ប្រទេសថៃ ៖ ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីរ៉ែកម្ររវាងថៃនិងអាមេរិកបានក្លាយជាប្រធានបទក្តៅជជែកវែកញែកពេញបណ្តាញសង្គមប្រទេសថៃ មិនថាសមាជិកសភាគណបក្សប្រឆាំង អ្នកនយោបាយ និងពលរដ្ឋ បានបន្ទោសលោកនាយករដ្ឋមន្ត្រី Anutin Charnvirakul ថា ហេតុអ្វីចុះហត្ថលេខាស្ងាត់ៗមិនឆ្លងកាត់ការឯកភាពពីពលរដ្ឋ ។ ការចុះ MOU ជាមួយប្រទេសមហាអំណាចនឹងធ្វើឱ្យថៃចាញ់ប្រៀបអាមេរិកគ្រប់បែបយ៉ាង មិនអាចលុបចោលងាយៗទេ ថៃខូចខាតបរិស្ថានដោយសារការជីកអណ្តូងរ៉ែ ហើយថៃបានក្លាយជាកូនអុកក្នុងសង្គ្រាមពាណិជ្ជកម្មអាមេរិក-ចិន ។

កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃបានបកស្រាយពីការចុះហត្ថលេខាលើ MOU រ៉ែកម្រជាមួយអាមេរិកនឹងមិនធ្វើឱ្យថៃរងសម្ពាធទេ ហើយមុនពេលចុះហត្ថលេខា គឺបានឆ្លងកាត់ការអនុម័តពីគណៈរដ្ឋមន្ត្រីថៃរួចហើយ ។ ពលរដ្ឋមិនចាំបាច់បារម្ភពីផលប៉ះពាល់ដោយសារ MOU រ៉ែកម្រ ពីព្រោះថៃនឹងទទួលបានអត្ថប្រយោជន៍ផ្នែកពាណិជ្ជកម្ម និងការទម្លាក់ពន្ធទំនិញ ហើយលោកជឿថា MOU នឹងមិនធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងថៃជាមួយចិនទេ ។

បន្ទាប់ពីនាយករដ្ឋមន្ត្រីថៃបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពកម្ពុជា-ថៃ ក្រៅកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៧ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MOU) ស្តីពីរ៉ែកម្រជាមួយអាមេរិកផងដែរ ប៉ុន្តែបែរជារងការស្តីបន្ទោសពីពលរដ្ឋ ជាពិសេស សមាជិកសភាគណបក្សប្រឆាំងបន្ទោសរដ្ឋាភិបាលថៃមានកំហុសធ្ងន់ធ្ងរដោយសារចាញ់ប្រៀបអាមេរិក ។

លោក Anutin នាយករដ្ឋមន្ត្រីថៃបានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានកាលពីថ្ងៃទី២៨ ខែតុលា ពីការចុះហត្ថលេខាលើ MOU ស្តីពីរ៉ែកម្រថៃ-អាមេរិក ដែលពលរដ្ឋចង់ឱ្យនាយករដ្ឋមន្ត្រីបកស្រាយឱ្យច្បាស់លាស់ ដោយលោកថា ខ្លឹមសារ MOU បើនៅថ្ងៃអនាគត ថៃមានរ៉ែកម្រ ហើយអាចផ្តល់ប្រយោជន៍ដល់ប្រទេសថៃ គឺថៃអាចស្រាវជ្រាវជាមួយអាមេរិក ។ អាមេរិកមានបច្ចេកវិទ្យាទំនើបជាង និងទីផ្សារច្រើនជាង ប៉ុន្តែមិនមែនមានន័យថា ថៃស្ថិតក្រោមសម្ពាធរបស់អាមេរិកទេ ហើយវាក៏មិនមែនជាការផ្តល់សម្បទាន ឬចំណងអ្វីឡើយ ។ តាមច្បាប់ បើថ្ងៃអនាគត ថៃអាចដំណើរការអណ្តូងរ៉ែកម្រដោយខ្លួនឯង មានទីផ្សារខ្លួនឯង និងមានបច្ចេកវិទ្យាទំនើប ថៃអាចលុបចោល MOU នេះជាមួយអាមេរិក ។

ចំពោះពលរដ្ឋថៃចោទប្រកាន់ការចុះហត្ថលេខាលើ MOU ស្តីពីរ៉ែកម្រជាមួយអាមេរិកគ្មានការជូនដំណឹងជាមុន និងចោទប្រកាន់នាយករដ្ឋមន្ត្រីមានកំហុសធ្ងន់ធ្ងរធ្វើឱ្យថៃចាញ់ប្រៀបអាមេរិក លោក Anutin ថា មុនពេលចុះ MOU គឺបានឆ្លងកាត់ការពិភាក្សាគ្នារួចហើយ និងបានព្រមព្រៀងជាមួយក្រសួងការបរទេស ។ បើថៃបង្ហាញឥរិយាបថជាមិត្តជាមួយអាមេរិក ថៃនឹងទទួលបានប្រយោជន៍ក្នុងកិច្ចសហការផ្សេងៗជាមួយអាមេរិក ខណៈពេលនេះ ថៃមានរឿងច្រើនកំពុងចរចាជាមួយអាមេរិក ដូច្នេះ ថៃមិនចាញ់ប្រៀបទេ ។ ផ្ទុយទៅវិញ វានឹងធ្វើឱ្យការចរចាពាណិជ្ជកម្ម ពន្ធទំនិញ និងរឿងផ្សេងៗជាមួយអាមេរិកទទួលបានលទ្ធផលវិជ្ជមាន ។

ជាមួយគ្នានេះ លោកពុំបារម្ភពីផលប៉ះពាល់ដល់ទំនាក់ទំនងថៃ-ចិនដោយសារ MOU រ៉ែកម្រជាមួយអាមេរិកទេ ថៃត្រូវបកស្រាយឱ្យចិនបានយល់ពី MOU ។ រីឯសារព័ត៌មានមួយចំនួនចុះផ្សាយថា ថៃយល់ព្រមចុះហត្ថលេខាលើ MOU រ៉ែកម្រជាមួយអាមេរិក ដោយសារថៃចង់ទិញយន្តហោះអាមេរិកចំនួន៨០គ្រឿងនោះ លោក Anutin ថា មិនពាក់ព័ន្ធគ្នា ការចុះហត្ថលេខាលើ MOU រ៉ែកម្រ គឺថៃចង់រឹតចំណងមិត្តភាពជាមួយអាមេរិក ៕