ទោះជាកម្ពុជា-ថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ជាសាក្សី ហើយប្រទេសទាំងពីរបានឯកភាពកែសម្រួលអាវុ.ធ និងយុទ្ធោបករណ៍ធុនធ្ងន់ជា៣ដំណាក់កាលដើម្បីកសាងទំនុកចិត្ត លើកកម្ពស់ការជឿទុកចិត្តគ្នា និងស្ថិរភាពនៅតាមព្រំដែនកម្ពុជា-ថៃ ប៉ុន្តែពលរដ្ឋថៃនៅព្រំដែនកើតទុក្ខមិនសុខចិត្ត និងស្តីបន្ទោសនាយករដ្ឋមន្ត្រីរបស់ខ្លួនដែលយល់ព្រមចុះហត្ថលេខាសន្តិភាព ទាំងដែលថៃមិនទាន់ដណ្តើមបានទឹកដី និងប្រាសាទរបស់កម្ពុជា ។
ពលរដ្ឋខេត្តសុរិន្ទកើតទុក្ខមិនសុខចិត្តយ៉ាងខ្លាំងដែលកងទ័ពថៃមិនអាចដណ្តើមប្រាសាទតាក្របីមកគ្រប់គ្រង និងខឹងសម្បារលោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ដែលនិយាយថា ពលរដ្ឋថៃល្មើសអធិបតេយ្យកម្ពុជានៅព្រំដែនខេត្តស្រះកែវ បើចង់ឱ្យពលរដ្ឋខ្មែរចាកចេញពីតំបន់ភូមិជោគជ័យ និងភូមិព្រៃចាន់ គឺពលរដ្ឋថៃក៏ត្រូវរុះរើលំនៅឋានដែលសាងសង់លើទឹកដីកម្ពុជាដែរ ដើម្បីយុត្តិធម៌ទាំងសងខាង ។ ពលរដ្ឋសុរិន្ទមិនព្រមដាច់ខាត ហើយនឹងធ្វើគ្រប់វិធីដើម្បីដណ្តើមប្រាសាទតាក្របី ដោយពួកគេបានណាត់គ្នាទាមទារយកប្រាសាទនេះនៅថ្ងៃទី៧ ខែវិច្ឆិកា ខាងមុខ ។
តាមការចុះផ្សាយរបស់សារព័ត៌មាន Amarin News កាលពីថ្ងៃទី២ ខែវិច្ឆិកា ពលរដ្ឋថៃនៅព្រំដែន ជាពិសេស ពលរដ្ឋសុរិន្ទ មិនយល់ព្រមដាច់ខាតដែលកងទ័ពថៃមិនអាចដណ្តើមប្រាសាទតាក្របីមកគ្រប់គ្រង និងខឹងសម្បារនាយករដ្ឋមន្ត្រីថៃដែលនិយាយថា ពលរដ្ឋថៃល្មើសអធិបតេយ្យកម្ពុជា ។ បើទោះជាសុរិន្ទ គឺជាអតីតខេត្តរបស់កម្ពុជាដែលត្រូវបានថៃដណ្តើមយកទៅ ប៉ុន្តែពលរដ្ឋសុរិន្ទគាំទ្រថៃ១០០% និងញុះញង់ឱ្យកងទ័ពថៃធ្វើសង្គ្រាមដណ្តើមប្រាសាទតាក្របី ពីព្រោះបើមិនធ្វើសង្គ្រាម ថៃគ្មានថ្ងៃដណ្តើមបានប្រាសាទទេ ។
