ប្រទេសថៃ ៖ ក្រុមរួបរួបកម្លាំងដើម្បីទឹកដីការពារអធិបតេយ្យនៅប្រទេសថៃបានប្រមូលផ្តុំគ្នាធ្វើបាតុកម្ម និងដាក់លិខិតទៅរដ្ឋមន្ត្រីក្រសួងការបរទេសនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ដើម្បីលុបចោលកិច្ចប្រជុំ JBC កម្ពុជា-ថៃនៅខែតុលានេះ និងលុបអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០០ និងឆ្នាំ២០០១ ដោយពួកគេចោទប្រកាន់កម្ពុជាបំពា.នយ៉ាងធ្ងន់ធ្ងរលើកិច្ចព្រមព្រៀង ហេតុនេះ ថៃមានសិទ្ធិលុប MOU ទាំង២ច្បាប់ជាឯកតោភាគី ។
នាវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២០ ខែតុលា នៅក្រសួងការបរទេសថៃតាមបណ្តោយផ្លូវស្រ៊ីអយុថាយ៉ា ក្រុមរួបរួបកម្លាំងដើម្បីទឹកដីការពារអធិបតេយ្យដឹកនាំដោយបុគ្គល ពិជិត ឆ័យមង្គល បានប្រមូលផ្តុំគ្នាដាក់លិខិតទៅលោក សីហស័ក្តិ ពួងកេតកែវ រដ្ឋមន្ត្រីក្រសួងការបរទេស ដើម្បីទាមទារឱ្យលុបចោលកិច្ចប្រជុំ JBC កម្ពុជា-ថៃ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែតុលា រួមទាំងទាមទារឱ្យលុប MOU ឆ្នាំ២០០០ និងឆ្នាំ២០០១ ។
ក្រុមបាតុករបានកាន់ទង់ជាតិថៃ និងកាន់ស្លាកសរសេរថា «រួមគ្នាលុបចោល MOU ឆ្នាំ២០០០ និងឆ្នាំ២០០១» និង «បញ្ឈប់ការចរចាក្នុងកិច្ចប្រជុំ JBC» ព្រមទាំងឡើងនិយាយលើរថយន្តដាក់ឧបករណ៍បំពងសំឡេងផងដែរ ក្រោមការពិនិត្យមើលសណ្តាប់ធ្នាប់ពីក្រុមសមត្ថកិច្ចក្រុងបាងកក ។
បុគ្គល ពិជិត ឆ័យមង្គល ដែលតែងតែដឹកនាំក្រុមជ្រុលនិយមធ្វើបាតុកម្មជាញឹកញាប់និយាយថា ថ្ងៃនេះ (ថ្ងៃទី២០ ខែតុលា) ក្រុមរួបរួមកម្លាំងដើម្បីទឹកដីបានធ្វើបាតុកម្មទាមទារឱ្យក្រសួងការបរទេសលុប MOU ទាំង២ច្បាប់ ពីព្រោះវាគ្មានប្រយោជន៍ដល់ស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ ម្យ៉ាងទៀត ក្រសួងការបរទេស និងកងទ័ពថៃកាន់ផែនទីខុសគ្នា ។ បុគ្គលនេះបានចោទប្រកាន់កម្ពុជាបំពាន MOU មិនថាការបាញ់មកលើស្ថានីយប្រេងឥន្ធនៈ បាញ់មន្ទីរពេទ្យក្នុងអំឡុងសង្គ្រាមនៅខែកក្កដា ឆ្នាំ២០២៥ និងបង្កប់មីនបណ្តាលឱ្យកងទ័ព និងពលរដ្ឋថៃរងរបួស-ស្លាប់ ទើបថៃអាចលុប MOU ជាឯកតោភាគី ។
មេដឹកនាំបាតុកម្មបន្តថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហោះសារក្នុងហ្វេសប៊ុកបង្ហាញពីគោលជំហរមិនព្រមបាត់បង់ដែនអធិបតេយ្យភាព និងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជា ទើបក្រុមបាតុករយល់ឃើញថា គួរតែលុប MOU ទាំង២ច្បាប់ និងលុបកិច្ចប្រជុំ JBC កម្ពុជា-ថៃ សិន ពីព្រោះបើបន្តការចរចា គឺមានន័យថា ថៃយល់ព្រមទទួលយកលក្ខខណ្ឌ និងការបំពាន MOU ។
ចំណែកមតិបារម្ភពីការលុប MOU ទាំង២ច្បាប់នឹងជាឧបសគ្គក្នុងកិច្ចប្រជុំទ្វេភាគីទាំង JBC និង GBC នោះ បុគ្គល ពិជិត យល់ថា គ្មានបញ្ហាទេ ភាគីទាំងពីរនៅអាចចរចាទ្វេភាគីបាន បើទោះជាគ្មាន MOU ។ ក្រុមបាតុករនឹងនាំគ្នាតវ៉ាដាក់សម្ពាធកិច្ចប្រជុំ JBC នៅខេត្តចាន់ថាក់បុរី នាថ្ងៃទី២១ ខែតុលា បន្តទៀត ។
គួរបញ្ជាក់ថា នាវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃដដែល ក្រុមបាតុករបានប្រគល់លិខិតឱ្យលោក ថាណុប ប៉ាន់ញ៉ាផាត់តាណាគុន មន្ត្រីតំណាងក្រសួងការបរទេស ខណៈបុគ្គល ពិជិត មេដឹកនាំបាតុកម្មបានអានលិខិតមានខ្លឹមសារថា សូមលុប MOU ឆ្នាំ២០០០ និងឆ្នាំ២០០១ រួមទាំងលុបកិច្ចប្រជុំ JBC កម្ពុជា-ថៃ ក្នុងខែតុលា នៅខេត្តចាន់ថាក់បុរី ដោយសារ MOU មិនបានឆ្លងកាត់ការអនុម័តពីរដ្ឋសភា ហើយទាមទារឱ្យរដ្ឋាភិបាលការពារអធិបតេយ្យ និងឯករាជ្យរបស់ថៃជាបន្ទាន់ ។
តាមការចុះផ្សាយរបស់សារព័ត៌មានថៃ គឺកិច្ចប្រជុំ JBC កម្ពុជា-ថៃ នឹងប្រព្រឹត្តចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ ភាគីថៃបានត្រៀមជូនដំណឹងមកកម្ពុជាឱ្យជ្រាបពីការសាងសង់របងព្រំដែន និងដាក់លក្ខខណ្ឌឱ្យកម្ពុជាជម្លៀសពលរដ្ឋចេញពីតំបន់ភូមិណងចាន់ និងភូមិណងយ៉ាកែវ ខេត្តស្រះកែវ (ទល់មុខភូមិជោគជ័យ និងភូមិព្រៃចាន់) ។ ប៉ុន្តែក្រុមជ្រុលនិយមថៃថា កិច្ចប្រជុំនេះគ្មានប្រយោជន៍ ពួកគេនឹងលើកគ្នាទៅតវ៉ាដល់ខេត្តចាន់ថាក់បុរីនៅថ្ងៃទី២១ ខែតុលា ដើម្បីដាក់សម្ពាធឱ្យលុបចោលកិច្ចប្រជុំ ៕