អ្នកបង្កើតមាតិកា Shuy បានបង្ហាញការហួសចិត្តជាខ្លាំងបន្ទាប់ពីលោកបានទៅកម្សាន្តផ្លូវថ្មើរជើងចតុមុខ (Walk Street) បានឃើញជនបរទេសបន្ទោបង់ខ្វះសណ្តាប់ធ្នាប់នៅទីសាធារណៈរត់រកមន្រ្តីសណ្តាប់ធ្នាប់ឱ្យជួយបែរជាមានការរុញដាក់គ្នាពីមួយទៅមួយ។
នៅយប់ថ្ងៃទី១៩ ខែតុលា អ្នកបង្កើតមាតិកានៅលើបណ្តាញសង្គម Shuy បានបង្ហាញថាលោកក្តៅចិត្តដោយលោកបានទៅលេង Walk Street ហើយបានអង្គុយញុំាអីនៅមាត់ទន្លេប៉ុន្តែមានជនបរទេស៣នាក់មកជក់បារី ស្តោះទឹកមាត់ ជាដើម។ អ្នកបង្កើតមាតិការូបនេះបានបន្តទៀតថា អ្វីដែលកាន់តែលើសលប់ធ្វើឱ្យខ្លួនអត់ទ្រាំមិនបានលើសពីការជក់បារី ស្តោះទឹកមាត់គឺមានជនបរទេសម្នាក់ដោយមិនដឹងថាជាជនជាតិអ្វីនោះទេ គឺបានបន្ទោបង់នៅមាត់ទន្លេ។
អ្នកបង្កើតមាតិកា Shuy បានឱ្យដឹងទៀតថា នៅពេលឃើញដូចនេះលោកបានថតទុករួចហើយដើរទៅប្រាប់សមត្ថកិច្ចដែលដើរល្បាតនៅជិតហ្នឹង ប៉ុន្តែទទួលបានការឆ្លើយតបវិញថាខ្លួនគ្រាន់តែជាអ្នកល្បាតទេដោយឱ្យលោកទៅនិយាយជាមួយនឹងខាងសណ្តាប់ធ្នាប់។ ក្រោយមកលោកក៏បានដើរទៅនិយាយជាមួយនឹងបងៗខាងសណ្តាប់ធ្នាប់ហើយអ្វីដែលខ្លួនទទួលបានគឺមិនមែនជាតំបន់របស់គាត់ ដោយរុញឱ្យលោកទៅខាងតំបន់ផ្សេង។
អ្នកបង្កើតមាតិការូបនេះបានសម្តែងការហួសចិត្តយ៉ាងខ្លាំងព្រោះតែមិនដឹងទៅរកអ្នកណាឱ្យប្រាកដ ដោយគោលបំណងរបស់ខ្លួនគ្រាន់តែចង់ឱ្យសមត្ថកិច្ចឬខាងសណ្តាប់ធ្នាប់អប់រំជនបរទេស៣នាក់នោះ ប៉ុន្តែអ្វីដែលខ្លួនទទួលបានគឺពាក្យថាមិនមែនជាតំបន់របស់ខ្លួន។ ចុងក្រោយនៅពេលរុញគ្នាទៅវិញទៅមក Shuy បាននិយាយថាជនបរទេសនោះដើរទៅណាបាត់ទៅហើយ។
ក្រោយពីអ្នកបង្កើតមាតិការរូបនេះបង្ហោះវីដេអូនេះហើយបានធ្វើឱ្យប្រជាពលរដ្ឋហួសចិត្តយ៉ាងខ្លាំងដោយមានអ្នកខ្លះស្នើឱ្យសមត្ថកិច្ចពាក់ព័ន្ធពិនិត្យលើបញ្ហាមួយនេះព្រោះវាអាចបង្កឱ្យមានផលប៉ះពាល់នៅទីសាធារណៈដែលជាតំបន់ដែលកំពុងទទួលបានការគាំទ្រពីប្រជាពលរដ្ឋនិងជនបរទេសទៅកម្សាន្តនៅថ្ងៃចុងសប្តាហ៍។
គួរជម្រាបជូនថាកាលពីខែសីហា ឆ្នាំ២០២៥ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសហាមដាច់ខាត មិនឱ្យមានការជក់បារី គ្រប់បរភេទ នៅតាមទីសាធារណៈ ជាពិសេសតាមបណ្តោយផ្លូវថ្មើរជើងចតុមុខជារៀងរាល់ថ្ងៃសៅរ៍ និងអាទិត្យ ចាប់ពីម៉ោង៦ល្ងាច រហូតដល់ម៉ោង១១យប់៕