ប្រទេសថៃ ៖ កងទ័ពថៃបានចាប់ផ្តើមដកសព្វាវុ.ធធុនធ្ងន់របស់ខ្លួនចេញពីតំបន់ព្រំដែនក្រោមការត្រួតពិនិត្យរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ បន្ទាប់ពីកម្ពុជាដកសព្វាវុ.ធចេញពីតំបន់ព្រំដែននៅយប់ថ្ងៃទី២៦ ខែតុលា ដើម្បីអនុវត្តតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា-ថៃ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីទាំងពីរ ដោយមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ជាសាក្សី ។
.jpg)
កាលពីថ្ងៃទី២៨ ខែតុលា អ្នកនាំពាក្យទីបញ្ជាការកងទ័ពថៃ លោក វិថៃ ឡៃថុមយ៉ា និយាយថា ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) មកពីប្រទេសម៉ាឡេស៊ី និងហ្វីលីពីន បានចូលរួមត្រួតពិនិត្យការដករថក្រោះ M60A3 ចំនួន២គ្រឿង ចេញពីតំបន់ព្រំដែនទៅកាន់ទីតាំងចាស់នៅខេត្តស្រះបុរី ។ ការដករថក្រោះនេះជាការអនុវត្តតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា-ថៃ បានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីកម្ពុជា-ថៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលប្រទេសទាំងពីរប្តេជ្ញាអនុវត្តតាមកិច្ចព្រមព្រៀងសន្តិភាពដើម្បីផ្តល់ទំនុកចិត្ត កាត់បន្ថយភាពតានតឹង និងសហការគ្នាយូរអង្វែង ។
.jpg)
អ្នកនាំពាក្យទីបញ្ជាការកងទ័ពថៃបន្តថា កាលពីថ្ងៃទី២៦ ខែតុលា កន្លងមក គឺជាថ្ងៃល្អក្នុងការចាប់ផ្តើមដកសព្វាវុធធុនធ្ងន់តាមកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ បើទោះវាគ្រាន់តែជាជំហ៊ានដំបូងក៏ដោយ ប៉ុន្តែនេះជាជំហ៊ានសំខាន់បង្ហាញពីការប្តេជ្ញាចិត្តរបស់កងទ័ពថៃក្នុងការអនុវត្តតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជា-ថៃ ដើម្បីផ្តល់សន្តិសុខ សុវត្ថិភាពនៅតំបន់ព្រំដែន កាត់បន្ថយការភ័យខ្លាច និងផ្តល់ទំនុកចិត្តទៅវិញទៅមករវាងប្រទេសទាំងពីរ ។
.jpg)
ការចាប់ផ្តើមដកសព្វាវុធចេញពីតំបន់ព្រំដែនកម្ពុជា-ថៃ គឺកងទ័ពថៃចង់បង្ហាញពីចេតនារបស់ខ្លួនយ៉ាងច្បាស់ក្នុងការកាត់បន្ថយភាពតានតឹង និងបញ្ហាផ្សេងៗដែលអាចធ្វើឱ្យយល់ខុស ព្រមទាំងបញ្ជាក់ពីការដោះស្រាយជម្លោះដោយសន្តិវិធី ដើម្បីឱ្យពលរដ្ឋទាំងសងខាងអាចរស់នៅដោយសុវត្ថិភាព ។ កងទ័ពថៃសូមបញ្ជាក់ពីគោលជំហរយ៉ាងមុតមាំថា ការដកសព្វាវុធនេះធ្វើឡើងមានការត្រួតពិនិត្យពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ដែលចង់ឃើញពលរដ្ឋនៅព្រំដែនកម្ពុជា-ថៃមានសុវត្ថិភាព ។
ដោយឡែក រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ លោក Natthaphon Narkphanit បានផ្តល់សម្ភាសន៍ជាមួយសារព័ត៌មាននៅវិមានរដ្ឋាភិបាលកាលពីថ្ងៃទី២៨ ខែតុលា ថា ផែនការដកសព្វាវុធរបស់កម្ពុជា-ថៃ ចែកចេញជា៣ដំណាក់កាល និងស្ថិតក្រោមការត្រួតពិនិត្យរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ។
គួរបញ្ជាក់ថា បន្ទាប់ពីនាយករដ្ឋមន្ត្រីកម្ពុជា-ថៃបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាព ដែលមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ជាសាក្សីកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ គឺនៅថ្ងៃដដែលនេះ កម្ពុជាបានចាប់ផ្តើមកែសម្រួលយុទ្ធោបករណ៍ និងអាវុធធុនធ្ងន់មួយផ្នែកនៃជំហ៊ានទី១ ជានិមិត្តរូបរបស់កងទ័ពកម្ពុជា-ថៃ ក្រោមការសង្កេតការណ៍របស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ៕










