នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ អ្នកតាមដានវិស័យបវរកញ្ញាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីឃើញលិខិតពីក្រុមហ៊ុនមួយដែលស្ថិតក្រោមបញ្ជីឈ្មោះរបស់ ប្រាសាទ ដាវីន ប្រកាសមិនទទួលខុសត្រូវលើសុវត្ថិភាពឬបញ្ហាណាមួយដែលកើតឡើងចំពោះ ហ្វីយ៉ាតា ដែលត្រៀមចេញទៅប្រកួតនៅប្រទេសថៃនាថ្ងៃទី២ វិច្ឆិកា នេះ។
ក្នុងលិខិតដែលបែកធ្លាយនៅលើបណ្តាញសង្គម ដែលធ្វើឡើងនៅថ្ងៃទី៣១ ខែតុលា បានបង្ហាញថា កម្មវិធី Miss Universe Cambodia ជាកម្មវិធីប្រកួតសម្រស់ដែលស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន អឺឡឺវេនធូ៩ ឯ.ក(Eleven To9 Co., Ltd.) ជាក្រុមហ៊ុនដែលបានចុះបញ្ជីពាណិជ្ជកម្មស្របតាមច្បាប់។ ក្នុងលិខិតបានបញ្ជាក់ថា ថៃ នារីសុជាតា បានប្រកាសតាម Facebook ថាខ្លួននឹងចូលរួមប្រកួតសម្រស់ក្នុងកម្មវិធី Miss Universe លើកទី ៧៤ នៅប្រទេសថៃ ហើយក្រុមហ៊ុនបានព្យាយាមទាក់ទងជាច្រើនដងមកប្រជុំប៉ុន្តែ ថៃ នារីសុជាតា បានបដិសេធមិនចូលរួម ទើបក្រុមហ៊ុនសម្រេចថាមិនបញ្ជូនម្ចាស់មកុដ ទៅចូលរួមប្រកួតសម្រស់ដែលនឹងប្រព្រឹត្តទៅនៅឯប្រទេសថៃឡើយដោយមានបំណងរក្សាតំណែងទៅចូលរួមប្រកួត Miss Universe លើកទី ៧៥ នៅប្រទេស Puerto Rico ។ .png)
ក្នុងខ្លឹមសារនោះបានលើកហេតុផលថា ស្ថានភាពប្រទេសជាតិរវាង ប្រទេសកម្ពុជា និងប្រទេសថៃ មិនទាន់វិលមកសភាពធម្មតាឡើងវិញ និងដោយមានក្តីបារម្ភពីអ្នកគ្រប់គ្រង ទៅនឹងសុខ សុវត្ថិភាពរបស់ ម្ចាស់មកុដកញ្ញាឯកចក្កវាឡកម្ពុជា រួមជាមួយនឹងក្តីកង្វល់ជាច្រើនទៀតប៉ុន្តែម្ចាស់មកុដនៅតែរក្សាគោលជំហរទៅចូលរួមប្រកួតក្នុងកម្មវិធី Miss Universe ប្រសិនបើម្ចាស់មកុដ ថៃ នារីសុជាតា សម្រេចដាច់ខាត ថាត្រូវតែទៅចូលរួមប្រកួតកម្មវិធី Miss Universe លើកទី ៧៤ នៅប្រទេសថៃ ដោយគ្មានការព្រមព្រៀងពី ក្រុមហ៊ុនក្នុងករណីមានហេតុការណ៍ណាមួយកើតឡើងដែលធ្វើឱ្យប៉ះពាល់ដល់ ម្ចាស់មកុដកញ្ញាឯកចក្កវាឡកម្ពុជា ឬដល់កេរ្តិ៍ឈ្មោះ ប្រទេសទាំងពីរ នៅអំឡុងពេលប្រកួតកម្មវិធី Miss Universe នោះក្រុមហ៊ុនមិនទទួលខុសត្រូវឡើយ។

បន្ទាប់ពីលិខិតនេះបង្ហាញជាសាធារណៈបានធ្វើឱ្យអ្នកតាមដានវិស័យបវរកញ្ញាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈដែល ហ្វីយ៉ាតា ចេញទៅប្រកួតនៅថ្ងៃស្អែកនេះហើយ។ តាមការចង្អុលបង្ហាញរបស់អ្នកលេងអ៊ីនធឺណិតក្រុមហ៊ុនអឺឡឺវេនធូ៩ គឺស្ថិតក្រោមឈ្មោះរបស់ ប្រាសាទ ដាវីន៕










