ក្នុងការផ្តល់មូលវិចារ្យទៅកាន់បេក្ខជនក្នុងនាមជាគ្រូបង្វឹកម្នាក់ សង្ហា ត្រូវបានសាធារណជនបញ្ចេញមតិវែកញែកយ៉ាងច្រើន។ ឃើញមានការវែកញែក សង្ហា បានបញ្ជាក់ថាបេក្ខជនមានទាំងចំណុចល្អនិងមិនល្អព្រមទាំងបញ្ជាក់ថានោះគ្រាន់តែជាវីដេអូខ្លីប៉ុណ្ណោះ។ យ៉ាងណាមិញថ្មីៗនេះ សង្ហា ស្រាប់តែប្រតិកម្មចំៗទៅកាន់បុគ្គលម្នាក់ព្រោះតែបុគ្គលនោះបានប្រើភាសាមិនសមរម្យគ្មានសីលធម៌ និងអះអាងថាបើលោកមិនដឹងពីវិស័យហ៊ីបហបមិនមែនគេអញ្ជើញលោកឱ្យកាន់តួនាទីនោះទេ។

នៅយប់ថ្ងៃទី៣០ ខែតុលា សង្ហា បានបង្ហោះរូបមួយសន្លឹកជាមួយនឹងសំណេរប្រតិកម្មរបស់ខ្លួនថា «លោក Sakada KH យកវីដេអូខ្ញុំបន្តិចទៅធ្វើ Content ហ្នឹងចង់បាន Like Comments & Share មែនទេ?  ពេលHIP HOP មិនទាន់ល្បី គ្មានទីផ្សារមានតែពួកខ្ញុំប៉ុន្មាននាក់ទេដែលខំព្យាយាមធ្វើវាឱ្យល្អមកដល់សព្វថ្ងៃនេះ លោករិះគន់បែបនេះតើលោកយល់ដឹងអ្វីខ្លះពីតន្រ្តី Hip Hop ?  សុទ្ធតែហៅខ្ញុំអាមឹង ជាភាសាមនុស្សគ្មានសីលធម៌និងមិនទាំងស្គាល់ខ្ញុំច្បាស់ផង និងតួនាទីរបស់ខ្ញុំក្នុងវិស័យ HIP HOPនេះផង »។
គ្រូបង្វឹក សង្ហា បន្តទៀតថា «លោកថាខ្ញុំមិនចេះអីទេប៉ុន្តែប្រាប់លោកឱ្យដឹងកម្មវិធីប្រឡងរ៉េបស្រុកខ្មែរជាច្រើនអញ្ជើញខ្ញុំឱ្យកាន់តួនាទីសំខាន់ៗសឹងគ្រប់កម្មវិធីហើយ (យល់?) អ៊ីចឹងខ្ញុំដឹងច្បាស់ថាខ្ញុំកំពុងធ្វើអ្វី ខ្ញុំចង់បានអ្វី ហើយខ្ញុំចង់បានបេក្ខជនបែបណាហើយ»។
មិនត្រឹមតែសំណេរប្រតិកម្មខាងលើនេះប៉ុណ្ណោះទេ ប៉ុន្តែ សង្ហា បានបន្ថែមនៅក្នុងផ្នែកបញ្ចេញមតិយោបល់ទៀតថា «បើបណ្ឌិតៗដូចពួកអស់លោកនេះមកដឹកនាំសិល្បករនិងតន្ត្រីស្រុកខ្មែរវិញប្រហែលជាស្រុកខ្មែរម៉ោងនេះមាន michael jackson ចំនួន ១០នាក់»។ តារាចម្រៀងរូបនេះបន្ថែមថា «យល់អ្វីខ្លះពី HIP HOP ? ខ្ញុំដែលទៅខ្លាចអ្នកណាRapល្អជាងខ្ញុំ ! ខ្ញុំធ្វើការរាល់ថ្ងៃ មានកេរ្តិ៍ឈ្មោះមកដល់សព្វថ្ងៃ ដោយសារតែខ្ញុំអាចធ្វើឱ្យគេRap បានល្អហ្នឹងហើយ។ ខ្ញុំទៅខ្លាចអ្នកណាRapល្អជាងខ្ញុំ?»។
គួរបញ្ជាក់ផងដែរថា មិនត្រឹមតែគ្រូបង្វឹកសង្ហា ប៉ុណ្ណោះទេដែលរងនូវការវែកញែកពីទស្សនិកជនងាកមកកាន់ ប្រុសឡា និងកញ្ញា តន់ ច័ន្ទសីម៉ា វិញក៏ត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនបញ្ចេញមតិវែកញែកផងដែរ៕
 
		 
	









