ប្រទេសថៃ ៖ កងទ័ពថៃតែងប្រើល្បិចចាស់ដដែលៗរឿងជាន់មីនដើម្បីទម្លាក់កំហុស និងចោទប្រកាន់កម្ពុជា ជាពិសេស ពេលស្ថានការណ៍នៅតំបន់ព្រំដែនស្ងប់ស្ងាត់ សារព័ត៌មាននានារបស់ថៃក៏ផ្សាយថា កងទ័ពថៃជាន់មីន បើទោះជាកម្ពុជាបានបញ្ជាក់ម្តងហើយម្តងទៀតថា វាជាមីនចាស់បន្សល់តាំងពីសម័យសង្គ្រាមក្តី ។ ដូចទម្លាប់រាល់ដង នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ គ្រប់សារព័ត៌មានថៃរាយការណ៍ថា កងទ័ពថៃ២នាក់ដើរជាន់មីនពេលកំពុងល្បាតនៅតំបន់ហួយតាម៉ារៀ ខេត្តស៊ីសាកេត ដែលព័ត៌មាននេះធ្វើឱ្យសង្គមថៃទម្លាក់កំហុសមកលើកម្ពុជា ។
សារព័ត៌មានថៃនានារាយការណ៍ថា នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ កងទ័ពថៃចំនួន២នាក់ បានដើរជាន់មីននៅតំបន់ហួយតាម៉ារៀ ស្ថិតក្នុងស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត (ទល់មុខប្រាសាទព្រះវិហារ) បណ្តាលឱ្យដាច់ជើងខាងស្តាំម្នាក់ និងម្នាក់ទៀតណែនទ្រូង ។ ក្រោយហេតុការណ៍នេះ កងទ័ពថៃទាំង២រូបត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាន់ថាឡាក់ ហើយសារព័ត៌មានកំពុងរង់ចាំព័ត៌មានលម្អិត ។
កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា កងទ័ពជើងគោកថៃបានទទួលសេចក្តីរាយការណ៍ពីកងកម្លាំងស៊ុណារីថា កងទ័ពថៃ២នាក់ដើរជាន់មីននៅតំបន់ហួយតាម៉ារៀ ស្រុកកាន់ថាឡាក់ ខេត្តស៊ីសាកេត ក្នុងអំឡុងពេលកំពុងដើរល្បាត រួមមាន ១-ឈ្មោះ ថេតសាក់ សាម៉ាផុង ដាច់ជើងស្តាំ និង២-ឈ្មោះ វ៉ាឈិរ៉ាក់ ផាន់ថាណា ណែនទ្រូង ។
នេះគ្រាន់តែជាល្បិចចាស់របស់កងទ័ពថៃដើម្បីទម្លាក់កំហុសលើកម្ពុជា ជាពិសេស នៅពេលតំបន់ព្រំដែនកម្ពុជា-ថៃមានស្ថានការណ៍ស្ងប់ស្ងាត់ គ្មានជម្លោះ ស្រាប់តែមានព័ត៌មានជាន់មីន ។ តើថៃមានចេតនាអ្វីឱ្យប្រាកដដែលចោទប្រកាន់រឿងមីន ស្របពេលប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ីរួចហើយ ។
គួរបញ្ជាក់ថា បច្ចុប្បន្ន ក្រុមការងារនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) និងក្រុមការងារនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនថៃ (TMAC) បានពិភាក្សាលម្អិតពីការដោះមីនតំបន់សាកល្បងក្នុងតំបន់អាទិភាពនៅព្រំដែនកម្ពុជា-ថៃ ស្របតាមការសម្រេចរបស់ក្រុមការងារសម្របសម្រួលចម្រុះ (JCTF) ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ។
កន្លងមក ក្រសួងការពារជាតិកម្ពុជាបានច្រានចោលទាំងស្រុងចំពោះការចោទប្រកាន់ដោយគ្មានមូលដ្ឋានច្បាស់លាស់របស់ថៃពាក់ព័ន្ធនឹងការបង្កប់មីនថ្មី ដោយកម្ពុជានៅតែរក្សាជំហរយ៉ាងម៉ឺងម៉ាត់ គឺគ្មានការប្រើប្រាស់ និងមិនប្រើប្រាស់មីនថ្មីដាច់ខាត ។ កម្ពុជា ជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស ដែលកម្ពុជាបានផ្តល់សច្ចាប័នក្នុងឆ្នាំ១៩៩៩ ក៏ត្រូវបានទទួលស្គាល់ជាអន្តរជាតិចំពោះសមិទ្ធផលនៃការបោសសម្អាតមីន និងគ្មានការប្រើប្រាស់មីនប្រឆាំងមនុស្សឡើយ ៕










