តារារ៉េប តី ដែលទើបទម្លាក់បទថ្មីក្នុងទ្រនំថ្មីត្រូវបាន LiFTED Asia ដែលជាគេហទំព័រផ្សព្វផ្សាយតារារ៉េបក្នុងតំបន់អាស៊ីបានចុះផ្សាយពីបទថ្មីរបស់នាង។ តី គឺជាតារាចម្រៀងរ៉េបនារីទី២របស់កម្ពុជាដែលមានការចុះផ្សាយនៅលើគេហទំព័រនេះបន្ទាប់ពី ទេព បូព្រឹក្ស។ .png)
ប្រិយមិត្តមួយចំនួនអាចនឹងជ្រាបមកហើយថា តី ដែលល្បីបទ «វាយម៉ាលុយ» បានក្លាយជាអ្នកចម្រៀងស្រីក្នុងផលិតកម្ម ក្លាបយ៉ាហ៊ែន ។ កាលពី៨ ខែវិច្ឆិកា តី បានចេញបទចម្រៀងទោលដំបូងក្នុងផលិតកម្មថ្មីមានចំណងជើងថា «មិនចុះចាញ់»ដែលបង្ហាញពីការមិនចុះចាញ់របស់មនុស្សស្រីក្នុងសម័យថ្មី ពុះពារគ្រប់បែបយ៉ាងដើម្បីឆ្ពោះទៅមុខជានិច្ច។ អ្វីដែលធ្វើឱ្យទស្សនិកជនការចាប់អារម្មណ៍គេហទំព័រ LiFTED Asia ដែលផ្សព្វផ្សាយពីតារារ៉េប វណ្ណដា ជាច្រើនដងបានចាប់អារម្មណ៍ស្នាដៃថ្មីរបស់នាងដូចគ្នា។
នៅថ្ងៃទី១១ ខែវិច្ឆិកា នេះ LiFTED Asia បានចុះផ្សាយពីបទថ្មីរបស់ តី ដែលបញ្ជាក់ច្បាស់ៗជាមួយនឹងចំណងជើងថា តី ជាតារារ៉េបកម្ពុជា។ មែនទែនទៅ គេហទំព័រនេះធ្លាប់បានចុះផ្សាយពី Ruthko ដែលជាតារាក្នុងផលិតកម្ម ក្លាបយ៉ាហ៊ែន ផងដែរ។ 
គួរបញ្ជាក់ផងដែរថា តី គឺជាអតីតអ្នករាំម្នាក់របស់តារាចម្រៀង មាស សុខសោភា បន្ទាប់មកបានតស៊ូក្លាយជាអ្នកចម្រៀងរ៉េបម្នាក់ទទួលបានផ្លែផ្កាតាមរយៈបទ «វាយម៉ាលុយ» ដែលបានចេញកាលពីឆ្នាំ២០១៨។ បន្ទាប់មកនាងបានចុះកុងត្រាជាមួយនឹងផលិតកម្មរាម ក្នុងឆ្នាំ២០២១ ប៉ុន្តែបានប្រកាសកាលពីដើមឆ្នាំ២០២៤ បញ្ចប់កុងត្រាជាមួយផលិតកម្មរាម។ នាពេលនោះមានការសង្ស័យថា តី អាចនឹងចូលទ្រនំបារមី ប៉ុន្តែពេលនេះនាងគឺតារាចម្រៀងក្នុងផលិតកម្ម ក្លាបយ៉ាហ៊ែន៕










