ចាប់ពីថ្ងៃទី ២៧ ខែវិច្ឆិកាដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ កម្ពុជានឹងត្រូវទទួលរងឥទ្ធិពល៣០% នៃខ្យល់ព្យុះមួយដែលមានឈ្មោះថា«កូតូ» ដែលអាចបណ្តាលឱ្យមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំង លាយឡំនឹងបាតុភូតខ្យល់កន្រ្តាក់នៅតាមតំបន់មួយចំនួន។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបាន។

យោងតាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុក្នុងតំបន់ និងព្រះរាជាណាចក្រកម្ពុជា ក្រសួងធនធានទឹកនិងឧតុនិយម បានជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា សម្ពាធទាបដែល កើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិច និងសមុទ្រចិនខាងត្បូង បានវិវត្តទៅជាព្យុះទី២៧ឈ្មោះ កូតូ (Koto) T2527 ហើយមានឥទ្ធិពលលើរបបខ្យល់មូសុងឦសានខ្លាំង ដែលបក់លើអាងទន្លេមេគង្គ សមុទ្រកម្ពុជា សមុទ្រអានដាមម៉ែន និងលើព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះ ប្រទេសកម្ពុជាដែលស្ថិតនៅក្បែរគន្លងផ្លូវដើររបស់ព្យុះនេះ នឹងទទួលរងឥទ្ធិពលកម្រិត ៣០% នៅចន្លោះរវាងចាប់ពីថ្ងៃទី២៦ ដល់ទី៣០ ខែវិច្ឆិកា។.jpg)
ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស ចាប់ពីថ្ងៃទី២៧ ខែវិច្ឆិកា ដល់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ នៅតំបន់មួយចំនួនជួបប្រទះនូវលក្ខខណ្ឌខុសៗគ្នាដូចជា៖
១.តំបន់វាលទំនាប៖ ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ អាចមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំងជាមួយបាតុភូត ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី១៥%។
២.តំបន់ខ្ពង់រាប៖ ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និង តំបន់ជួរភ្នំក្រវាញ អាចមានភ្លៀងធ្លាក់ និងខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី២០%។
៣.តំបន់មាត់សមុទ្រ៖ ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ បរិមាណទឹកភ្លៀងនឹងអាចកើនឡើងក្នុង កម្រិតមធ្យម និងមានខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ១០%។ រលកសមុទ្របោក បក់ខ្លាំង ដែលមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ២,៥០ម៉ែត្រ។.jpg)
យោងលើការព្យាករដូចបានជម្រាបជូនខាងលើ ក្រសួងធនធានទឹក និងឧតុនិយមបានអំពាវនាវសាធារណជនមេត្តាប្រុងប្រយ័ត្នខ្ពស់ ជាពិសេសបងប្អូន ដែលធ្វើដំណើរតាមផ្លូវគោក និងផ្លូវទឹក និងបងប្អូនប្រជានេសាទតាមសមុទ្រ។ ក្រសួងធនធានទឹក និងឧតុនិយម នឹងបន្តធ្វើការតាមដាន និងវិភាគអំពីស្ថានភាពធាតុអាកាសដើម្បីជម្រាបជូនជាបន្តបន្ទាប់ ក្នុងករណីមានការប្រែប្រួល៕.jpg)










