ពានរង្វាន់ Blue Dragon Awards លើកទី ៤៦ បានធ្វើឡើងនៅថ្ងៃទី១៩ នៅសាល KBS ក្នុងទីក្រុងសេអ៊ូលហើយបានប្រមូលផ្តុំសិល្បករភាពយន្តកូរ៉េជាច្រើននាក់។ ព្រឹត្តិការណ៍នេះត្រូវបានផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ KBS2TV ដោយមានតារាសម្តែង Han Ji Min និង Lee Je Hoon ធ្វើជាពិធីករ។ គូស្នេហ៍ Hyun Bin និង Son Ye Jin ទទួលបានការចាប់អារម្មណ៍យ៉ាហខ្លាំងពីព្រោះនេះជាលើកទី១ហើយដែលអ្នកទាំងពីរឡើងឆាករួមគ្នាបន្ទាប់ពីរៀបការ។
តារាសម្តែងទាំងពីររូបត្រូវបានជ្រើសរើសជាអ្នកឈ្នះពានរង្វាន់ Popular Star Awards ។ នេះជាលើកទីមួយហើយដែលពួកគេបានបង្ហាញខ្លួននៅលើឆាកជាមួយគ្នាក្នុងរយៈពេល ៥ ឆ្នាំចាប់តាំងពីរឿង «Crash Landing on You» និង ៣ ឆ្នាំបន្ទាប់ពីពួកគេរៀបការ។ មិនត្រឹមតែទទួលពានរង្វាន់រួមគ្នាប៉ុណ្ណោះទេប៉ុន្តែអ្នកទាំងពីរក៏បានឈ្នះពានដាច់ដោយឡែកសម្រាប់ការសម្តែងរបស់ខ្លួនផងដែរ។
.png)
Hyun Bin បានចែករំលែកពេលទទួលពានរង្វាន់នេះថា «ខ្ញុំពិតជាដឹងគុណខ្លាំងណាស់។ ខ្ញុំដឹងថាអ្នកគាំទ្របានបោះឆ្នោតយ៉ាងក្លៀវក្លាឱ្យរង្វាន់នេះជារបស់ខ្ញុំ ខ្ញុំពិតជាអរគុណ»។ ភ្លាមៗនោះ នៅពេលដែលពិធីករ Lee Je Hoon បាននិយាយថា គូស្នេហ៍មួយគូនេះ បានទទួលពានរង្វាន់ជាមួយគ្នានោះ Son Ye Jin បានញញឹម ហើយចូលទៅជិត Hyun Bin ដោយបង្កើតនូវពេលវេលាដ៏ស្រស់ស្អាតបំផុតនៅលើឆាក។.png)
តារាស្រី Son Ye Jin ក៏បាននិយាយទាំងរំជួលចិត្តថា «ថ្ងៃនេះពិតជាថ្ងៃដែលខ្ញុំមិនអាចបំភ្លេចបាន វាជាកិត្តិយសណាស់ដែលបានទទួលពានរង្វាន់ដ៏អស្ចារ្យនេះជាមួយស្វាមីរបស់ខ្ញុំ។ ខ្ញុំសូមអរគុណយ៉ាងស្មោះស្ម័គ្រចំពោះអ្នកគាំទ្រ និងអ្នកគ្រប់គ្នាដែលបានផ្តល់បទពិសោធន៍ដ៏គួរឱ្យចងចាំបែបនេះដល់ពួកយើង»។ គូស្នេហ៍មួយគូនេះហាក់សប្បាយចិត្តខ្លាំងណាស់ដែលបានទទួលរង្វាន់រួមគ្នា។ Hyun Bin បានបន្ថែមថា «លើកចុងក្រោយដែលយើងទទួលបានពានរង្វាន់ជាមួយគ្នាគឺសម្រាប់ Crash Landing on You ហើយថ្ងៃនេះខ្ញុំមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំងម្តងទៀត។ អរគុណអ្នកទាំងអស់គ្នា»។.png)
Hyun Bin និង Son Ye Jin ត្រូវបានគេចាត់ទុកថាជាគូស្នេហ៍ដ៏មានឥទ្ធិពល និងស្រស់ស្អាតបំផុតក្នុងវិស័យកម្សាន្តកូរ៉េ។ បន្ទាប់ពីរឿង «Crash Landing on You» គូស្នេហ៍មួយគូនេះ មិនត្រឹមតែជារូបតំណាងនៅលើអេក្រង់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជានិមិត្តរូបនៃអាពាហ៍ពិពាហ៍ដ៏មានសុភមង្គលផងដែរ។ នៅថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២២ Hyun Bin និង Son Ye Jin បានរៀបចំពិធីមង្គលការឯកជនមួយ។ នៅខែវិច្ឆិកា ឆ្នាំ២០២២ ប្តីប្រពន្ធនេះបានស្វាគមន៍កូនប្រុសដំបូងរបស់ពួកគេ៕










