ថៃតែងតែប្រើល្បិចទម្លាក់កំហុស លាបពណ៌ និងយកគ្រាប់មីនមកចោទប្រកាន់កម្ពុជាមិនឈប់ឈរតាំងពីមុនពេល និងក្រោយពេលចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដើម្បីឱ្យពិភពលោកដាក់សម្ពាធលើកម្ពុជា ។ ល្បិចចាស់ដដែលៗនេះត្រូវបានថៃប្រើប្រាស់រហូតមក ជាពិសេស ពេលស្ថានការណ៍ព្រំដែនស្ងប់ស្ងាត់ ថៃក៏ប្រឌិតរឿងមីនមកចោទប្រកាន់កម្ពុជាជាថ្មីធ្វើឱ្យស្ថានការណ៍តានតឹងឡើងវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXCmL2njEKr-RBOtdwL7Yth7V66GXOxzQgsIW0pKuY2O7_Fd-vUodIkW_0AQWoNc9ek4faK3WQljBHFaOZeHa4plG0yZNfWQBT3v-46ME2jJjQgIYwnmhbcD4NEJwTEw_x2YbsvvGCbWRvqEErAbtj9bPutaF6GKk7vQNNNOESPsJn44dGy20jVl7iukW9/s800/photo_2025-11-15_10-56-36%20(2).jpg
កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ កងទ័ពថៃបានបន្តចោទប្រកាន់ថា កម្ពុជាបង្កប់មីនថ្មីប្រភេទ PMN-2 នៅតំបន់ច្រកអានសេះ ក្នុងគោលបំណងឱ្យកងទ័ពថៃរងរបួសពេលយាមល្បាតនៅតំបន់ព្រំដែន ដែលថៃចាត់ទុកជាការល្មើសអនុសញ្ញាអូតាវ៉ា ។ ការចោទប្រកាន់លើកចុងក្រោយនេះ គឺក្រោយពីកងទ័ពថៃចោទប្រកាន់កម្ពុជាបង្កប់មីនថ្មីនៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត បណ្តាលឱ្យកងទ័ពថៃជាន់មីនរងរបួសកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ និងយកគ្រាប់មីនមកធ្វើជាលេសផ្អាកកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជាជាឯកតោភាគី ។

តាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod កាលពីថ្ងៃទី១៤ ខែវិច្ឆិកា អ្នកនាំពាក្យកងទ័ពជើងគោកថៃ លោក Winthai Suvaree និយាយថា កងទ័ពថៃបានរកឃើញមីនថ្មីនៅតំបន់ព្រំដែនកម្ពុជា-ថៃជាបន្តបន្ទាប់ និងចោទប្រកាន់កម្ពុជាបង្កប់មីនថ្មី ។ លោកបញ្ជាក់ថា នៅថ្ងៃទី១៤ ខែវិច្ឆិកា កងទ័ពថៃរកឃើញមីនចំនួន២គ្រាប់ នៅតំបន់ភ្នំ៦៧៧ ច្រកអានសេះ ស្ថិតក្នុងឃុំសូង ស្រុកណាមយឺន ខេត្តឧប៊ុនរ៉ាជធានី បើតាមការត្រួតពិនិត្យរបស់ភ្នាក់ងាររាវមីន គឺវាជាមីនប្រឆាំងបុគ្គល ប្រភេទ PMN-2 ទើបបង្កប់ថ្មី ។ ដូច្នេះ ខាងថៃក៏បានដោះមីនទាំងនេះ និងប្រមូលភស្តុតាងរាយការណ៍ប្រាប់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgvACsmbkMqqYrsH4FC6cjmRwwU_EpBQGXbRblzfMJy9lesI_yj8F7TO2c-OHKPsKY1rjq-63ELGnBPfroqmY1sR50nRb30-JZm_JWtqGeUR1r7J6zpUChdWan8PbOELE5TS6DJxjqvikgrxeyrj-6jFro419MIub_wQCv43ISSR-WopM0cizHcsjq_kGH1/s800/photo_2025-11-15_10-56-36.jpg
អ្នកនាំពាក្យកងទ័ពជើងគោកថៃ លោក Winthai បន្តថា មីនដែលកងទ័ពថៃរកឃើញទាំង២គ្រាប់ត្រូវបានបង្កប់ឆ្ងាយពីគ្នាប្រមាណ៥០ម៉ែត្រ និងសន្និដ្ឋានថា កងទ័ពកម្ពុជាបង្កប់ដើម្បីឱ្យកងទ័ពថៃដើរជាន់រងរបួសពេលយាមល្បាតនៅព្រំដែន ។ លោកបានចោទប្រកាន់កម្ពុជាល្មើសអធិបតេយ្យថៃ និងមានចេតនាធ្វើបាបកងទ័ពថៃ ដែលថៃចាត់ទុកជាការល្មើសអនុញ្ញាអូតាវ៉ាហាមប្រើប្រាស់មីនប្រឆាំងមនុស្ស ។ ហេតុនេះ ថៃនឹងបោសសម្អាតមីនក្នុងទឹកដីរបស់ខ្លួនបន្តទៀតដើម្បីផ្តល់សុវត្ថិភាពដល់កងទ័ព និងពលរដ្ឋ ។

