ប្រសិនជាគ្មានភាពក្លាហានកាលពី៧ឆ្នាំមុនហ៊ានលើកកាមេរ៉ាថតវីដេអូ ជា ស្រីនា ថាជីវិតនាងប្រហែលខុសពីពេលនេះឆ្ងាយណាស់។ បទពិសោធន៍រយៈពេល៧ឆ្នាំក្នុងវិស័យនៃការបង្កើតមាតិកាធ្វើឱ្យ ជា ស្រីនា រៀនសូត្របានច្រើនបើគិតជាការសិក្សានាងថាដូចជាបញ្ចប់ថ្នាក់ Master Degree។
ជា ស្រីនា គឺជាអ្នកបង្កើតមាតិកាល្បីមួយរូបដែលសាងប្រជាប្រិយភាពតាមរយៈវីដេអូ Make Up ជីវិតរស់នៅប្រចាំថ្ងៃជាដើម។ ជាមនុស្សដែលមានចិត្តសប្បុរសសាងប្រជាប្រិយភាពប្រកបដោយសេចក្តីថ្លៃថ្នូរក្នុងសង្គម ស្រីនា ទទួលបានការស្រលាញ់គាំទ្រជាច្រើនពីមហាជនពីមួយថ្ងៃទៅមួយថ្ងៃ។ ដ្បិតតែទទួលបានការស្រលាញ់ច្រើនពិតណាស់ជាមនុស្សសាធារណៈ ជា ស្រីនា ក៏មានពេលខ្លះទទួលបានមតិអវិជ្ជមានដូចគ្នា។
បទពិសោធន៍ក្នុងជីវិតនេះដែរ ជា ស្រីនា ក៏បានបង្ហាញពីភាពក្លាហានរបស់ខ្លួនកាលពី៧ឆ្នាំមុនដែលនាងហ៊ានលើកកាមេរ៉ាថតវីដេអូទើបធ្វើឱ្យមាន ជា ស្រីនា ដូចបច្ចុប្បន្ននេះ។ នៅថ្ងៃទី២៦ ខែវិច្ឆិកា ភរិយា ហេង វិសាល បានរៀបរាប់លើបណ្តាញសង្គមរបស់ខ្លួនថា «ថ្ងៃនេះ ៧ ឆ្នាំមុនមានក្មេងស្រីម្នាក់ សម្រេចចិត្តថាលែងខ្វល់ពីអ្នកណាគិតអី លែងខ្លាចការរិះគន់ និងលែងស្តាប់សំឡេងក្នុងចិត្តដែលប្រាប់នាងថា «កុំធ្វើ គ្មានអ្នកណាចង់មើលទេ»
ក្មេងស្រីនោះលើកកាមេរ៉ាមួយ ហ៊ានថតវីដេអូដំបូង ហ៊ានផុសវាចេញ ហ៊ានបើកទ្វារតូចមួយឱ្យពិភពលោកឮសំឡេងរបស់គាត់»។ ៧ ឆ្នាំកន្លងទៅបើគិតជាការសិក្សា វាដូចជាបញ្ចប់ Master Degree មួយហើយ។
ដំណើរនេះ ជា ស្រីនា ថាបានបង្រៀននាងអំពីភាពអត់ធ្មត់ ដួលហើយងើបឡើងវិញ ដោះស្រាយថ្ងៃលំបាក ទំនួលខុសត្រូវ និងគុណធម៌។ ពីក្មេងស្រីកាលពី២០១៨ ជា ស្រីនា ថានាងមិនដែលគិតថាចំណង់ចំណូលចិត្តតូចមួយអាចក្លាយជាចំណែកនៃជីវិតរបស់នាង ជួបគូអនាគត និងក្លាយជាកន្លែងដែលអាចផ្តល់ឥទ្ធិពលល្អៗឱ្យអ្នកដទៃបានដល់សព្វថ្ងៃ។ 
អ្នកបង្កើតមាតិការូបនេះបានលើកឡើងទៀតថារយៈពេល៧ឆ្នាំនេះនាងនៅតែរៀនសូត្រ នៅតែឱ្យខ្លួនឯងមានការរីកចម្រើននិងនៅតែអរគុណដល់ក្មេងស្រីជាខ្លួននាងកាលពីមុនដែលបានហ៊ានចាប់កាមេរ៉ាឡើងនៅថ្ងៃមួយនោះទាំងមិនទាន់ដឹងអ្វីទាំងអស់ក្រៅពីក្តីស្រលាញ់។ ជា ស្រីនា ថា «បើមិនមានភាពក្លាហាននៅពេលនោះ ជីវិតខ្ញុំប្រហែលខុសពីពេលនេះឆ្ងាយណាស់»៕










