ប្រទេសជប៉ុន ៖ ចាប់តាំងពីខែមេសា ឆ្នាំ២០២៥ ប្រទេសជប៉ុនមានហេតុការណ៍ខ្លាឃ្មុំវាយប្រ.ហារពលរដ្ឋរហូតដល់២២០លើក និងមានពលរដ្ឋបាត់បង់ជីវិ.តដោយសារខ្លាឃ្មុំ ចំនួន១៣នាក់ ក្នុងនោះ៧នាក់បាត់បង់ជីវិ.តកាលពីខែតុលា ដែលជាពេលខ្លាឃ្មុំដើររកចំណីស៊ីច្រើនមុនត្រឡប់ចូលព្រៃវិញ ។ អាជ្ញាធរជប៉ុនបានព្យាយាមរកវិធីផ្សេងៗការពារពលរដ្ឋពីការវាយប្រ.ហាររបស់ខ្លាឃ្មុំ ហើយវិធីចុងក្រោយ គឺប្រើប្រាស់ដ្រូនបណ្តេញខ្លាឃ្មុំ ។
.jpg)
នៅផ្នែកខាងក្រោមរបស់ដ្រូនបំពាក់ដោយឧបករណ៍បំពងសំឡេងយ៉ាងធំដើម្បីបើកសំឡេងឆ្កែព្រុស ខណៈផ្នែកចំហៀងបំពាក់ឧបករណ៍បាញ់បណ្តេញខ្លាឃ្មុំ ។ ខ្លាឃ្មុំចូលចិត្តវាយប្រហារពលរដ្ឋជប៉ុនដែលរស់នៅតំបន់ឆ្ងាយៗពុំសូវមានភ្ញៀវទេសចរ ប៉ុន្តែកាលពីពេលថ្មីៗនេះ មានហេតុការណ៍កូនខ្លាឃ្មុំខាំភ្ញៀវទេសចរជនជាតិអេស្ប៉ាញនៅភូមិបុរាណឈិរ៉ាខាវ៉ាកុ ដែលជាភូមិទេសចរណ៍ដ៏ល្បីល្បាញ និងត្រូវបានអង្គការយូណេស្កូចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ។.jpg)
តាមការចុះផ្សាយរបស់សារព័ត៌មានបរទេសកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ប្រទេសជប៉ុននៅតែប្រឈមនឹងបញ្ហាខ្លាឃ្មុំវាយប្រហារពលរដ្ឋ និងភ្ញៀវទេសចរ ដែលធ្វើឱ្យអាជ្ញាធរជប៉ុនប្រើប្រាស់ដ្រូនបណ្តេញខ្លាឃ្មុំ បន្ទាប់ពីប្រើប្រាស់វិធីជាច្រើន ។ ដ្រូននេះផលិតដោយក្រុមហ៊ុន Aero Japan ហើយក្រុមហ៊ុនបានសាកល្បងប្រើប្រាស់ដ្រូននៅចម្ការផ្លែឈើក្នុងទីក្រុងហ៊ិតាក់ ខេត្តគីហ្វុ ភាគកណ្តាលប្រទេសដើម្បីការពារកុំឱ្យខ្លាឃ្មុំលួចផ្លែឈើ ។
.jpg)
ការប្រើប្រាស់ដ្រូនបណ្តេញខ្លាឃ្មុំ គឺជាវិធីថ្មីដែលអាជ្ញាធរជប៉ុនប្រើប្រាស់ដើម្បីផ្តល់សុវត្ថិភាពដល់ពលរដ្ឋ និងភ្ញៀវទេសចរ ក្រោយពីមានហេតុការណ៍ខ្លាឃ្មុំវាយប្រហារមនុស្សជាញឹកញាប់នៅឆ្នាំ២០២៥ ជាពិសេស ខេត្តភាគខាងជើង ។ តាមទិន្នន័យ គឺចាប់ពីខែមេសា មានហេតុការណ៍ខ្លាឃ្មុំវាយប្រហារមនុស្សរហូតដល់២២០លើក និងមានមនុស្សបាត់បង់ជីវិត១៣នាក់ ក្នុងនោះ៧នាក់បាត់បង់ជីវិតកាលពីខែតុលា ដែលជាពេលខ្លាឃ្មុំដើររកចំណីស៊ីច្រើនមុនត្រឡប់ចូលព្រៃវិញ ។.jpg)
ក្រៅពីនេះ អាជ្ញាធរជប៉ុនបានដាក់ស្លាកសញ្ញាដាស់តឿន «ប្រយ័ត្នខ្លាឃ្មុំធ្វើបាប» នៅតំបន់ទេសចរណ៍ ព្រមទាំងណែនាំឱ្យភ្ញៀវទេសចរដើរកម្សាន្តជាក្រុម និងហាមទៅតំបន់មួយចំនួនពេលព្រលប់ ។ កាលពីដើមខែវិច្ឆិកា កងទ័ពជប៉ុនបានជួយចាប់ខ្លាឃ្មុំជាមួយអាជ្ញាធរ ខណៈរដ្ឋាភិបាលបន្ធូរបន្ថយច្បាប់ដោយអនុញ្ញាតឱ្យអ្នកបរបាញ់សត្វអាចបាញ់ខ្លាឃ្មុំ ក្រោយពីអាមេរិក ចិន និងអង់គ្លេស ដាស់តឿនពលរដ្ឋខ្លួនឱ្យប្រយ័ត្នសុវត្ថិភាព និងគេចពីខ្លាឃ្មុំពេលទៅលេងជប៉ុន ។ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ស្ត្រីជប៉ុនម្នាក់បានស្លាប់ក្នុងស្រែនៅខេត្តអាគិតាក់ ភាគខាងជើងប្រទេស ហើយសមត្ថកិច្ចសន្និដ្ឋានថា ស្លាប់ដោយសារខ្លាឃ្មុំ ។

គួរបញ្ជាក់ថា ខ្លាឃ្មុំពណ៌ខ្មៅនៅតំបន់អាស៊ីត្រូវបានចាត់ទុកជាសត្វជិតផុតពូជលើពិភពលោក ប៉ុន្តែខ្លាឃ្មុំប្រភេទនេះនៅជប៉ុនបានកើនឡើងរហូតដល់៣ដងតាំងពីឆ្នាំ២០១២ ដោយសារការបាញ់ខ្លាឃ្មុំធ្លាក់ចុះ ។ តាមអ្នកជំនាញ គឺបម្រែបម្រួលអាកាសធាតុធ្វើឱ្យរុក្ខជាតិក្នុងព្រៃជាចំណីរបស់ខ្លាឃ្មុំធ្លាក់ចុះ ព្រមទាំងចំនួនពលរដ្ឋជប៉ុនរស់នៅជនបទតិចតួច ខណៈកសិដ្ឋាននានាត្រូវបោះបង់ចោលកាន់តែច្រើន ជាមូលហេតុធ្វើឱ្យខ្លាឃ្មុំជាច្រើនក្បាលចេញមករកចំណីជិតភូមិ ៕