គួរបញ្ជាក់ថា កងទ័ពថៃតែងតែចោទប្រកាន់កម្ពុជាបង្កប់មីនលើទឹកដីរបស់ខ្លួន និងយកលេសគ្រាប់មីនបើកឆាកសង្គ្រាមបាញ់ប្រហារមុនមកលើកម្ពុជារយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ។ ថ្មីៗនេះ កងទ័ពថៃក៏បានចោទប្រកាន់កម្ពុជាតាមទម្លាប់ថា បង្កប់មីនថ្មីនៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត បណ្តាលឱ្យកងទ័ពខ្លួនរងរបួស៣នាក់ និងបាក់ជើងស្តាំម្នាក់ រួចហើយថៃក៏ផ្អាកកិច្ចព្រមព្រៀងសន្តិភាពភ្លាមៗ និងបញ្ជូនកម្លាំងទ័ព អាវុធ និងរថគ្រោះជាច្រើនគ្រឿងមកតំបន់ព្រំដែន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZ89_-2lwhh9sHlXZDuVPxXj4TvLx8DQJAUzzdv7sv39U3gCc_-aZexKyCamzOR7Y1BXHp6jTSeIlHABJqL0EGxjsvcKsBsGvhAlZ6Pg1tdagwtmSZ_y5QWOAXRookzbhvQ56VNb9rdbB8ofL-Sbedn42HfsPp5YCGOKlazkxoRgWRW0YfZ65Ujrl8d8tH/s800/photo_2025-11-15_10-56-37%20(2).jpg

ទោះជាក្រសួងការពារជាតិកម្ពុជាបញ្ជាក់ម្តងហើយម្តងទៀតថា វាជាមីនចាស់បន្សល់ទុកពីសង្គ្រាមស៊ីវិលរបស់កម្ពុជា និងបដិសេធការចោទប្រកាន់របស់ភាគីថៃមកលើកម្ពុជា ពីព្រោះតាំងពីក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ដោយមិនដែលដាក់មីនថ្មីគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពរបស់មនុស្សជាតិឡើយ ប៉ុន្តែថៃនៅតែមិនស្តាប់ និងបន្តលាបពណ៌កម្ពុជាមិនឈប់ឈរ ។

កន្លងមក រាជរដ្ឋាភិបាលកម្ពុជាធ្លាប់បានបញ្ជាក់ជាច្រើនលើកថា ប្រទេសកម្ពុជាក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ស្ដីពីការហាមឃាត់ការប្រើប្រាស់មីនប្រឆាំងមនុស្ស បានព្យាយាមបោសសម្អាត និងកម្ទេចចោលនូវសំណល់ជាតិផ្ទុះរាប់លានគ្រាប់មកហើយ ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាចិត្តយ៉ាងមុតមាំ គោរពតាមច្បាប់មនុស្សធម៌អន្តរជាតិ ដោយមិនប្រើប្រាស់មីនថ្មីជាដាច់ខាត ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjRWdUnLSoJUiSp3uUJdoEXPHdCSgLaPL-w_zZkwCU8ucY6DVMAxCGsEiHenMwyjPUP31-tYwWNu9FcPJRTmdqlEl-7mWMAQXUBW-wlgxhdk08LqmJFBx1Y-cOM4T7iJr1u96VE6bwGRUuev1kDDxo0QfWIyTNK9ZqTJcrjR8tEdVNayNvEF7wvejds9p6g/s800/photo_2025-11-15_10-56-37.jpg