ប្រទេសថៃ ៖ អតីតអ្នកនយោបាយថៃ បុគ្គល វីរៈ ស៊ុមក្វាមឃិត កើតទុក្ខមិនសុខចិត្តជាមួយលទ្ធផលកិច្ចប្រជុំពេញអង្គគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ (JBC) នៅខេត្តចន្ទបុរី ប្រទេសថៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ដោយបុគ្គលនេះថា ថៃចាញ់ប្រៀបកម្ពុជាក្នុងកិច្ចប្រជុំ JBC ។ ហេតុនេះ ក៏ប្រកាសប្រមូលពលរដ្ឋថៃទៅដណ្តើមយក និងវាយកំទេ.ចលំនៅឋានពលរដ្ឋខ្មែរនៅភូមិជោគជ័យ (ភូមិណងចាន់) និងភូមិព្រៃចាន់ (ភូមិណងយ៉ាកែវ) នាថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ។
នៅថ្ងៃទី២៣ ខែតុលា បុគ្គល វីរៈ ស៊ុមក្វាមឃិត បានបង្ហោះសារក្នុងហ្វេសប៊ុករបស់ខ្លួននិយាយពីកិច្ចប្រជុំ JBC កម្ពុជា-ថៃ នៅខេត្តចន្ទបុរី ថា ថៃចាញ់ប្រៀបកិច្ចប្រជុំនេះ ឬថៃមានចេតនាលក់ជាតិឱ្យកម្ពុជាម្តងទៀត ទើបធ្វើឱ្យការបណ្តេញពលរដ្ឋខ្មែរចេញពីភូមិជោគជ័យ និងភូមិព្រៃចាន់ ត្រូវអូសបន្លាយពេលយូរ ។ លើសពីនេះ ថៃប្រឈមនឹងការគ្មានសិទ្ធិកាន់កាប់ទឹកដីនៅទីនេះជារៀងរហូត ។
ដូច្នេះ សូមពលរដ្ឋថៃដែលស្រឡាញ់ជាតិទាំងអស់ទៅបំពេញតួនាទីជាជនជាតិថៃ ការពារអធិបតេយ្យភាព និងរក្សាផលប្រយោជន៍ជាតិ តាមច្បាប់មាត្រា៥០ នៃរដ្ឋធម្មនុញ្ញបច្ចុប្បន្ន ។ ពលរដ្ឋថៃដែលស្នេហាជាតិនឹងចូលទៅវាយកំទេចចោលលំនៅឋានរបស់កងទ័ព និងពលរដ្ឋខ្មែរទាំងអស់នៅភូមិជោគជ័យ (ភូមិណងចាន់) ឱ្យខ្ទេចគ្មានសល់ ។ ជួបគ្នានៅភូមិណងចាន់ ឃុំណូនម៉ាកម៉ុន ស្រុកខូកស៊ូង ខេត្តស្រះកែវ នៅថ្ងៃសុក្រ ទី៣១ ខែតុលា ឆ្នាំ២០២៥ នាវេលាម៉ោង១រសៀល ។ សូមពលរដ្ឋទៅជួយគ្នាបំពេញតួនាទីជាជនជាតិថៃ ។
កាលពីខែសីហាកន្លងមក វីរៈ ស៊ុមក្វាមឃិត បានដាក់ពាក្យប្តឹងឱ្យចាប់មេបញ្ជាការយោធភូមិភាគ១ ពីបទពុំបណ្តេញពលរដ្ឋខ្មែរចេញពីភូមិជោគជ័យ និងភូមិព្រៃចាន់ ព្រមទាំងប្តឹងចាប់អភិបាលខេត្តស្រះកែវ ក្រោយពីផ្តល់សម្ភាសន៍និយាយការពិតថា តំបន់ដែលកងទ័ពថៃរាយបន្លាលួសជាទឹកដីរបស់កម្ពុជា ថៃគ្មានឯកសារកាន់កាប់ដីធ្លី ដែលធ្វើឱ្យពលរដ្ឋថៃខឹងសម្បារទូទាំងប្រទេស ។
បុគ្គលនេះតែងតែធ្វើសកម្មភាពអុកឡុក និងចោទប្រកាន់មន្ត្រីរដ្ឋាភិបាលថៃ រហូតធ្វើឱ្យលោកនាយករដ្ឋមន្ត្រី អនុថីន ឆាន់វីរៈគូន មិនពេញចិត្ត ។ លោក អនុថីន និយាយកន្លងមកថា បុគ្គល វីរៈ ស៊ុមក្វាមឃិត មិនធ្លាប់ធ្វើអ្វីជួយជាប្រយោជន៍ដល់ជាតិទេ គឺបានតែស្រែកបង្ករឿងប៉ុណ្ណោះ ។
គួរបញ្ជាក់ថា វីរៈ ស៊ុមក្វាមឃិត បានចំណាយពេលរហូតដល់១៥ឆ្នាំ ដើម្បីឱ្យពលរដ្ឋថៃទូទាំងប្រទេសព្រមទទួលស្គាល់ និងជឿថា ភូមិជោគជ័យ និងភូមិព្រៃចាន់ គឺជាទឹកដីថៃ ។ កន្លងមក បុគ្គលនេះ និងមិត្តភក្តិ៨នាក់ ត្រូវបានកម្ពុជាចាប់ដាក់ពន្ធនាគារចំនួន៣ឆ្នាំ ៦ខែ និង៣ថ្ងៃ ពីបទដើរចូលទឹកដីកម្ពុជាខុសច្បាប់ ទើបបុគ្គលនេះគុំគួន និងសូមឱ្យថៃគ្រប់គ្រងភូមិទាំងពីរឱ្យបាន១០០% ។
រដ្ឋាភិបាល និងកងទ័ពថៃពេលនោះ (នៅឆ្នាំ២០១០) ប្រាប់ឱ្យបុគ្គលនេះព្រមទទួលទទួលកំហុសដើម្បីឱ្យកម្ពុជាដោះលែងពីពន្ធនាគារ ប៉ុន្តែនៅតែពុំទទួលស្គាល់កំហុសរបស់ខ្លួន ។ រហូតមកដល់ពេលនេះ មានរយៈពេល១៥ឆ្នាំហើយ ដែល វីរៈ ស៊ុមក្វាមឃិត ប្រឹងប្រែងធ្វើឱ្យពលរដ្ឋថៃជឿថា ខ្លួនធ្វើសកម្មភាពមានប្រយោជន៍សម្រាប់ជាតិ ប៉ុន្តែថៃបណ្តោយឱ្យពលរដ្ឋខ្មែរចូលមកតំបន់ព្រំដែនខេត្តស្រះកែវ ដូច្នេះ ត្រូវតែបណ្តេញពលរដ្ឋខ្មែរចេញពីលំនៅឋានដើម្បីឱ្យពលរដ្ឋថៃចូលមករស់នៅ ៕










