តារាចម្រៀង អេដា ដែលស្ងប់ស្ងាត់ពីអាជីពដោយកំពុងសម្ងំមើលថែគ្រួសារស្រាប់តែលូកមាត់យ៉ាងភ្ញាក់ផ្អើលករណីស្ថាប័ន Miss Universe Cambodia និងអ្នកពាក់ព័ន្ធទុករឿងចម្រូងចម្រាសមួយឡែកហើយងាកមកគាំទ្រនិងធ្វើបច្ចុប្បន្នទាក់ទងនឹង ហ្វីយ៉ាតា ដែលកំពុងប្រកួតនៅប្រទេសថៃ។
ដូចប្រិយមិត្តមួយចំនួនធំជ្រាបមកហើយថាតារាចម្រៀង អេដា ម្ចាស់បទ«នៅទីនេះកំពុងមានមនុស្សខូចចិត្ត» មិនសូវជាលូកមាត់ទាក់ទងនឹងប្រធានបទថ្មីៗល្បីៗនៅលើបណ្តាញសង្គមនោះទេប៉ុន្តែពេលនេះតារាចម្រៀងរូបនេះបានបង្ហោះសំណេរដ៏ក្តៅគគុកទាក់ទងការកម្មវិធីបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥។
អ្នកនាង អេដា បានបង្ហោះរូប ហ្វីយ៉ាតា អ្នកតំណាងកម្ពុជាដោយភ្ជាប់មកជាមួយនឹងខ្លឹមសារថា « ស្ថាប័ន @miss universe Cambodia និងអ្នកពាក់ព័ន្ធនឹងកម្មវិធីទាំងអស់ គួរទុករឿងចម្រូងចម្រាស់ផ្ទាល់ខ្លួនមួយឡែកសិន ហើយចូលមកបង្ហើយការងារដែលបានចាប់ផ្តើមឱ្យចប់ចុងចប់ដើម បូករួមទាំងការបង្ហោះពីសម្មភាពប្រលងរបស់បេក្ខភាពតំណាងម្ពុជានៅលើទឹកដីប្រទេសថៃ បំផុសបំផុលការបោះឆ្នោតគាំទ្រ និងធ្វើបច្ចុប្បន្នភាព (Update) អំពីភាពលេចធ្លោរបស់ បវរកញ្ញាកម្ពុជា Fiyata នៅក្នុងវគ្គនីមួយៗឱ្យប្រជាជនកម្ពុជានិងពិភពលោកបានដឹង ព្រោះនេះជាផេកផ្លូវការ តំណាងឱ្យកម្ពុជា ក្នុងខណ:ពេលនេះត្រូវសាមគ្គីគ្នាកុំឱ្យប្រទេសជាប់របងគេមើលងាយព្រោះ Fiyata បានជាទៅដល់ប្រទេសគេហើយ ជាន់ឆាកគេហើយ ចាំចប់កម្មវិធីចាំឈ្លោះគ្នាឯងតទៀតទៅ។ ឯណាសំលេងវិជ្ជមាន គាំទ្រស្រ្តី និងមាតា ដែលអ្នកកាន់កម្មវិធីតែងតែស្រែកកោកៗនោះ?!?»។
ការបង្ហោះរបស់តារាចម្រៀងរូបនេះធ្វើឡើងក្រោយមហាជនបានវែកញែកអំពីផេកផ្លូវការរបស់ Miss Universe Cambodia ពុំបានបង្ហោះអ្វីពី ហ្វីយ៉ាតា នោះទេចាប់តាំងពីចេញដំណើរទៅប្រកួតនៅលើឆាកអន្តរជាតិ។ ទស្សនិកជនបានឃើញ ហ្វីយ៉ាតា យកបណ្តាញសង្គមផ្ទាល់ខ្លួនមកប្រម៉ូតនិងអាប់ដេតសកម្មភាពខ្លួនឯង។ ជុំវិញបញ្ហាផេក Miss Universe Cambodia មិនបង្ហោះអ្វីនេះម្តាយរបស់ ហ្វីយ៉ាតា ក៏បានចេញមកពន្យល់លើកជាឧទាហរណ៍ថា ម៉ែឪលះលែងគ្នានៅចំពេលដែលកូនចេញទៅប្រលង ហើយម៉ែប្ដឹងទាមទារសិទ្ធិគ្រប់គ្រងកូន ហើយឪអ្នកកាន់ផេកអត់មានសិទ្ធិផុសអ្វីពីកូនទៀតទេ៕









