ប្រទេសថៃ ៖ តាមការចុះផ្សាយរបស់សារព័ត៌មាន Amarin News នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ឱ្យដឹងថា បុគ្គលជ្រុលនិយម វីរៈ ស៊ុមក្វាមឃិត ដែលតែងតែចេញមុខប្រឆាំងជាមួយរដ្ឋាភិបាលថៃនោះ បានបញ្ជាក់ជាថ្មីនឹងទៅបណ្តេញពលរដ្ឋខ្មែរចេញពីភូមិជោគជ័យ (ទល់មុខភូមិណងចាន់) បើទោះជាមានការរារាំងពីកងកម្លាំងថៃធ្វើឱ្យខ្លួនរងរបួសក្តី ក៏មិនខ្លាចដែរ គឺនៅតែប្រកាន់គោលជំហរបណ្តេញពលរដ្ឋខ្មែរចេញឱ្យបាន ។ បុគ្គលនេះស្តីបន្ទោសនាយករដ្ឋមន្ត្រីថៃដែលចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ទើបធ្វើឱ្យកងទ័ពថៃពុំអាចធ្វើសកម្មភាពនៅតំបន់ព្រំដែនខេត្តស្រះកែវ ។

បុគ្គល វីរៈ ស៊ុមក្វាមឃិត បាននិយាយនៅចំពោះមុខសារព័ត៌មាននៅថ្ងៃទី៣០ ខែតុលា ថា ពលរដ្ឋថៃឱ្យខ្លួនតវ៉ាទាមទារទឹកដីនេះតាំងពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១០ មកម៉្លេះ ខ្លួនមិនធ្លាប់បានជាន់លើទឹកដីចំនួន៦៤រ៉ៃ (ឬប្រមាណជាង១០ហិកតា) ទេ ប៉ុន្តែនៅថ្ងៃទី៣១ ខែតុលា ខ្លួននឹងជាន់លើទឹកដីនេះ ទោះជាកងទ័ព និងសមត្ថកិច្ចថៃធ្វើឱ្យខ្លួនរងរបួសក៏ដោយ ។ ថៃត្រូវតែបណ្តេញពលរដ្ឋខ្មែរចេញពីទឹកដីជាង១០ហិកតាឱ្យអស់ ទើបខ្លួនឈប់តវ៉ា បើមិនអាចបណ្តេញពលរដ្ឋខ្មែរទេ គ្មានសិទ្ធិមកហាមឃាត់ខ្លួនទេ ពីព្រោះរដ្ឋាភិបាលថៃធ្វើខុសច្បាប់រហូតមក បើកងកម្លាំងថៃចង់ធ្វើខុសច្បាប់ដែរ គឺនៅថ្ងៃទី៣១ ខែតុលា ដឹងគ្នាមិនខាន ។

កន្លងមក វីរៈ ស៊ុមក្វាមឃិត កើតទុក្ខមិនសុខចិត្តជាមួយលទ្ធផលកិច្ចប្រជុំពេញអង្គគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) នៅខេត្តចន្ទបុរី ប្រទេសថៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ថា ថៃចាញ់ប្រៀបកម្ពុជាក្នុងកិច្ចប្រជុំ JBC ទើបប្រមូលក្រុមជ្រុលនិយមថៃទៅបណ្តេញពលរដ្ឋខ្មែរចេញពីភូមិជោគជ័យ (ភូមិណងចាន់) នៅថ្ងៃទី៣១ ខែតុលា ។

កាលពីថ្ងៃទី២៣ ខែតុលា វីរៈ ស៊ុមក្វាមឃិត បានបង្ហោះសារក្នុងហ្វេសប៊ុកនិយាយពីកិច្ចប្រជុំ JBC កម្ពុជា-ថៃ នៅខេត្តចន្ទបុរី ថា ថៃចាញ់ប្រៀប ថៃមានចេតនាលក់ជាតិឱ្យកម្ពុជា ទើបធ្វើឱ្យការបណ្តេញពលរដ្ឋខ្មែរចេញពីភូមិជោគជ័យ និងភូមិព្រៃចាន់ ត្រូវអូសបន្លាយពេល ហើយថៃប្រឈមនឹងការគ្មានសិទ្ធិកាន់កាប់ទឹកដីនេះជារៀងរហូត ទើបចង់ឱ្យក្រុមជ្រុលនិយមជួយគ្នាបណ្តេញពលរដ្ឋខ្មែរឱ្យអស់ ។ ការញុះញង់មិនឈប់ឈរធ្វើឱ្យលោកនាយករដ្ឋមន្ត្រី Anutin Charnvirakul មិនពេញចិត្ត និងថា បុគ្គលនេះមិនធ្លាប់ធ្វើអ្វីជាប្រយោជន៍ដល់ជាតិ ។

លើសពីនេះ វីរៈ ស៊ុមក្វាមឃិត បានដាក់ពាក្យប្តឹងខែសីហាកន្លងមក ឱ្យចាប់មេបញ្ជាការយោធភូមិភាគ១ ពីបទពុំបណ្តេញពលរដ្ឋខ្មែរចេញពីភូមិជោគជ័យ និងភូមិព្រៃចាន់ ព្រមទាំងប្តឹងចាប់អភិបាលខេត្តស្រះកែវ ក្រោយពីផ្តល់សម្ភាសន៍និយាយការពិតថា តំបន់ដែលកងទ័ពថៃរាយបន្លាលួសជាទឹកដីរបស់កម្ពុជា ថៃគ្មានឯកសារកាន់កាប់ដីធ្លី ដែលធ្វើឱ្យពលរដ្ឋថៃខឹងសម្បារទូទាំងប្រទេស ។

គួរបញ្ជាក់ថា វីរៈ ស៊ុមក្វាមឃិត បានចំណាយពេលរហូតដល់១៥ឆ្នាំ ដើម្បីឱ្យពលរដ្ឋថៃទូទាំងប្រទេសព្រមទទួលស្គាល់ និងជឿថា ភូមិជោគជ័យ និងភូមិព្រៃចាន់ គឺជាទឹកដីថៃ ។ កាលពីប៉ុន្មានឆ្នាំមុន បុគ្គលនេះ និងមិត្តភក្តិ៨នាក់ទៀតបានដើរចូលទឹកដីកម្ពុជាខុសច្បាប់ ហើយកម្ពុជាក៏បញ្ជូនមកពន្ធនាគារ ទើបបុគ្គលនេះមានគំនិតគុំគួនរហូតមក និងសូមឱ្យថៃគ្រប់គ្រងភូមិទាំងពីរឱ្យបាន១០០% ។ ទោះជារដ្ឋាភិបាលថៃពេលនោះ (នៅឆ្នាំ២០១០) ប្រាប់ឱ្យ វីរៈ ស៊ុមក្វាមឃិត ព្រមទទួលទទួលកំហុស ប៉ុន្តែនៅតែពុំទទួលស្គាល់កំហុសដដែល ។

បច្ចុប្បន្ន មានរយៈពេល១៥ឆ្នាំហើយ ដែល វីរៈ ស៊ុមក្វាមឃិត ប្រឹងប្រែងធ្វើឱ្យពលរដ្ឋថៃជឿថា ខ្លួនធ្វើសកម្មភាពមានប្រយោជន៍សម្រាប់ជាតិ និងចោទប្រកាន់រដ្ឋាភិបាលថៃបណ្តោយឱ្យពលរដ្ឋខ្មែរចូលមករស់នៅតំបន់ព្រំដែនខេត្តស្រះកែវ ប្រមាណ៤០ឆ្នាំ ៕