ប្រទេសចិន ៖ តាមការចុះផ្សាយរបស់សារព័ត៌មានបរទេស នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ចិនបានហាមឃាត់ពលរដ្ឋរបស់ខ្លួនកុំធ្វើដំណើរទៅប្រទេសជប៉ុន ក្រោយពីនាយករដ្ឋមន្ត្រីថ្មីជប៉ុន លោកស្រី Sanae Takaichi និយាយថា ជប៉ុនអាចនឹងបញ្ជូនកងទ័ពទៅជួយតៃវ៉ាន់ ប្រសិនបើមានការវាយប្រ.ហារពីបរទេស ។ រដ្ឋាភិបាលចិនចាត់ទុកការលើកឡើងបែបនេះជាកំហុសដ៏ធ្ងន់ធ្ងរ និងស្នើឱ្យនាយករដ្ឋមន្ត្រីជប៉ុនដកពាក្យសម្តីជាបន្ទាន់ បើមិនដូច្នោះទេ ជប៉ុននឹងទទួលលទ្ធផលតបស្នងនាពេលក្រោយ ។ 
កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ចិនបានហាមឃាត់ពលរដ្ឋរបស់ខ្លួនកុំធ្វើដំណើរទៅប្រទេសជប៉ុន ដោយបញ្ជាក់ថា ទំនាក់ទំនងរវាងចិន-ជប៉ុនកាន់តែធ្លាក់ចុះខ្លាំងដោយសារពាក្យសម្តីរបស់នាយករដ្ឋមន្ត្រីថ្មីជប៉ុន ដែលអាចធ្វើឱ្យពលរដ្ឋចិនប្រឈមនឹងគ្រោះថ្នាក់ផ្សេងៗ ។ រដ្ឋាភិបាលចិនអះអាងថា តៃវ៉ាន់ជាទឹកដីរបស់ចិន ហើយចិននឹងប្រើប្រាស់កម្លាំងទ័ពដើម្បីបង្រួបបង្រួមកោះតៃវ៉ាន់ ខណៈរដ្ឋាភិបាលតៃវ៉ាន់បដិសេធការលើកឡើងរបស់ចិនទាំងស្រុង និងបញ្ជាក់ថា មានតែពលរដ្ឋតៃវ៉ាន់ប៉ុណ្ណោះដែលមានសិទ្ធិកំណត់អនាគតរបស់ខ្លួន ។.jpg)
ស្ថានការណ៍តានតឹងរវាងចិន-ជប៉ុនកើតឡើងក្រោយពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi និយាយមកកាន់រដ្ឋសភាជប៉ុនកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ថា បើចិនវាយប្រហារតៃវ៉ាន់ គឺនឹងគំរាមកំហែងដល់ជប៉ុនដែរ ហើយជប៉ុនអាចនឹងបញ្ជូនកងទ័ពទៅជួយតៃវ៉ាន់ ។ ស្ថានការណ៍កាន់តែតានតឹងខ្លាំងឡើងពេលមន្ត្រីកុងស៊ុលចិនប្រចាំទីក្រុងអូសាកា បង្ហោះសារក្នុងបណ្តាញសង្គម X ថា ចិននឹងចាត់វិធានការដោយមិនស្ទាក់ស្ទើរ និងលុបសារចេញវិញ ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian និយាយថា ពាក្យសម្តីរបស់នាយករដ្ឋមន្ត្រីជប៉ុន គឺខ្វះភាពទទួលខុសត្រូវ និងបង្កគ្រោះថ្នាក់យ៉ាងខ្លាំង ហើយលោកដាស់តឿន ប្រសិនបើជប៉ុនមិនសិក្សាពីប្រវត្តិសាស្ត្រ និងបញ្ជូនកងទ័ពមកជ្រៀតជ្រែតរឿងតៃវ៉ាន់ ជប៉ុននឹងបរាជ័យមិនខាន ។ ចិនចាត់ទុកការបញ្ជូនកងទ័ពជប៉ុនមកចូលរួមក្នុងជម្លោះតៃវ៉ាន់ជាការឈ្លានពាន និងបង្កើនជម្លោះការទូតដោយសារពាក្យសម្តីរបស់នាយករដ្ឋមន្ត្រីជប៉ុន ។ ចិននឹងការពាអធិបតេយ្យនៅក្រោមច្បាប់អន្តរជាតិ ដោយប្រឆាំងដាច់ខាតចំពោះពាក្យសម្តីនេះ បញ្ហាតៃវ៉ាន់គឺជាកិច្ចការផ្ទៃក្នុងរបស់ចិន ជប៉ុនមិនគួរលេងជាមួយភ្លើងទេ ពីព្រោះវាធ្វើឱ្យទំនាក់ទំនងរវាងចិន-ជប៉ុនដែលកំពុងតានតឹងកាន់តែធ្លាក់ចុះ ។
គួរបញ្ជាក់ថា ចិនបានកោះហៅមន្ត្រីទូតជប៉ុនមកបំភ្លឺក្រោយពីនាយករដ្ឋមន្ត្រីជប៉ុនចង់បញ្ជូនកងទ័ពទៅជួយតៃវ៉ាន់ ដែលជាការកោះហៅលើកដំបូងក្នុងរយៈពេលជាង២ឆ្នាំ ។ ចិនក្តីបារម្ភយ៉ាងខ្លាំងទៅលើគោលជំហរសន្តិសុខរបស់ជប៉ុន ទាំងគោលនយោបាយមិនច្បាស់លាស់ពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ និងត្រៀមប្រើប្រាស់នាវាមុជទឹកនុយក្លេអ៊ែរ ៕










