ដូចប្រិយមិត្តមួយចំនួនជ្រាបមកហើយថាពេលនេះពិធីការិនីល្បីឈ្មោះ សុភ័ក្រ កុសុម៉ា កំពុងតែពរពោះកូនដំបូងប៉ុន្តែការងារសិល្បៈមួយចំនួននាងនៅតែបន្តដដែល។ អ្វីដែលធ្វើឱ្យអ្នកគាំទ្រស្ងើចសរសើរ កុសុម៉ា គឺនាងខំបើកឡានទាំងកំពុងចាញ់កូនដើម្បីមកចូលរួមកម្មវិធីបរិច្ចាគឈាមរបស់ នី មុន្នីនាថ ។
ថ្មីៗនេះតារាសម្តែង នី មុន្នីនាថ បានរៀបចំកម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ឈាមខ្មែរតែមួយ» ដោយមានការចូលរួមពីពលរដ្ឋ សិល្បករ សិល្បការិនីមួយចំនួនដូចជា សុភ័ក្រ កុសុម៉ា, ឆឹម សក្កដា, ឌី បញ្ញាវិមាលា, ព្រីន ,ជេស៊ីកា ,ប៉ែន ចំរ៉ុង ,សាយ សៀរ៉ា និងអ្នកមួយចំនួនទៀត។ យ៉ាងណាមិញ តារាសម្តែង នី មុន្នីនាថ បានលាតត្រដាងពី កុសុម៉ា ដែលពុះពារការធ្វើដំណើរមកពីឆ្ងាយទាំងកំពុងមានទម្ងន់ដើម្បីមកចូលរួមកម្មវិធីរបស់ខ្លួន។
កញ្ញា នី មុន្នីនាថ ថាប្រសិនជាមិននិយាយពី កុសុម៉ា ទេគឺនាងមិនអស់ចិត្តឡើយព្រមទាំងបង្ហាញថា កុសុម៉ា គឺចាញ់កូនខ្លាំងប៉ុន្តែនៅតែឆ្លៀតបើកឡានពីផ្ទះផ្លូវ៦Aមកដើម្បីចូលរួមកម្មវិធីបរិច្ចាគឈាមនៅផ្សារទំនើបអ៊ីអនសែនសុខ។ ប្រធានកម្មវិធីបរិច្ចាគឈាមបានបង្ហាញការសប្បាយចិត្តនៅពេលឃើញ កុសុម៉ា បើទោះបីជារវល់យ៉ាងណាក៏មកចូលរួម ហើយតែងតែផ្តល់ឥរិយាបថល្អមកកាន់ក្រុមការងារទាំងអស់របស់មូលនិធិឈាម នី មុន្នីនាថ។
តារាសម្តែងរូបនេះបានបន្តដោយគោរពសរសើរ សុភ័ក្រ កុសុម៉ា និងស្វាមី គឺជាអ្នកសិល្បៈគំរូខ្លាំងបើទោះបីជារវល់យ៉ាងណាក៏ឆ្លៀតមកចូលរួមកម្មវិធីរបស់សិល្បករ ខណៈទម្លាយទៀតថាកម្មវិធីមូលធិនិឈាម នី មុន្នីនាថ របស់នាងទាំងនៅខេត្តសៀមរាប ផ្សារទំនើបអូឡាំព្យា គឺជាការឌីហ្សាយរបស់ស្វាមី កុសុម៉ា ដោយការធ្វើនេះគឺមិនគិតកម្រៃឡើយ។
ទទួលបាននូវការសរសើរមិនដាច់ពីមាត់ពីតារាសម្តែង នី មុន្នីនាថ ពិធីការិនី កុសុម៉ា ក៏បានបង្ហាញថា នី មុន្នីនាថ គឺមានទឹកចិត្តធំធេងខ្លាំងណាស់។
គួរឱ្យដឹងថាដ្បិតតែពេលនេះ នី មុន្នីនាថ បានឃ្លាតឆ្ងាយពីវិស័យសម្តែងក្តីប៉ុន្តែរូបនាងបានផ្តោតការងារជួយសង្គមជាច្រើនជាពិសេសគឺមូលនិធិបរិច្ចាគឈាមដើម្បីជួយអាយុជីវិតមនុស្ស។ សកម្មភាពជាច្រើនរបស់ នី មុន្នីនាថ ក្រសួងសុខាភិបាលក៏ធ្លាប់សម្តែងការកោតសរសើរផងដែរ៕










