«ទឹកលុយសម្លាប់ទឹកចិត្តខ្ញុំ» គឺជាបទមួយរបស់លោក ឆាយ វីរៈយុទ្ធ ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងដែលចូលរួមសម្តែងដោយ ព្រីម លីហ្សា និងលោក ចា រិទ្ធី ។ ថ្មីៗនេះតារាវ័យក្មេង ទេព ពិសិដ្ឋ បានបកស្រាយបទរបស់រៀមច្បងរូបនេះហើយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីព្រោះបទនេះមានតុងខ្ពស់ដែលពិបាកនឹងច្រៀង។
កាលពីល្ងាចថ្ងៃទី២១ តារាចម្រៀង NPN បានបង្ហោះវីដេអូ ទេព ពិសិដ្ឋ ដែលជាមិត្តសម្លាញ់ទាំងក្នុងនិងក្រៅសិល្បៈដោយបានដាក់ចំណងជើងថា « Me:ពេលមានមិត្តភក្កិច្រៀងពីរោះ»។ NPN ថែមទាំងចំអន់ ទេព ពិសិដ្ឋ ទៀតថា ច្រៀងពីរោះអ៊ីចឹងតើទើបបានលើកពាន។ វីដេអូនេះ ទេព ពិសិដ្ឋ មិនបានច្រៀងបទរបស់ខ្លួនទេ ប៉ុន្តែបានច្រៀងបទរបស់រៀមច្បង ឆាយ វីរៈយុទ្ធ ដែលបានចេញតាំងពី៩ឆ្នាំមុនមកម្ល៉េះតែនៅតែមានភាពល្បីល្បាញ។ បទ «ទឹកលុយសម្លាប់ទឹកចិត្តខ្ញុំ» គឺមានតុងខ្ពស់ដែលអ្នកល្មមៗអាចពិបាកច្រៀងឬច្រៀងមិនដល់តុងជាដើមប៉ុន្តែចំណុចដែលខ្ពស់ ខណៈ ទេព ពិសិដ្ឋ គឺអាចបកស្រាយបាន។

ដ្បិតតែវីដេអូនេះខ្លីត្រឹមតែរយៈពេល១៨វិនាទី ប៉ុន្តែមានការចាប់អារម្មណ៍យ៉ាងខ្លាំងមិនថានៅលើបណ្តាញសង្គមហ្វេកប៊ុកឬទិកតុកនោះទេ។ ទស្សនិកជនបានសរសើរ ទេព ពិសិដ្ឋ ដែលជាតារាចម្រៀងវ័យក្មេងម្នាក់មានទេពកោសល្យអាចបកស្រាយបទចម្រៀងបានច្រើនទម្រង់។ ចំណែកឯអ្នកខ្លះទៀតអស់សំណើចនឹងតារាចម្រៀង NPN ដែលបញ្ចេញសកម្មភាពពេលដែល ទេព ពិសិដ្ឋ កំពុងតែច្រៀង។

គួរឱ្យដឹងថា ទេព ពិសិដ្ឋ បានវិត្តន៍ខ្លួនជាតារាចម្រៀងប្រកបដោយសមត្ថភាពទោះបីជាលែងស្ថិតនៅទ្រនំធំដូចមុនក្តី ប៉ុន្តែប្រជាប្រិយភាពរបស់ ទេព ពិសិដ្ឋ នៅតែប្រសើរថែមទាំងមានបទចម្រៀងផ្ទុះនៅលើទីផ្សារជាច្រើនបទ៕










