ទទួលបានតំណែងជាគ្រូបង្វឹកម្នាក់ក្នុងចំណោម៤នាក់ក្នុងកម្មវិធីប្រលងចម្រៀងរ៉េប តារាចម្រៀង តន់ ច័ន្ទសីម៉ា បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនបញ្ចេញមតិវែកញែកដោយលើកហេតុផលថានាងមិនមានបទពិសោធន៍ផ្នែកនេះ។ លើសពីនេះទៅទៀតនៅពេលគ្រូបង្វឹកទាំង៤រូបចេញបទចម្រៀងរួមគ្នាគឺមានការចូលរួមនិពន្ធប៉ារ៉ូលចម្រៀងលើកឡើងតែ តន់ ច័ន្ទសីម៉ា ប៉ុណ្ណោះដែលគ្មានឈ្មោះក្នុងបញ្ជី។

ទោះបីជាកម្មវិធីបានចាក់ផ្សាយជាបណ្តើរៗហើយក្តី ទស្សនិកជនមួយចំនួននៅតែបន្តជីកសួរពីតារាចម្រៀង តន់ ច័ន្ទសីម៉ា ជាក់ស្តែងថ្មីៗនេះឈានដល់ការខម្មិនសួរនៅលើគណនីរបស់ សង្ហា ខណៈ សង្ហា ក៏បានឆ្លើយតបផងដែរ។ គណនីបណ្តាញសង្គមមួយបានខម្មិនថា «ខ្ញុំសុំសួរសង្ហាមួយហេតុអ្វីបានយក តន់ ច័ន្ទសីម៉ា មកធ្វើ coach ទាំងដែលមិនមែនជាអ្នករ៉េបអាជីពហើយក៏មិនដែលជាអ្នកមានបទពិសោធន៍ក្នុងការរ៉េបដែរខ្ញុំឆ្ងល់»។

គ្រូបង្វឹក សង្ហា បានឆ្លើយតបសំណួរខាងលើនេះថា «មហាជនមានគំនិតផ្សែង ប៉ុន្តែសម្រាប់បេក្ខជនគឺដឹងច្បាស់ថា Coach TSM មានអ្វីពិសេសសម្រាប់ខ្លួន។ ទោះបីជាមិនមែនជាសិល្បករផ្នែក Rap១០០% ប៉ុន្តែCoach TSM មានបទពិសោធន៍ច្រើននិងធ្លាប់ឆ្លងកាត់ការផ្លាស់ប្ដូររសជាតិចម្រៀងតន្ត្រីរបស់គាត់បានច្រើនប្រភេទ»។ សង្ហា អះអាងទៀតថា «ចំណុចកន្លែងនេះអត់មានបញ្ហាអីទេគឺល្អសម្រាប់បេក្ខជនដែលគាត់អាចសម្រេចចិត្តបានច្រើន ថាតើគាត់ចង់ធ្វើបែបណាសម្រាប់តន្ត្រីរបស់គាត់»។

ក្នុងអាជីពចម្រៀង តន់ ច័ន្ទសីម៉ា បានឆ្លងកាត់ការប្រកួតក្នុងកម្មវិធី The Voice Cambodia រដូវកាលទី២ កាលពីឆ្នាំ២០១៦។ ក្រោយមកបានវិវត្តន៍ខ្លួនបន្តិចម្តងៗនិងមានបទចម្រៀងល្បីផ្ទុះជាច្រើនបទនៅលើទីផ្សារ។

ទន្ទឹមនឹងភាពល្បីល្បាញ តន់ ច័ន្ទសីម៉ា ក៏រងនូវការមិនពេញចិត្តពីទស្សនិកជនមួយចំនួន ប៉ុន្តែនាងនៅតែបន្តដំណើរទៅមុខទោះបីប្រជាប្រិយភាពពុំល្បីដូចកាលពីមុនក្តី។ អ្វីដែលគួរឱ្យកត់សម្គាល់ដ្បិតថាក្នុងស្រុកមានទស្សនិកជនមិនពេញចិត្តប៉ុន្តែនាងក៏មានបទចម្រៀងផ្ទុះរហូតដល់សារព័ត៌មានថៃសម្ភាសន៍កាលពីកន្លងមកនេះផងដែរ៕
Home តារាជាតិ









