប៉ុនបញ្ជូនមន្ត្រីជាន់ខ្ពស់ទៅចរចាបញ្ចប់ភាពតានតឹងក្តី ។.png)
សារព័ត៌មានបរទេសរាយការណ៍នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ក្រុមហ៊ុនអាកាសចរណ៍ចិននានាត្រូវបានណែនាំឱ្យផ្លាស់ប្តូរពេលវេលាហោះហើរ និងអនុវត្តតាមគោលការណ៍នៃទំនាក់ទំនងទ្វេភាគីរវាងចិន-ជប៉ុនដែលកំពុងធ្លាក់ចុះ ប៉ុន្តែគ្មានសេចក្តីរាយការណ៍លម្អិតពីការផ្លាស់ប្តូរពេលវេលាហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ចិនទេ ។ ក្រុមហ៊ុនអាកាសចរណ៍ចិនជាច្រើនដែលមានជើងហោះហើរទៅជប៉ុន បានចាប់ផ្តើមកាត់បន្ថយការហោះហើរក្រោយពីទទួលបានការណែនាំពីរដ្ឋាភិបាលចិន ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian ចាត់ទុកពាក្យសម្តីរបស់នាយករដ្ឋមន្ត្រីជប៉ុនខ្វះការទទួលខុសត្រូវ និងបង្កគ្រោះថ្នាក់យ៉ាងខ្លាំង បើជប៉ុនមិនសិក្សាពីប្រវត្តិសាស្ត្រ និងបញ្ជូនកងទ័ពមកជ្រៀតជ្រែតបញ្ហាតៃវ៉ាន់ ជប៉ុននឹងបរាជ័យមិនខាន ។ ចិនចាត់ទុកការបញ្ជូនកងទ័ពជប៉ុនមកចូលរួមក្នុងជម្លោះតៃវ៉ាន់ជាការឈ្លានពាន និងបង្កើនជម្លោះការទូត ហើយចិននឹងការពារអធិបតេយ្យនៅក្រោមច្បាប់អន្តរជាតិ ដោយប្រឆាំងដាច់ខាតចំពោះពាក្យសម្តីនេះ ។ បញ្ហាតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់ចិន ជប៉ុនមិនគួរជ្រៀតជ្រែកនាំឱ្យទំនាក់ទំនងការទូតជាមួយចិនធ្លាក់ចុះ ។
នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi បាននិយាយក្នុងរដ្ឋសភានាពេលកន្លងមកថា ជប៉ុនអាចនឹងបញ្ជូនកងទ័ពទៅការពារតៃវ៉ាន់ ប្រសិនបើរងការវាយប្រហារពីចិន ពីព្រោះចិនចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ជប៉ុននឹងប្រើប្រាស់សិទ្ធិការពារខ្លួន ។ បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុននិយាយបែបនេះ មន្ត្រីរដ្ឋាភិបាលចិនបានកោះហៅមន្ត្រីស្ថានទូតជប៉ុនមកបកស្រាយជាបន្ទាន់ និងបង្ហាញក្តីបារម្ភចំពោះគោលជំហររបស់លោកស្រី Sanae Takaichi ។.png)
ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរធ្លាក់ចុះកាន់តែខ្លាំង ទើបជប៉ុនបញ្ជូនលោក ខាណាអិ ម៉ាសាអាគិ ប្រធានការិយាល័យកិច្ចការអាស៊ីនៃក្រសួងការបរទេសទៅជួបលោក Liu Jinsong ប្រធានការិយាល័យកិច្ចការអាស៊ីក្រសួងការបរទេសចិននៅទីក្រុងប៉េកាំង ដើម្បីបញ្ជាក់ពីគោលជំហររដ្ឋាភិបាលជប៉ុនចំពោះតៃវ៉ាន់ ប៉ុន្តែចិននៅតែមិនព្រម និងទាមទារឱ្យនាយករដ្ឋមន្ត្រីជប៉ុនដកពាក្យសម្តីវិញ បើមិនដូច្នោះទេ ជប៉ុននឹងទទួលលទ្ធផលតបស្នង ។
លើសពីនេះ ចិនបានចាត់វិធានការជាច្រើនដើម្បីឱ្យសេដ្ឋកិច្ចជប៉ុនធ្លាក់ចុះ ដូចជា ៖ ហាមភ្ញៀវទេសចរចិនទៅជប៉ុន ផ្អាកនាំចូលអាហារសមុទ្រជប៉ុន និងពហិការភាពយន្តជប៉ុន ។ ចិនថែមទាំងមិនចូលរួមកម្មវិធីវប្បធម៌ជាច្រើន និងលុបចោលជំនួបរវាងនាយករដ្ឋមន្ត្រីចិន លោក Li Qiang ជាមួយរដ្ឋមន្ត្រីជប៉ុន នៅក្រៅកិច្ចប្រជុំមេដឹកនាំប្រទេស G20 នៅអាហ្រ្វិកខាងត្បូងនាសប្តាហ៍ទី៣ ខែវិច្ឆិកា ។
គួរបញ្ជាក់ថា ចិននិងជប៉ុនធ្លាប់មានជម្លោះការទូតជាមួយគ្នាកាលពីឆ្នាំ២០១២ ពាក់ព័ន្ធនឹងការគ្រប់គ្រងប្រជុំកោះ ដែលពេលនោះ នៅប្រទេសចិនបានធ្វើបាតុកម្មប្រឆាំងជប៉ុន ដែលធ្វើឱ្យមេដឹកនាំប្រទេសទាំងពីរមិនជជែកគ្នាអស់រយៈពេលជាង២ឆ្នាំ ៕










