អាម៉េរិក៖ មន្ត្រីជាន់ខ្ពស់ម្នាក់របស់រដ្ឋបាលសហរដ្ឋអាម៉េរិក ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ប្រាប់ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន កាលពីថ្ងៃអង្គារ ទី១១ ខែវិច្ឆិកា ថាលោកប្រធានាធិបតី ដូណាល់ ត្រាំ ប្តេជ្ញាចិត្តចំពោះការបញ្ឈប់ជម្លោះរវាងកម្ពុជា និងថៃ ហើយអាមេរិករំពឹងថារដ្ឋាភិបាលកម្ពុជា និងថៃនឹងគោរពយ៉ាងពេញលេញ ក្នុងការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពដែលបានចុះហត្ថលេខារួមគ្នាកាលពីថ្មីៗនេះ។
.jpg)
យោងតាមកាសែត THE WASHINGTON POST បានរាយការណ៍ដោយដកស្រង់សំដីអ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិកថា សហរដ្ឋអាម៉េរិកនៅតែរក្សាជំហររឹងមាំក្នុងបំណងប្រាថ្នារបស់ខ្លួនចង់ឃើញប្រទេសជិតខាងទាំងពីរខាងចាត់វិធានការសម្រាប់សន្តិភាពរយៈពេលវែង និងគោរពកិច្ចព្រមព្រៀងជាមួយគ្នា។
.jpg)
ជាមួយគ្នានេះ សហរដ្ឋអាមេរិកក៏កំពុងប្រមូលព័ត៌មានបន្ថែមអំពីឧទ្ទវហេតុ ដែលទាហានថៃជាន់មីននៅក្បែរព្រំដែនកម្ពុជា ជាមួយការជំរុញឱ្យប្រទេសជិតខាងទាំង២បន្តរក្សាស្ថិរភាព និងអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពដែលត្រូវបានចុះហត្ថលេខាដោយមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្វើជាសាក្សី។
សូមជម្រាបថា ការកត់សម្គាល់របស់មន្ត្រីអាមេរិកខាងលើកើតមានឡើង បន្ទាប់ពីភាគីថៃបានសម្រេចផ្អាកការអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ក្រោយទាហានថៃ៣នាក់រងរបួសក្នុងហេតុការណ៍ជាន់គ្រាប់មីន អំឡុងការល្បាតមួយ ហើយដែលកំពុងក្លាយជាការធ្វើតេស្ដមួយលើបទឈប់បាញ់ សម្របសម្រួលដោយលោក ដូណាល់ ត្រាំ។
រដ្ឋាភិបាលថៃបានចោទកម្ពុជាថា បានដាំមីនថ្មីៗនៅតាមបណ្ដោយព្រំដែនកំពុងមានជម្លោះរវាងប្រទេសទាំង២។ ក៏ប៉ុន្តែក្រសួងការពារជាតិកម្ពុជា បានច្រានចោល ការចោទប្រកាន់របស់ថៃ និងបានជំរុញឱ្យភាគីថៃ ចៀសវាងការល្បាតនៅតំបន់មានមីនចាស់សល់ពីសម័យសង្រ្គាម ហើយកម្ពុជានៅតែប្ដេជ្ញាចិត្តធ្វើការជាមួយថៃ ស្របទៅតាមកិច្ចព្រមព្រៀងសន្តិភាពដែលត្រូវបានចុះហត្ថលេខាកាលពីខែតុលាកន្លងទៅ។.jpg)
គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul កាលពីថ្ងៃអង្គារ បានប្រាប់ឱ្យក្រសួងការពារជាតិផ្អាកទាំងអស់ នូវការអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដោយមិនមានកាលកំណត់នោះ ហើយថែមទាំងប្រកាសទៀតផងថាសន្តិភាពបានបិទបញ្ចប់ហើយ៕










