ប្រទេសថៃ ៖ នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆាន់វីរៈគូន នឹងធ្វើដំណើរទៅម៉ាឡេស៊ីនៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ ដោយមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ជាសាក្សី ក្រោយពីលុបចោលការធ្វើដំណើរទៅម៉ាឡេស៊ីនៅថ្ងៃទី២៥ ខែតុលានេះ ក្រោមហេតុផលជាប់ភារកិច្ចរៀបចំពិធីបុណ្យសពព្រះមហាក្សត្រី Sirikit Kitiyakara ជាព្រះមាតារបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod ។.jpg)
លោក អានុទីន នាយករដ្ឋមន្ត្រីថៃថា នឹងធ្វើដំណើរទៅប្រទេសម៉ាឡេស៊ីនៅថ្ងៃស្អែក (ថ្ងៃទី២៦ ខែតុលា) ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃតាមការគ្រោងទុក ។ ការចុះហត្ថលេខានេះនឹងផ្តល់សុវត្ថិភាពដល់ពលរដ្ឋថៃ និងការពារអធិបតេយ្យ ហើយលោកនឹងប្រញាប់ត្រឡប់មកប្រទេសថៃវិញឱ្យទាន់ព្រះរាជពិធីបុណ្យសពព្រះមហាក្សត្រី Sirikit Kitiyakara ។.jpg)
នាវេលាម៉ោង១១ព្រឹក ថ្ងៃទី២៥ ខែតុលា នាយករដ្ឋមន្ត្រីថៃបាននិយាយក្រោយបញ្ចប់កិច្ចប្រជុំពិសេសគណៈរដ្ឋមន្ត្រីថា ថ្ងៃទី២៥ ខែតុលានេះ គឺជាថ្ងៃដែលលោកត្រូវធ្វើដំណើរទៅម៉ាឡេស៊ីជាផ្លូវការ ប៉ុន្តែបានលុបចោលការធ្វើដំណើរដោយសារការសោយទិវង្គតរបស់ព្រះមហាក្សត្រី ។ ប៉ុន្តែលោកនឹងទៅម៉ាឡេស៊ីនៅថ្ងៃស្អែក (ថ្ងៃទី២៦ ខែតុលា) ដើម្បីចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដែលមានប្រធានាធិបតីអាមេរិក លោក Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ជាសាក្សី គឺលោកស្នើសុំឱ្យចុះហត្ថលេខានាពេលព្រឹកវិញ និងប្រញាប់ត្រឡប់មកថៃឱ្យទាន់ព្រះរាជពិធីបុណ្យសពព្រះមហាក្សត្រី ។.jpg)
នាយករដ្ឋមន្ត្រីថៃបន្តថា មុនឈានមកដល់ចំណុចនេះ គឺស្ថាប័នពាក់ព័ន្ធ មិនថាក្រសួងការពារជាតិ ក្រសួងការបរទេស និងក្រសួងមហាផ្ទៃ បានចូលរួមចរចាក្នុងកិច្ចប្រជុំ JBC និងកិច្ចប្រជុំ GBC កម្ពុជា-ថៃ រហូតទទួលបានលទ្ធផលឱ្យកម្ពុជាយល់ព្រមអនុវត្តតាមលក្ខខណ្ឌរបស់ថៃ ។ បើកម្ពុជាអនុវត្តលក្ខខណ្ឌ ថៃនឹងពិចារណាថា តើមានការគំរាមកំហែងសន្តិសុខជាតិឬទេ បើគ្មាន យើងនឹងអនុវត្តការទូត ។ បច្ចុប្បន្ន គ្មានអ្វីគួរឱ្យបារម្ភពីការចាញ់ប្រៀបក្រោយការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ឬធ្វើឱ្យបាត់បង់អធិបតេយ្យទេ វាជាការចុះហត្ថលេខាដើម្បីសុវត្ថិភាពរបស់ពលរដ្ឋ រួមទាំងរក្សាអធិបតេយ្យ ។
ដោយឡែក កិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC នៅប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី២៩ ខែតុលា រហូតដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៥ បើគ្មានប្រធានបទសំខាន់ដែលតម្រូវឱ្យមេដឹកនាំប្រទេសថៃចូលរួមពិភាក្សាទេ គឺលោក អានុទីន ប្រគល់តួនាទៅឱ្យលោក សីហស័ក្តិ ពួងកេតកែវ រដ្ឋមន្ត្រីក្រសួងការបរទេសចូលរួមប្រជុំជំនួស ។ រីឯខ្លួនលោក (នាយករដ្ឋមន្ត្រីថៃ) បានតាំងចិត្តរួចហើយ ត្រូវតែនៅប្រទេសថៃចាត់ចែងការងារផ្សេងៗពាក់ព័ន្ធនឹងព្រះរាជពិធីបុណ្យសពព្រះមហាក្សត្រី ។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក Donald Trump បានកំណត់ឱ្យកម្ពុជា និងថៃ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពក្រៅកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសម៉ាឡេស៊ី ពីព្រោះប្រធានាធិបតីអាមេរិកប្រាថ្នាចង់ឃើញប្រទេសទាំងពីរមានសន្តិភាពពិតប្រាកដ និងស្តារទំនាក់ទំនងល្អឡើងវិញ ជាពិសេស បញ្ឈប់សកម្មភាពឈ្លានពានរបស់ថៃមកលើកម្ពុជា ។ នាយករដ្ឋមន្ត្រីកម្ពុជា-ថៃនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពដោយមាន លោក Trump និងប្រធានអាស៊ានជាសាក្សី ៕