ពលរដ្ឋថៃនៅព្រំដែន អ្នកស្រី អើយ រ៉ាក់សាក់ប្រាខូន អាយុ៦៩ឆ្នាំ សោកស្តាយយ៉ាងខ្លាំងដែលកងទ័ពថៃមិនអាចដណ្តើមប្រាសាទតាក្របីរបស់កម្ពុជា និងកាន់តែខឹងសម្បារខ្លាំងឡើងក្រោយពីលោកនាយករដ្ឋមន្ត្រី Anuti និយាយថា ពលរដ្ឋថៃល្មើសអធិបតេយ្យកម្ពុជានៅព្រំដែនខេត្តស្រះកែវ និងឱ្យចាកចេញពីទឹកដីកម្ពុជា រដ្ឋាភិបាលថៃនឹងរកទីកន្លែងថ្មីឱ្យរស់នៅ ។ អ្នកដឹកនាំនិយាយបែបនេះ ខ្លួនមិនអាចទទួលយកបានទេ ខណៈពលរដ្ឋនៅព្រំដែនផ្សេងទៀតក៏ចង់ឱ្យថៃគ្រប់គ្រងប្រាសាទតាក្របីដែរ ថែមទាំងចោទប្រកាន់កងទ័ពកម្ពុជាល្មើសអធិបតេយ្យថៃ ។
នៅថ្ងៃទី៧ ខែវិច្ឆិកា ខាងមុខ អ្នកស្រីចង់ចូលរួមជាមួយពលរដ្ឋសុរិន្ទដែលណាត់គ្នាទាមទារប្រាសាទតាក្របី ប៉ុន្តែបើមានធុរៈមិនបានទៅចូលរួម អ្នកស្រីនឹងទិញទឹកបរិសុទ្ធផ្តល់ឱ្យក្រុមតវ៉ា ។ បើអនាគត កងទ័ពថៃប៉ះទង្គិចគ្នាជាមួយកងទ័ពកម្ពុជាម្តងទៀត ពលរដ្ឋសុរិន្ទនឹងរួមកម្លាំងជាមួយកងទ័ពថៃប្រឆាំងកម្ពុជា ដោយស្ត្រីរូបនេះចោទប្រកាន់កម្ពុជាពុំអាចទុកចិត្តបាន និងមិនអនុវត្តតាមការព្រមព្រៀង ព្រមទាំងផ្តាំផ្ញើទៅនាយករដ្ឋមន្ត្រីថៃរកវិធីដណ្តើមប្រាសាទតាក្របី ។
ដូចគ្នានេះ ពលរដ្ឋថៃផ្សេងទៀតថា ប្រាសាទតាក្របីជារបស់ថៃ ប៉ុន្តែពេលនេះ កងទ័ពកម្ពុជាគ្រប់គ្រងដែលធ្វើឱ្យពលរដ្ឋថៃមិនបានឡើងលើប្រាសាទ ដោយពួកគេទាមទារឱ្យរដ្ឋាភិបាលថៃទាមទារប្រាសាទតាក្របីពីកម្ពុជា ។ ពលរដ្ឋថៃម្នាក់ឈ្មោះ អ ផៃរ៉ាត់ បានបង្ហោះសារក្នុងបណ្តាញសង្គមពីការប្រមូលផ្តុំពលរដ្ឋថៃទាមទារប្រាសាទតាក្របីនៅថ្ងៃទី៧ ខែវិច្ឆិកា ដោយជួបជុំគ្នានៅសាលារៀនខូកតាខៀន ព្រមទាំងមានការច្រៀងចម្រៀងស្នេហាជាតិផងដែរ ។
គួរបញ្ជាក់ថា អ្នកសារព័ត៌មានថៃបានសួរនាំលោក វីរៈយុទ្ធ រ៉ាក់ស៊ីន មេបញ្ជាការកងទ័ពភូមិភាគទី២ ពីបញ្ហាប្រាសាទតាក្របី ប៉ុន្តែលោកមិនបាននិយាយអ្វីទៅកាន់អ្នកសារព័ត៌មានទេ ។ ភាពស្ងាត់ស្ងៀមបែបនេះធ្វើឱ្យពលរដ្ឋថៃសន្និដ្ឋានថា លោក វីរៈយុទ្ធ ក៏មានបំណងមិនខុសពីពួកគេ គ្រាន់តែមិននិយាយពីកិច្ចការកងទ័ព ដែលត្រូវលាក់កាណ៍ជាអាថ៌កំបាំងមិនឱ្យបែកធ្លាយ ៕










