ប្រទេសចិន ៖ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ អ្នកនាំពាក្យក្រសួងការបរទេសចិនបានហៅគម្រោងរបស់ជប៉ុនដែលដាក់ពង្រាយមីស៊ីលនៅលើកោះក្បែរតៃវ៉ាន់ គឺជាការព្យាយាមបង្កភាពតានតឹងក្នុងតំបន់ និងញុះញង់ឱ្យកងទ័ពប្រឈមមុខគ្នា ស្របពេលជម្លោះការទូតរវាងប្រទេសទាំងពីរកាន់តែក្តៅគគុកខ្លាំងឡើង ។ ជម្លោះការទូតចិន-ជប៉ុនកាន់តែឡើងកំដៅខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុននិយាយកាលពីពាក់កណ្តាលខែវិច្ឆិកាថា នឹងបញ្ជូនកងទ័ពជប៉ុនទៅជួយការពារតៃវ៉ាន់ ប្រសិនបើរងការវាយប្រ.ហារពីចិន ។.png)
អ្នកនាំពាក្យក្រសួងការបរទេសចិន អ្នកស្រី Mao Ning បាននិយាយក្នុងពេលរាយការណ៍ព័ត៌មានប្រចាំថ្ងៃកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ថា ៖ «កងកម្លាំងស្តាំនិយមនៅជប៉ុនកំពុងតែនាំប្រទេសរបស់ខ្លួន និងតំបន់ឆ្ពោះទៅរកគ្រោះមហន្តរាយ ខណៈទីក្រុងប៉េកាំងប្តេជ្ញាចិត្តការពារអធិបតេយ្យរបស់ខ្លួន ។ ការដាក់ពង្រាយមីស៊ីលរបស់ជប៉ុននៅក្បែរតៃវ៉ាន់ គឺជាគ្រោះថ្នាក់យ៉ាងខ្លាំង និងធ្វើឱ្យប្រទេសផ្សេងៗនៅក្បែរនោះ ក៏ដូចជាសហគមន៍អន្តរជាតិបារម្ភ ជាពិសេស ពាក្យសម្តីរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi» ។
ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិន ក្រោយពីរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុន លោក Shinjiro Koizumi បាននិយាយកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ថា ជប៉ុនត្រៀមអនុវត្តគម្រោងពង្រាយមីស៊ីលបាញ់ទៅលើអាកាសនៅមូលដ្ឋានទ័ពលើកោះយ៉ូណាគូមិ ឆ្ងាយពីឆ្នេរសមុទ្រភាគខាងកើតតៃវ៉ាន់ ប្រមាណ១១០គីឡូម៉ែត្រ ។ ការពង្រាយមីស៊ីលនេះក្នុងគោលដៅការពារមូលដ្ឋានទ័ព និងកុំឱ្យជប៉ុនរងការវាយប្រហារដោយកងកម្លាំងប្រដាប់អាវុធ ។
ចិនបានឆ្លើយតបនឹងពាក្យសម្តីនាយករដ្ឋមន្ត្រីជប៉ុន ដោយរិះគន់យ៉ាងខ្លាំងក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ ព្រមទាំងផ្អាកការនាំចូលអាហារសមុទ្រជប៉ុន, ផ្អាកបញ្ចាំងភាពយន្តជប៉ុន និងហាមពលរដ្ឋកុំធ្វើដំណើរទៅប្រទេសជប៉ុន ។ កាលពីខែពាក់កណ្តាលខែវិច្ឆិកា ក្រសួងការពារជាតិចិនបានព្រមានកម្ចាត់កងទ័ពជប៉ុនឱ្យខ្ចាត់ខ្ចាយ បើជប៉ុនហ៊ានបញ្ជូនកងទ័ពមកការពារតៃវ៉ាន់ ដែលចិនថាជាការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង ។
.png)
រដ្ឋាភិបាលចិនចាត់ទុកតៃវ៉ាន់ជាទឹកដីរបស់ខ្លួន ហើយចិនអាចនឹងប្រើប្រាស់កម្លាំងទ័ពដើម្បីបង្រួបបង្រួមតៃវ៉ាន់ បើទោះជារដ្ឋាភិបាលតៃវ៉ាន់បដិសេធការលើកឡើងនេះ និងប្រាប់ថា មានតែពលរដ្ឋតៃវ៉ាន់ប៉ុណ្ណោះដែលមានសិទ្ធិសម្រេចអនាគតរបស់ខ្លួន ។ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា អនុរដ្ឋមន្ត្រីក្រសួងការបរទេសតៃវ៉ាន់ លោក Wu Chih-Chung បាននិយាយមកកាន់សមាជិករដ្ឋសភាថា ជប៉ុនមានសិទ្ធិអនុវត្តវិធានការផ្សេងៗដើម្បីការពារអធិបតេយ្យ ហើយកោះយ៉ូណាគូមិ នៅក្បែរតៃវ៉ាន់បំផុត ។
គួរបញ្ជាក់ថា អ្នកវិភាគនយោបាយនៅអាស៊ីមើលឃើញជម្លោះការទូតចិន-ជប៉ុនពេលនេះ គឺចិនបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំង និងចាត់វិធានការជាច្រើនដើម្បីឱ្យសេដ្ឋកិច្ចជប៉ុនធ្លាក់ចុះ ដូចជា ៖ ហាមពលរដ្ឋធ្វើដំណើរទៅជប៉ុន និងឈប់ទិញអាហារសមុទ្រជប៉ុន ។ ចិនថែមទាំងមិនចូលរួមកម្មវិធីវប្បធម៌ជាច្រើន និងលុបចោលជំនួបរវាងនាយករដ្ឋមន្ត្រីចិន លោក Li Qiang ជាមួយរដ្ឋមន្ត្រីជប៉ុន នៅក្រៅកិច្ចប្រជុំមេដឹកនាំប្រទេស G20 នៅអាហ្រ្វិកខាងត្បូងនាសប្តាហ៍ទី៣ ខែវិច្ឆិកា ។
ដូចគ្នានេះ អ្នកវិភាគផ្សេងទៀតបានប្រៀបធៀបជម្លោះការទូតពេលនេះ គឺដូចគ្នានឹងជម្លោះរវាងចិន-ជប៉ុនកាលពីឆ្នាំ២០១២ ពាក់ព័ន្ធនឹងការគ្រប់គ្រងប្រជុំកោះ ។ ពេលនោះ នៅប្រទេសចិនបានធ្វើបាតុកម្មប្រឆាំងជប៉ុន ដែលធ្វើឱ្យមេដឹកនាំប្រទេសទាំងពីរមិនជជែកគ្នាអស់រយៈពេលជាង២ឆ្នាំ ខណៈជម្លោះការទូតលើកនេះកើតឡើងដោយសារនាយករដ្ឋមន្ត្រីថ្មីជប៉ុនបង្ហាញគោលជំហរគាំទ្រតៃវ៉ាន់ ៕










