នៅយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ តារាចម្រៀង ពេជ្រ សូលីកា បានរៀបចំជួបជុំអ្នកគាំទ្រជាលើកដំបូងក្នុងឱកាសខួបកំណើតរបស់ខ្លួនដោយប្រមូលផ្តុំតារាល្បីៗមួយចំនួនចូលរួមក្នុងនោះក៏មានរៀមច្បង សុគន្ធ និសា។ មិនត្រឹមតែផ្តល់កិត្តិយសឡើងបកស្រាយបទចម្រៀងរួមគ្នាប៉ុណ្ណោះទេតែ សុគន្ធ និសា បានជូនបាច់ផ្កាយ៉ាងស្រស់ស្អាតដល់ម្ចាស់ខួបកំណើត។

ស្ថិតក្នុងសំលៀកបំពាក់រ៉ូបពណ៌ក្រហមដូចគ្នានៅលើឆាក សុគន្ធ និសា បានប្រគល់បាច់ផ្កាកូលាបពណ៌ក្រហមយ៉ាងស្រស់ស្អាតជូនមកកាន់ ពេជ្រ សូលីកា។ រៀមច្បង និសា បាននិយាយថា ពេជ្រ សូលីកា គឺជាមនុស្សដែលអាចឆ្លងកាត់បានទាំងអស់ ជាមនុស្សឆ្លាតអាចរៀបចំជីវិតខ្លួនឯង ដឹកនាំខ្លួនឯងឱ្យមានភាពប្រសើរឡើងទោះឧបសគ្គធំយ៉ាងណាក៏ជម្នះបាន។ សម្រាប់ពណ៌សដែលខ្ចប់ផ្កានេះគឺតំណាងឱ្យភាពស្រស់ស្អាត ស្រទន់របស់ ពេជ្រ សូលីកា គយគន់មិនចេះជិនណាយ។
តារាចម្រៀង សុគន្ធ និសា បាននិយាយថាបាច់ផ្កាមួយបាច់នេះគឺនាងរៀបចំជូននិងផ្តល់អត្ថន័យបែបនេះមកកាន់ ពេជ្រ សូលីកា និងជូនពរនាងឱ្យកាន់តែជោគជ័យនិងសំណាងល្អ។
រយៈពេលចុងក្រោយនេះ តារាចម្រៀង សុគន្ធ និសា និង ពេជ្រ សូលីកា កាន់តែបង្ហាញភាពសិ្នទ្ធស្នាលចំពោះគ្នា និងបានរួមការងារជាមួយគ្នាជាច្រើន។ អ្នកទាំងពីរក៏បានចេញបទចម្រៀងរួមគ្នាមានចំណងជើងថា «ពេលយើងឈ្លោះគ្នា» កាលពីដើមខែកញ្ញា។ ពេជ្រ សូលីកា បានបង្ហាញរបស់ខ្លួនដែរថាពេលវេលាដែលល្អជាមួយនឹងរៀមច្បងរូបនេះសូមឱ្យឋិតថេរគង់វង្សយូរអង្វែង៕










