តារាសម្តែង ខន សូរិយា ដែលត្រូវបានតែងតាំងជា Miss World Cambodia 2026 ត្រូវបានសាធារណជនបញ្ចេញមតិរិះគន់ជាថ្មីក្រោយពីឆ្លើយសំណួរយ៉ាងរអាក់រអួលអំពីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក។ ទោះយ៉ាងណា សូរិយា ព្រមទទួលយកពាក្យរិះគន់ដោយយកពាក្យទាំងនោះមកហ្វឹកហាត់ខ្លួនឯងវិញនិងធានាថាទម្រាំដល់ថ្ងៃប្រកួតនឹង Perfect ទាំងអស់។

អ្នកតាមដានវិស័យបវរកញ្ញាជ្រាបមកហើយថាក្នុងការទទួលតំណែងជា Miss World Cambodia 2026 ខន សូរិយា ត្រូវបានទស្សនិកជនជាច្រើនបញ្ចេញមតិមិនស័ក្តិសមដោយលើកឡើងហេតុផលថារូបនាងគ្មានភាពជាបវរកញ្ញាឡើយ។ ថ្មីៗនេះទៀតសោត សូរិយា ក៏ត្រូវបានអ្នកលេងបណ្តាញសង្គមបញ្ចេញមតិវែកញែកជាថ្មីទាក់ទងនឹងចំណេះដឹង។
កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ខន សូរិយា បានចូលរួមឆ្លើយសំណួរជាមួយនឹងបវរកញ្ញាពីររូបផ្សេងទៀត ប៉ុន្តែការឆ្លើយរបស់នាងត្រូវបានសាធារណជនថារអាក់រអួលយ៉ាងខ្លាំង។ តាមរយៈវីដេអូ ខន សូរិយា បានឆ្លើយទាំងរដាក់រដុបអំពីការផ្សព្វផ្សាយបុណ្យប្រពៃណីជាតិខ្មែរនៅលើឆាកអន្តរជាតិបើនាងមានឱកាសនាងនឹងយកពិធីបុណ្យអុំទូក ប៉ុន្តែការហៅឈ្មោះពេញនៃពិធីបុណ្យនេះពុំទាន់ត្រឹមត្រូវឡើយ។

ការឆ្លើយសំណួរមិនរលូនបែបនេះ Miss World Cambodia 2026 ត្រូវបានអ្នកលេងបណ្តាញសង្គមបញ្ចេញមតិថា «និយាយ interview ទាក់ប៉ុណ្ណឹងហើយ ចុះទម្រាំឡើងឆាកអន្តរជាតិ មានមនុស្សរាប់រយនាក់មើលទៀត មិនគាំងលើឆាកហា?? សង្ឃឹមថាគាត់និងពង្រឹងសម្ថតភាពបន្ថែម»។ គណនីផ្សេងទៀតបានបញ្ចេញមតិដែរថា «ជាតារាសម្តែងគឺល្អបំផុតហើយ មកចឹងដូចទាញខ្លួនឯងទំលាក់ គាត់សមត្ថភាពក៏មិនអន់ដែរ តែកម្មវិធីនេះមិនសមនិងគាត់ តែយ៉ាងណាតំណាងអោយខ្មែរ ខ្ញុំនៅតែគាំទ្រ»។

បន្ទាប់ពីរងការរិះគន់ទាក់ទងនឹងការឆ្លើយសំណួរយ៉ាងរអាក់រអួលនេះ ខន សូរិយា បានចេញវីដេអូប្រាប់អ្នកគាំទ្រថានាងមិនអីទេនិងមិនប៉ះពាល់ផ្លូវចិត្តឡើយ។ ក្នុងនោះ សូរិយា អះអាងថានាងព្រមទទួលយកពាក្យរិះគន់ហើយយកពាក្យទាំងនោះមកហ្វឹកហាត់ខ្លួន។ Miss World Cambodia 2026 បញ្ជាក់ថានាងមិនបានដឹងសំណួរមុននោះទេហើយ ហើយការរិះគន់ផ្សេងៗដូចជាសំណួរចម្លើយ ការដើរ នាងជឿថាមនុស្សរៀនឆាប់យល់ដូចជានាងទម្រាំដល់ខែ២ នាងធានាថាគ្រប់យ៉ាងនឹង Perfect ទាំងអស់៕










