ប្រទេសថៃ ៖ បន្ទាប់ពីទឹកជំនន់បង្កការខូចខាត និងសម្លា.ប់ជីវិតពលរដ្ឋថៃយ៉ាងច្រើននៅភាគខាងត្បូង នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ គណបក្សប្រជាជនដែលជាគណបក្សប្រឆាំងបានណែនាំរដ្ឋាភិបាលថៃអំពាវនាវឱ្យបរទេសជួយដោះស្រាយបញ្ហាទឹកជំនន់នៅខេត្តសុងក្លាជាបន្ទាន់ ពីព្រោះស្ថានការណ៍ពេលនេះធ្ងន់ធ្ងរខ្លាំងពេក ទើបរដ្ឋាភិបាលថៃមិនអាចដោះស្រាយបាន ។ គណបក្សនេះបញ្ជាក់ថា ដល់ពេលវេលាសុំជំនួយពីបរទេសហើយ មុនពេលប្រទេសថៃកាន់តែខាតបង់ធ្ងន់ធ្ងរជាងនេះ ។
.jpg)
នៅថ្ងៃទី២៦ ខែវិច្ឆិកា លោក Parit Wacharasindhu អ្នកនាំពាក្យគណបក្សប្រជាជនបានសំណូមពរឱ្យរដ្ឋាភិបាលថៃជួយសង្គ្រោះជីវិតពលរដ្ឋនៅខេត្តសុងក្លា និងខេត្តផ្សេងទៀតនៅភាគខាងត្បូង ដោយលោកនិយាយថា ស្ថានការណ៍ទឹកជំនន់ខេត្តសុងក្លា ជាពិសេស ស្រុកហាតយៃ គឺធ្ងន់ធ្ងរបំផុត ហើយរដ្ឋាភិបាលមានតួនាទីសំខាន់ជួយការពារពលរដ្ឋថៃកុំឱ្យស្លាប់ច្រើនជាងនេះ ។ មនុស្សជាប់ក្នុងអគាររាប់ម៉ឺននាក់ ប៉ុន្តែក្រុមសង្គ្រោះបានជួយជម្លៀសអ្នកជាប់ក្នុងអគារមកកន្លែងសុវត្ថិភាពបានតែខ្ទង់ពាន់នាក់ប៉ុណ្ណោះ ហេតុនេះ លោកគិតថា គ្រប់វិនាទីសំខាន់ណាស់ រដ្ឋាភិបាលត្រូវតែការពារពលរដ្ឋឱ្យឆាប់បំផុត ។

គណបក្សប្រជាជនសូមសំណូមពរទៅកាន់រដ្ឋាភិបាលត្រូវតែសហការជាមួយភ្នាក់ងារពាក់ព័ន្ធឱ្យបាន ដោយរៀបចំប្រព័ន្ធទិន្នន័យទីតាំងជនរងគ្រោះ និងប្រញាប់អនុវត្តឱ្យលឿនបំផុត ពីព្រោះបើគ្មានទិន្នន័យទេនោះ រដ្ឋាភិបាលនឹងពិបាកដោះស្រាយបញ្ហា ហើយនៅថ្ងៃទី២៦ ខែវិច្ឆិកានេះ លោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ត្រូវតែសម្រេចចិត្តថា គួរធ្វើបែបណាបន្តទៀត ។ រដ្ឋាភិបាលត្រូវតែជម្លៀសពលរដ្ឋឱ្យលឿន ដោយប្រមូលទូកឱ្យបានច្រើនគ្រឿងសម្រាប់ដឹកជញ្ជូនជនរងគ្រោះ ។
ការសំណូមពរមួយទៀតរបស់គណបក្សប្រជាជន គឺបើទោះជាការជម្លៀសជនរងគ្រោះបានឆាប់រហ័ស និងច្រើនបំផុតក្តី ក៏រដ្ឋាភិបាលមិនអាចជម្លៀសជនរងគ្រោះបានគ្រប់គ្នាដែរ ។ អ្វីចាំបាច់បំផុតសម្រាប់ពេលនេះ ត្រូវចែកអាហារឱ្យដល់ដៃជនរងគ្រោះគ្រប់រូប បើទូកមិនអាចចូលទៅដល់ទីតាំងគ្រោះថ្នាក់ទេ ត្រូវប្រើប្រាស់ឧទ្ធម្ភាគចក្របញ្ជូនអាហារឱ្យជនរងគ្រោះ ។
ចុងក្រោយ រដ្ឋាភិបាលថៃត្រូវរូតរះអំពាវនាវឱ្យបរទេសជួយដោះស្រាយទឹកជំនន់នៅខេត្តសុងក្លា ពីព្រោះស្ថានការណ៍ទឹកជំនន់នៅខេត្តសុងក្លាធ្ងន់ធ្ងរខ្លាំងហួសពីសមត្ថភាពរបស់រដ្ឋាភិបាលថៃក្នុងការដោះស្រាយ ។ ក្រសួងការបរទេសថៃគួរប្រញាប់ទូរស័ព្ទទៅប្រទេសនានាឱ្យជួយពលរដ្ឋថៃ ដោយទូរស័ព្ទទៅម៉ាឡេស៊ី និងសិង្ហបុរី ពីព្រោះប្រទេសទាំងពីរអាចមានពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅថៃ ព្រមទាំងទាក់ទងទៅក្រុមហ៊ុនអាមេរិកដើម្បីប្រើប្រាស់ Starlink ជាសេវាអ៊ីនធើរណេតល្បឿនលឿនតាមផ្កាយរណបជួយផ្តល់សេវាអ៊ីនធើរណេតនៅថៃ ដោយផ្តល់ភាពងាយស្រួលដល់ក្រុមសង្គ្រោះដឹងទីតាំងជនរងគ្រោះ ។
គួរបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រី Anutin បានប្រកាសថា មិនត្រឡប់ទៅទីក្រុងបាងកកវិញទេ លោកនឹងនៅជួយពលរដ្ឋភាគខាងត្បូងរហូតដល់ស្ថានការណ៍ទឹកជំនន់ធូរស្រាលឡើងវិញ ប៉ុន្តែពលរដ្ឋមើលឃើញថា ការជួយរបស់រដ្ឋាភិបាលយឺតយ៉ាវខ្លាំង មិនទាន់ពេលវេលា មិនថាការជម្លៀស ឬចែកអាហារ ជាហេតុធ្វើឱ្យពលរដ្ឋស្លាប់ជាបន្តបន្ទាប់ ៕










